បរទេស៖ ខ្សែប្រយុទ្ធ Robert Lewandowski បាននិយាយកាលពីថ្ងៃចន្ទថា ពេលវេលារបស់គេនៅក្លិប Bayern Munich បានដល់ទីបញ្ចប់ហើយ ប៉ុន្តែ មិនបញ្ជាក់ពីផែនការអនាគតរបស់គេឡើយ ស្របពេលដែលមានព័ត៌មានលេចឮថា ក្លិប Barcelona បានដាក់សំណើមួយដល់រូបគេ។
ខ្សែប្រយុទ្ធអន្តរជាតិប៉ូឡូញរូបនេះ បានប្រាប់អ្នកយកព័ត៌ មានក្នុងកិច្ចសម្ភាសន៍មួយក្នុងទីក្រុង Warsaw ថា៖ «ថ្ងៃនេះ វាមានភាពច្បាស់លាស់ដែលរឿងរ៉ាវរបស់ខ្ញុំជាមួយនឹង Bayern បានឈានដល់ទីបញ្ចប់ហើយ។ ខ្ញុំមិនទាន់គិតដល់កិច្ចសហប្រតិបត្តិការបន្ថែមឡើយ ក្រោយពីមានរឿងរ៉ាវជាច្រើនបានកើតឡើងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ការផ្ទេរនឹងក្លាយជាដំណោះស្រាយដ៏ល្អបំផុត។ ខ្ញុំជឿជាក់ថា Bayern នឹងមិនបង្អាក់ដំណើររបស់ខ្ញុំឡើយ បើទោះបីពួកគេនៅតែអាចក៏ដោយ»។
ស្របពេលដែល Lewandowski នៅជាប់កិច្ចសន្យារយៈពេលតែ១ឆ្នាំទៀត ក្លិប Barcelona បានដាក់សំណើដើម្បីទិញខ្សែប្រយុទ្ធរូបនេះ ក្នុងតម្លៃខ្លួន៣២លានអឺរ៉ូ (ស្មើនឹង៣៤,៥លានដុល្លារអាមេរិក) ដើម្បីចុះហត្ថលេខាជាមួយនឹងកីឡាកររូបនេះ។ ក្នុងកិច្ចសម្ភាសន៍មួយជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានប៉ូឡូញ Eleven Sports PL តារាឆ្នើមវ័យ៣៣ឆ្នាំរូបនេះ បានបង្ហើបប្រាប់ថា រូបគេនឹងរីករាយក្នុងការរស់នៅប្រទេសអេស្ប៉ាញ។ មុននឹងបន្ថែមថា រូបគេមានផ្ទះមួយខ្នងនៅទីក្រុង Mallorca កីឡាករ Lewandowski បានឲ្យដឹងថា៖ «ខ្ញុំគិតថា វាជាកន្លែងដ៏ល្អមួយ ពោលគឺមិនមែនទៅសម្រាកវិស្សមកាលនៅទីនោះឡើយ»៕
ប្រភពព័ត៌មាន៖ Channel News Asia