បរទេស៖ ក្រុមបាល់ទាត់ជម្រើសជាតិអ៊ុយក្រែន កំពុងតែសុបិនចង់ឈ្នះកៅអីក្នុងព្រឹត្តិការណ៍ World Cup ដើម្បីបន្ធូរបន្ថយភាពតានតឹងសម្រាប់ជាតិសាសន៍ដែលដាច់ដោចដោយសង្គ្រាមមួយនេះ នៅពេលដែលពួកគេជួបជាមួយនឹងក្រុមជម្រើសជាតិស្កុតឡេន ក្នុងវគ្គ Playoff ពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅរាត្រីនេះ។
ក្រុមរបស់លោក Oleksandr Petrakov មិនធ្លាប់បានលេងក្នុងការប្រកួតផ្លូវការសូម្បីតែ១លើក បើគិតចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី កាលពីខែកុម្ភៈ។ ការធ្វើដំណើររបស់ពួកគេដើម្បីទៅប្រកួតនៅប្រទេសស្កុតឡេន ត្រូវបានពន្យារពេលកាលពីខែមីនា ដើម្បីផ្តល់ឱកាសដល់ក្រុមជម្រើសជាតិអ៊ុយក្រែន មានឱកាសដើម្បីបំពេញការប្រកួតរបស់ពួកគេ។ ចាប់តាំងពីពេលនោះមក កីឡាករដែលមានមូលដ្ឋាននៅប្រទេសរបស់ពួកគេ ត្រូវបានអនុញ្ញាតឲ្យចាកចេញពីអ៊ុយក្រែន និងហ្វឹកហាត់រួមក្នាក្នុងប្រទេសស្លូវេនី។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយថ្មីៗនេះ កីឡាករជាច្រើនដែលលេងក្នុងក្របខ័ណ្ឌលីគកំពូលរបស់អឺរ៉ុប ក៏បានចូលរួមជាមួយនឹងក្រុមជម្រើសជាតិអ៊ុយក្រែនផងដែរ។ ខ្សែបម្រើប្រយុទ្ធ Oleksandr Zinchenko របស់ក្លិប Manchester City បាននិយាយកាលពីថ្ងៃអង្គារថា៖ «រាល់ប្រជាពលរដ្ឋអ៊ុយក្រែនទាំងអស់ ប្រាថ្នាចង់បានរឿងមួយ គឺការបញ្ឈប់សង្គ្រាម។
ក្រុមជម្រើសជាតិអ៊ុយក្រែន ក៏មានសុបិនផ្ទាល់ខ្លួនរបស់ពួកគេផងដែរ ពោលគឺពួកគេចង់ឈ្នះកៅអីទៅលេង World Cup។ ពួកគេចង់ផ្តល់អារម្មណ៍ដ៏រំជួលចិត្តនេះ ទៅកាន់ប្រជាពលរដ្ឋអ៊ុយក្រែនទាំងអស់ ដោយសារតែពលរដ្ឋអ៊ុយក្រែន សមនឹងទទួលបានសុបិនបែបនេះ ក្នុងពេលនេះ»៕
ប្រភពព័ត៌មាន៖ Channel News Asia