​ការប្រកួតពានរង្វាន់បាល់ទាត់ក្នុងសាល​ថ្នាក់ជាតិ ឆ្នាំ២០២១ (Tiger Futsal Cup 2021) បាន​រក​ឃើញ​ក្រុមខ្លាំងទាំង៤ ដែល​ត្រូវ​ឡើង​ទៅ​ប្រកួតប្រជែង​គ្នា ដណ្តើម​យកពាន​ជា​ផ្លូវការ​ហើយ ខណៈការ​ប្រកួតដំណាក់កាលទី​២ ដែល​ទើបបានបញ្ចប់ កាលពីពេលថ្មីៗ​នេះ ត្រូវបានមន្រ្តី​ជំនាញ​​របស់សហព័ន្ធ​កីឡាបាល់ទាត់កម្ពុជា អះអាង​ថា មាន​គុណ​ភាពខ្ពស់ និង​ស្វិត​ស្វាញ​ខ្លាំង។

​តាម​រយៈការ​ប្រកួត​ដំណាក់កាលទី២ រវាងក្រុមខ្លាំងទាំង​៦ ដែលទើប​បានបញ្ចប់ កាលពី​ថ្ងៃទី​២៩ ខែឧសភា កន្លងមក​នេះ ក្រុម​ The Blue Warriors FC ធ្វើ​បានល្អជាងគេ។ បើទោះបីជា ពួកគេ បានចាញ់ក្រុម​ឪម៉ាល់ ៥-០ ក្នុងការ​ប្រកួត​លើកទី​​៤ កាលពី​ថ្ងៃទី​២២ ខែឧសភា ប៉ុន្តែការ​យក​ឈ្នះក្រុម​ Khmer Norkor FC ៣-១ កាលពី​ថ្ងៃអាទិត្យ កន្លងមកនេះ បានជួយ​ឱ្យ The Blue Warriors ទទួលបាន​ចំណាត់ថ្នាក់លេខ​១ ដោយឈ្នះ​៤ និងចាញ់ត្រឹម​​១​ប្រកួត។

ជាមួយ​លទ្ធផលនេះ ក្រុម The Blue Warriors បាន​ឡើងទៅឈរ​ចាំ​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ដោយស្វ័យប្រវត្តិ ចំណែកក្រុម​ Tai Chi FT ដែល​បានចំណាត់ថ្នាក់លេខ​២ ដោយ​ឈ្នះ​៣ ស្មើ​១ និងចាញ់​១​ប្រកួត នោះ ត្រូវដាក់​ឱ្យ​ឈរចាំ នៅវគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដោយ​ស្វ័យប្រវត្តិ​ផងដែរ។

ចំណែកក្រុម​ឪម៉ាល់ ដែលបាន​លត់ក្រុម​ Bees FC រហូត​ដល់ ២៣-៤ នៅថ្ងៃ​ប្រកួតចុង​ក្រោយ​នោះ បាន​ឈរ​នៅលេខ​៣ ដោយ​ឈ្នះ​៣ ស្មើ​១ និងចាញ់​១ប្រកួត​ដែរ ហើយ​ក្រុមជើងឯក​រង​ច្រើន​សម័យ​កាលមួយនេះ នឹង​ត្រូវ​ប្រកួត​ជម្រុះ​ជាមួយក្រុមលេខ​៤ Khmer Norkor នៅថ្ងៃទី​១២ ខែមិថុនា ដើម្បីយកក្រុម​ឈ្នះ ឡើងទៅជួប​ក្រុម Tai Chi FT នៅ​វគ្គ​១/២​ផ្តាច់ព្រ័ត្រ ប៉ុន្តែ​ក្រុម Young Gun FT និងក្រុម Bees FC បាន​ធ្លាក់​ចេញ​ពីការ​ប្រកួត​នេះហើយ។

ទាក់ទងការ​ប្រកួតនេះ លោក ឃុល ភីរម្យ អ្នកគ្រប់គ្រងបាល់ទាត់ក្នុងសាល នៃ​សហព័ន្ធ​កីឡាបាល់កម្ពុជា បានប្រាប់​កាលពីថ្ងៃ​អង្គារ​ថា៖ ​«​សម្រាប់ការ​ប្រកួត​ដំណាក់កាល​ទី​២ រវាងក្រុមខ្លាំងទាំង​៦​នេះ គឺ​មានកម្រិត​លេងប្រហាក់ប្រហែលគ្នា អ៊ីចឹង​ធ្វើ​ឱ្យកីឡាករ មាន​​ការ​ប្រកួត​ប្រជែងខ្ពស់»។

លោកបាន​បន្ថែម​ថា៖​ «​​តាមរយៈការ​​ប្រកួតប្រជែងនេះ យើងមើលឃើញថា កម្រិត​លេងរបស់ពួកគាត់ មាន​ការ​លូតលាស់  និង​មានកម្រិតខ្ពស់ ជាពិសេស​ហ្គេម​ចុងក្រោយ កាល​ពី​ថ្ងៃទី​២៩ ខែឧសភា កន្លងមកនេះ គឺ​ជា​ហ្គេម ដែលខ្លាំង និងល្អមើល ដោយមាន​អ្នកគាំទ្រ​មកទស្សនា​ច្រើន ទាំង​៣​ប្រកួតតែម្តង ហេតុនេះយើងអាច​វាយតម្លៃ​បាន​ថា ការ​ប្រកួត​បាល់​​ទាត់ក្នុងសាល ក្នុងរដូវ​កាលនេះ មាន​ការ​រីកចម្រើន ទៅលើគុណ​ភាព​ប្រកួត ខ្លាំង​ជាង ការ​ប្រកួត ​កាលពីរដូវ​កាលមុនៗ»៕  ​