ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវ​បើក​ទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីស្វាគមន៍​ក្រុម​ជម្រើសជាតិទីម័រខាង​កើត សម្រាប់ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ នា​ព្រលប់ម៉ោង​៧ ថ្ងៃ​ព្រហស្បតិ៍​នេះ ខណៈការ​វិលមកជួបគ្នាជា​ថ្មីនេះ គ្រូ​​បង្គោល និង​អ្នកដឹកនាំ​របស់​ក្រុមទាំង​២ មានផ្តោត​ទៅលើ​ទិសដី​ខុសគ្នា។

បើទោះបីជា ក្រុមទីម័រ​ខាងកើត ធ្លាប់បាន​ឈ្នះក្រុម​ម្ចាស់​ផ្ទះកម្ពុជា ១-០ ​​សម្រាប់​ការ​ប្រកួតពានរង្វាន់ AFF U23 Championship 2022 នៅពហុកីឡដ្ឋានជាតិនេះ កាលពី​ខែកុម្ភៈ ប៉ុន្តែគ្រូ​បង្គោល​ក្រុមទីម័រ លោក Fábio Joaquim Maciel da Silva បាន​មើល​ឃើញ​ថា ការវិលមកជួបគ្នាជាថ្មីនេះ វា​នឹង​ក្លាយជា​ការ​ប្រកួត​ដ៏​តានតឹង ជាមិនខាន​ឡើយ។

គ្រូ​បង្វឹក​ក្រុមជម្រើសជាតិទីម័រខាងកើត រូបនេះ បាននិយាយ ក្នុង​សន្និសីទកាសែត កាលពី​ថ្ងៃពុធ​ថា៖ «ខ្ញុំសប្បាយ​​ចិត្ត ដែលបាន​មកកម្ពុជាម្តងទៀត ហើយសម្រាប់ការ​ប្រកួតនេះ ខ្ញុំគិតថា នឹង​មាន​ភាព​ស្វិតស្វាញ ព្រោះកម្រិតលេងរបស់ក្រុម​ទាំង២​នេះ មិនលើស​ខ្វះគ្នាប៉ុន្មានទេ អ៊ីចឹងវានឹង​បង្កើត​ឱ្យមាន​ភាពទាក់ទាញ សម្រាប់អ្នកគាំទ្រ ឱ្យចូល​រួម​ទស្សនា​ផ្ទាល់ពេញកីឡដ្ឋាន ជា​មិនខាន​ឡើយ ហើយទស្សនីយភាព​ល្អៗជាច្រើន នឹងកើតមានឡើង សម្រាប់ការ​ប្រកួត​នេះ»។

ជាមួយគ្នា​នេះ លោក Fábio Joaquim Maciel da Silva បាន​គិត​ទុក​រួច​ទៅ​ហើយ​ថា កូនក្រុម​របស់​លោក នឹង​ទទួលបាន​ផលចំណេញ ពីការ​ប្រកួត ដែលមាន​អ្នកគាំ​ទ្រ ចូល​រួម​ច្រើន នៅថ្ងៃនេះ។ «ទីម័រ​ មិនមានការ​ប្រកួត​ជម្រុះ​អ្វី​ទៀត​នោះទេ អ៊ីចឹងការ​ប្រកួតនេះ វាជាបាន​ក្លាយ​ជា​ឱកាស​ដ៏ល្អ​ សម្រាប់​កីឡាករ​​​វ័យ​ក្មេង​របស់​យើង បាន​ដកស្រង​បច្ចេកទេស និងពង្រឹងសមត្ថភាពបន្ថែម»។

លោក​បាន​បញ្ជាក់​ថា៖​«​ការ​ជួបគ្នាលើក​នេះ វា​ក៏​នឹង​ជួយ​ពង្រឹងស្មារតី​ដល់កីឡាករ​វ័យ​ក្មេង​របស់​យើង​​ផងដែរ ព្រោះ​ទាំងការ​ប្រកួត​ក្នុងស្រុក និងការ​​ទៅនៅ​ប្រទេស​ផ្សេងៗ គឺ​មិនមានអ្នកគាំទ្រច្រើន ដូច​នៅកម្ពុជា​នោះទេ អ៊ីចឹងការមកប្រកួត នៅ​កម្ពុជា​នេះ វានឹង​ជួយ​ឱ្យ​កីឡាករ​របស់យើង អាចសម្របខ្លួន ទៅនឹងការប្រកួតធំៗ នៅលើឆាកអន្តរជាតិបាន​កាន់​តែ​ល្អ នា​ពេលខាងមុខនេះ»។

ចំណែក​លោក Keisuke Honda អ្នកចាត់ការ​ទូទៅក្រុមជម្រើសជាតិកម្ពុជា បាន​អះអាង​ថា ក្រុម​គោព្រៃ​កម្ពុជា ត្រូវ​យក​ឈ្នះ​ការ​ប្រកួត​ឱ្យបាន ដើម្បី​លុប​លាង​ការ​បរាជ័យ នាជំនួបក្នុង​ពាន​ AFF U23 Championship ឆ្នាំ២០២២ ប៉ុន្តែ​លោក​បាន​គិត​ទុក​រួច​ទៅ​ហើយ​ថា ការ​ចង់សម្រេច​បំណង​នេះ វាមិនមែនជា​រឿង​ងាយ​ស្រួល​នោះ​ទេ។

លោក Honda បាន​និយាយ នៅ​ក្នុងសន្និសីទកាសែត កាលពី​ថ្ងៃពុធនោះ​ដែរ​​ថា៖ «យើង​មាន​ការ​ប្រកួត AFC Asian Cup ដ៏សំខាន់ នៅឥណ្ឌា អ៊ីចឹងការ​ជួបក្រុមទីម័រ លើក​នេះ ជា​ការ​ប្រកួត​ត្រៀមខ្លួន​ដ៏​ល្អមួយ ហើយការប្រកួតនេះ យើងត្រូវការ​ឈ្នះ ព្រោះយើងបានដឹង​ហើយថា កាលពីប្រកួត​ពាន​ AFF U23 Championship យើង​បាន​ចាញ់ក្រុមទីម័រ»។

វីរបុរសបាល់​ទាត់របស់ជប៉ុន​រូបនេះ បាន​បន្ថែម​ថា៖«​ការ​ជួប ទីម័រ មិនមែន​ជា​ការ​ប្រកួត​ដ៏ងាយស្រួល​មួយ​នោះទេ ព្រោះ ទីម័រ ជា​ក្រុម ដែលមានកីឡាករ មានទេព​កោសល្យច្រើន។ បើទោះបី​ជា​កាយ​សម្បទារបស់ពួកគាត់ មិនសូវ​ខ្ពស់ និងធំ ប៉ុន្តែ​ជាក្រុម​មួយ ដែលមាន​កីឡាករ មានបច្ចេក​ទេស​ខ្ពស់ អ៊ីចឹង​​យើងត្រូវមាន​ការប្រុង​ប្រយ័ត្ន ហើយយើង​ក៏​ត្រូវ​ការ​តេស្តសមត្ថភាពកីឡាករ​របស់យើង​ដូចគ្នា ដើម្បីត្រៀមការប្រកួត នៅ​ឥណ្ឌា ផងដែរ»៕