អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា និងក្លិបប្រដាល់ឡុងហាយ (Loonghai Fight Club) ក្រោមអធិបតីភាពរបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ បានសម្រេចចុះកិច្ចសហប្រត្តិការរួមគ្នាមួយ ដោយផ្តោតសំខាន់ ទៅលើការបង្កើតព្រឹត្តិការណ៍ប្រកួត ការផ្សព្វផ្សាយ និងការលើកកម្ពស់វិស័យកីឡាប្រពៃណីប្រដាល់គុនខ្មែរ តាមរយៈការប្រកួតឃីកបុកស៊ីង ដើម្បីធ្វើឱ្យប្រភេទកីឡាប្រពៃណីរបស់កម្ពុជាមួយនេះ កាន់តែមានសក្តានុពល និងកាន់តែមានឈ្មោះបោះសំឡេង នៅលើពិភពលោក។
យ៉ាងណាក៏ដោយ នៅមុនការឈានមកដល់ ការចុះកិច្ចសហប្រតិបត្តិ កាលពីថ្ងៃទី៣០ ខែឧសភា កន្លងមកនេះ ម្ចាស់ក្លិបប្រដាល់ឡុងហាយ និងក្រុមការងាររបស់ខ្លួន បានរួមចំណែកខ្លះហើយ ក្នុងការជួយប្រដាល់គុនខ្មែរ ជាពិសេសសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា ដើម្បីឱ្យក្រុមជម្រើសជាតិឃីកបុកស៊ីង អាចបង្កើតបានកំណត់ត្រាប្រវត្តិសាស្រ្ត ចំពោះការឈ្នះបានមេដាយមាស នៅស៊ីហ្គេម ជាលើកដំបូង។
ចំណែកលោក GUO YANG អគ្គនាយករបស់ក្លិបប្រដាល់ឡុងហាយ បានបង្ហាញភាពរីកខ្លាំង ចំពោះការចុះកិច្ចសហប្រត្តិការជាមួយទូរទស្សន៍ជាតិកម្ពុជា ដើម្បីរួមគ្នាជួយជំរុញកីឡាប្រពៃណី ជាពិសេសគុនខ្មែរ ឱ្យកាន់តែមានភាពល្បីល្បាញនេះ ព្រោះការងារនេះ វាស្របទៅនឹងចក្ខុវិស័យរបស់ក្លិបនេះតែម្តង។
លោក GUO YANG បាននិយាយថា៖ «ចាប់តាំងពីក្លិប្រដាល់ឡុងហាយ បានបង្កើតឡើង ពួកយើងតែងតែខិតខំផ្សព្វផ្សាយអំពីគុនខ្មែរជារឿយៗ និងមានចក្ខុវិស័យ ក្នុងការបង្កើតការប្រកួតថ្នាក់អន្តរជាតិ នៅក្នុងប្រទេសកម្ពុជា ហើយការងារទាំងនេះ បានធ្វើឱ្យពួកយើងយល់ដឹងកាន់តែស៊ីជម្រៅ ទៅលើវប្បធម៌ខ្មែរ ជាពិសេសគុនខ្មែរ»។
ជាមួយគ្នានេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគាំទ្រពេញទំហឹង ទៅលើការកិច្ចសហប្រតិបត្តិការរបស់ភាគីទាំង២នេះ ដោយលោកបានថ្លែងថា៖ «ខ្ញុំពិតជាគាំទ្រ ចំពោះភាគីទាំង២ ដែលមានឆន្ទៈ និងទស្សនវិស័យរួមគ្នា ក្នុងការបង្កើត សម្របសម្រួល និងជំរុញវិស័យកីឡានៅកម្ពុជា ឱ្យកាន់តែរីកចម្រើន»។
លោករដ្ឋមន្រ្តី បានបន្ថែមថា៖ «តាមរយៈមាគាដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាទទួលបាននូវការយកចិត្តទុកដាក់ និងគាំទ្រយ៉ាងពេញទំហឹងលើគ្រប់វិស័យពីមិត្តចិន ពិសេសនៅចន្លោះពេលវិបត្តិជំងឺកូវីដ១៩ ដោយមិត្តចិន បានជួយផ្តល់ជំនួយវ៉ាក់សាំងយ៉ាងច្រើនមកកម្ពុជា។ ចំណែកកិច្ចសហប្រត្តិការនេះ ក្លិបប្រដាល់ឡុងហាយ នឹងជួយទំនុកបម្រុង ស្វែងរកដៃគូ និងអភិវឌ្ឍកីឡាប្រយុទ្ធរបស់ប្រទេសទាំង២ ឱ្យឈានទៅដល់កម្រិតអន្តរជាតិ ថែមទៀត»។
គួររំឭកថា នៅក្នុងរយៈពេលជិត២ឆ្នាំនេះ ក្លិបប្រដាល់ឡុងហាយ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយជ្រោមជ្រែង ដល់សហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា ដោយក្លិបនេះ បានបញ្ជូនគ្រូជំនាញរបស់ខ្លួន គឺលោក CHEN YAHONG មកជួយបង្វឹក ដើម្បីបំពេញជំនាញ និងបច្ចេកទេសថ្មីៗ នៃប្រដាល់ឃីកបុកស៊ីងនេះ ទៅឱ្យក្រុមជម្រើសជាតិឃីកបុកស៊ីង កម្ពុជា ដែលសុទ្ធតែមានប្រភពចេញពីប្រដាល់គុនខ្មែរ។
បន្ថែមលើនេះ ក្លិបប្រដាល់ឡុងហាយ ក៏បានសហការជាមួយ WLF និង CAMSOC រៀបចំឱ្យមានព្រឹត្តិការណ៍ «ស្តេចប្រដាល់អង្គរ» ជាប្រវត្តិសាស្រ្ត លើកដំបូង នៅមុខអង្គរ កាលពីខែមេសា ឆ្នាំ២០២២ ដោយព្រឹត្តិការណ៍នេះ ជាការប្រកួតរវាងអត្តពលិកគុនខ្មែរ និងក្រុមជំនាញឃីកបុកស៊ីងរបស់ចិន ហើយការរួចចំណែកនេះ បានជួយឱ្យក្រុមជម្រើសជាតិឃីកបុកស៊ីងកម្ពុជា អាចបង្កើតបានកំណត់ត្រាប្រវត្តិសាស្រ្ត ពេលពួកគេ ចូលរួមការប្រកួតស៊ីហ្គេម នៅប្រទេសវៀតណាម កន្លងមកនេះ ដោយក្រុមនេះ ដណ្តើមបានមេដាយមាស១ ប្រាក់៣ និងសំរឹទ្ធ១។
និយាយផ្តោតទៅលើជ័យជម្នះនេះ លោក GUO YANG បញ្ជាក់ថា៖ «ពួកយើង ពិតជាសប្បាយចិត្ត ដែលកម្ពុជាទទួលបានលទ្ធផលយ៉ាងល្អនេះ ដែលជាមោទនភាពជាតិមួយ សម្រាប់កម្ពុជា និងសម្រាប់ក្លិបប្រដាល់ឡុងហាយផងដែរ ដែលបានចូលជួយ ហើយខ្ញុំសង្ឃឹមថា ការសហការជាមួយទូរទស្សន៍ជាតិកម្ពុជា លើកនេះ នឹងអាចរួមគ្នាបង្កើតកម្មវិធីខ្មែរមួយ ដែលមានស្តង់ដារអន្តរជាតិ ដើម្បីផ្សព្វផ្សាយគុនខ្មែរ ទៅកាន់ពិភពលោក ព្រមទាំងធ្វើឱ្យវិស័យប្រដាល់នៅកម្ពុជា កាន់តែខ្លាំងក្លា និងរីកចម្រើនទៅមុខ។ តាមរយៈការសហការនេះដែរ ក៏នឹងជួយពង្រឹងបន្ថែម នូវវប្បធម៌ និងចំណងមិត្តភាពរវាងប្រទេសទាំង២ ផងដែរ»។
ចំណែកលោក ឃីម វុទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បាននិយាយថា៖ «កិច្ចសហប្រត្តិការនេះ នឹងជួយឱ្យ ទទក ឱ្យកាន់តែមានសមត្ថភាព បទពិសោធ និងធនធាន សម្រាប់រៀបចំព្រឹត្តិការណ៍កីឡា បម្រើអារម្មណ៍ទស្សនិកជន និងនាំឧត្តមភាពកីឡា ឆ្ពោះទៅកាន់អន្តរជាតិ។ ក្លិបប្រដាល់ឡុងហាយ និង ទទក មានទស្សនវិស័យស្របគ្នា ក្នុងការធ្វើបច្ចុប្បន្នភាព លើការរៀបចំកម្មវិធីប្រកួតឱ្យកាន់តែមានលក្ខណៈស្តង់ដារបន្ថែមទៀត»។
លោកបានបន្ថែមថា៖ «ក្រៅពីកិច្ចសហប្រត្តិការក្នុងស្រុក ភាគីទាំង២ កំពុងរៀបចំក្រុមការងារជំនាញ ដើម្បីពិនិត្យលទ្ធភាព និងដោះស្រាយបញ្ហាប្រឈម ដើម្បីនាំកម្មវិធីផ្សាយពីកម្ពុជា ទៅចិន និងនាំមកវិញ នៅកម្មវិធីកីឡាប្រដាល់ធំៗរបស់ចិន អ៊ីចឹងក្រុមការងារនេះ នឹងក្លាយជាធនធានមួយ សម្រាប់ទទក ត្រៀមខ្លួនចូលរួមការផ្សាយផ្ទាល់ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា»៕