បរទេស៖ តារាឆ្នើម Gareth Bale បានចាត់ទុកការឈ្នះកៅអីទៅ World Cup របស់ក្រុមបាល់ទាត់ជម្រើសជាតិវេលស៍ជាលើកដំបូង បើគិតចាប់តាំងពីឆ្នាំ១៩៥៨ ជាលទ្ធផលដ៏អស្ចារ្យបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ ក្រោយពីការដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ១-០ លើក្រុមជម្រើសជាតិអ៊ុយក្រែន ក្នុងទីក្រុង Cardiff បានរារាំងប្រទេសដែលដាច់ដោចដោយសង្គ្រាមមួយនេះ ក្នុងការឈ្នះកៅអីទៅកាន់ប្រទេសកាតា។
ការស៊ុតបាល់ពិន័យ Free-kick របស់ Bale ដែលត្រូវបានធ្វើឲ្យចូលទីខ្លួនឯង ដោយប្រធានក្រុមនៃក្រុមជម្រើសជាតិអ៊ុយក្រែន Andriy Yarmolenko បានកាត់សេចក្តីក្នុងការប្រកួតរវាងក្រុមទាំង២ បើទោះបីភ្ញៀវបានគ្រប់គ្រងការប្រកួតស្ទើរតែទាំងស្រុងនៅកីឡដ្ឋាន Cardiff City ក៏ដោយ។ Bale ដែលកាលពីមុនបានជួយឲ្យក្រុមជម្រើសជាតិវេលស៍ ឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Euro ឆ្នាំ២០១៦នោះ បាននិយាយថា៖ «លទ្ធផលនេះ គឺជាលទ្ធផលដ៏អស្ចារ្យបំផុត នៃកីឡាបាល់ទាត់វេលស៍។ នេះគឺជាសុបិនដែលក្លាយជាការពិត។
ខ្ញុំគ្មានពាក្យអ្វីត្រូវនិយាយឡើយ ពីព្រោះយើងពិតជារីករាយណាស់។ យើងបានធ្វើសម្រាប់រាល់អ្នកគាំទ្ររបស់យើង ក្នុងប្រទេសនេះ។ ពាក្យសម្តីនានា មិនអាចបង្ហាញពី អារម្មណ៍របស់យើងក្នុងពេលនេះបានឡើយ»។ ក្រុមជម្រើសជាតិអ៊ុយក្រែន បានធ្វើឲ្យប្រទេសរបស់ខ្លួនមានមោទនភាពតាមរយៈការផ្តួលក្រុមជម្រើសជាតិស្កុតឡេន ក្នុងលទ្ធផល ៣-១ កាលពីថ្ងៃពុធ ទី១ ខែមិថុនា ក្នុងការប្រកួតផ្លូវការជាលើកដំបូងរបស់ពួកគេ បើគិតចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី៕
ប្រភពព័ត៌មាន៖ Channel News Asia