បរទេស៖​ Gavi បានក្លាយ​ជា​អ្នក​រក​បាន​គ្រាប់បាល់​វ័យ​ក្មេង​បំផុត​របស់ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អេ​ស្ប៉ាញ ហើយ​កីឡាករ Inigo Martinez បាន​តែត​បាល់​តាមស្មើ​នៅជិត​បញ្ចប់​ការ​ប្រកួត ខណៈ​ដែលក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អេ​ស្ប៉ាញ បាន​បញ្ចប់​ក្នុងលទ្ធផល​ស្មើ ២-២ ជាមួយនឹងក្រុម​ជម្រើស​ជាតិ​សា​ធារណៈរដ្ឋ​ឆែក ក្នុង​ការ​ប្រកួត Nations League នៅ​ទីក្រុង Prague កាលពីថ្ងៃ​អាទិត្យ​។

Gavi បាន​ស៊ុត​បាល់​កោង​ចូល​ទី​ដោយ​ជើង​ឆ្វេង​របស​គេ ​យ៉ាង​ល្អ ក្នុង​វ័យ​ត្រឹម​តែ​១៧ឆ្នាំ និង​៣០៤​ថ្ងៃ ដើម្បី​តាមស្មើ​​ក្នុងលទ្ធផល ១-១ ត្រឹម​តង់ទី​១​។ ស្រប​ពេល​ជាមួយ​គ្នានេះ Cristiano Ronaldo បាន​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ព័​រ​ទុយ​ហ្គាល់ លត់​ក្រុម​ជម្រើស​ជាតិស្វ៊ីសយ៉ាង​ចាស់​ដៃ ក្នុង​ការ​ប្រកួត Nations League​ នៅ​ថ្ងៃ​ដដែលនោះ​។ Ronaldo បាន​ស៊ុត​បាល់បញ្ចូល​ទី​២​គ្រាប់ ក្នុង​ចំណោម​គ្រាប់​បាល់​ទាំង​៤​គ្រាប់ នៅ​តង់ទី​១ ហើយទំនង​ដូច​ជា​បាន​រក​​គ្រាប់បាល់​ទី​៣​ទៅហើយ ប៉ុន្តែ បែរ​ជា​​ត្រូវ​បាន​ចាត់ទុក​ថា ជាគ្រាប់បាល់ Offside ទៅ​វិញ ខណៈ​ដែល​ព័រ​ទុយហ្គាល់ ផ្តួល​ក្រុមជម្រើស​ជាតិ​ស្វ៊ីស ក្នុងលទ្ធផល ៤-០​។

តារាឆ្នើម​របស់​ក្លិប Manchester United រូបនេះ បាន​ជួយ​ឲ្យ William Carvalho រក​បាន​គ្រាប់បាល់​បើកឆាក ហើយ Joao Cancelo បាន​បំពេញ​ជ័យ​ជម្នះ​របស់​ក្រុម​ខ្លួន ដើម្បី​ជួយ​ឲ្យ​ព័រ​ទុយ​ហ្គាល់ ឡើង​ឈរ​លើ​កំពូល​តា​រាង​នៃ​ League A ក្នុង​ពូល 2 ដោយ​សារ​តែ​មាន​គ្រាប់បាល់ច្រើន​ជាង​ក្រុម​ជម្រើស​ជាតិ​ឆែក​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia