ក្រុមនារីជម្រើសជាតិហុកគីកម្ពុជា ដែលបាន​ចាក​ចេញពីមាតុប្រទេស កាលពី​ថ្ងៃទី​២ ខែមិថុនា នោះ បានកំពុងនឹង​​ផ្តោតខ្លាំង ទៅលើ​ការ​ប្រកួត​វគ្គ​​ជម្រុះ​កីឡា​អាស៊ី (Womens ASIAN Games 2022) នៅទី​ក្រុងហ្សាកាតា ប្រទេស​ឥណ្ឌូនេស៊ី ដែលនឹងចាប់ដំណើរ​ការ​ប្រកួត នៅ​ថ្ងៃ​ចន្ទ​នេះ។

បើទោះបីជា​ការ​ប្រកួត​ជម្រុះ​កីឡា​អាស៊ី នៅប្រទេសឥណ្ឌូនេស៊ីនេះ ក្រុមនារីហុកគីកម្ពុជា ត្រូវ​ប្រឈមជាមួយក្រុម​ខ្លាំងៗ ដូចជាម្ចាស់​ផ្ទះ ឥណ្ឌូនេស៊ី អ៊ូ​បេ​គី​ស្ថាន ស្រីលង្កា ហុងកុងឆៃណា កា​ហ្សា​ក់​ស្ថាន និង​ប្រទេស​សិង្ហ​បុរី ដើម្បីប្រជែង​យក​កៅអី ឡើង​ទៅប្រកួត​នៅវគ្គ​បន្ត នៃ​ការ​ប្រកួត Womens ASIAN Games 2022 នេះ នៅ​ប្រទេស​ចិន ប៉ុន្តែ​ថ្នាក់ដឹកនាំ​របស់​សហព័ន្ធ​​កីឡា​ហុកគីកម្ពុជា បានដាក់ក្តីសង្ឃឹមខ្ពស់​ថា ក្រុម​នារី​របស់កម្ពុជា មួយនេះ នឹង​អាចជម្នះ​ឧបសគ្គទាំង​នេះ ដើម្បីបាន​ឡើង​ទៅវគ្គ​បន្ត។

លោក កាំ​ង សុធា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ហុក​គី​កម្ពុជា ដែល​កំពុង​ដឹកនាំ​ក្រុមនារី​ហុកគីកម្ពុជា នៅ​ប្រទេសឥណ្ឌូនេស៊ី នោះ បាន​និយាយ​​ថា៖ ​«នៅក្នុងចំណោមប្រទេស​ទាំង​៧​នេះ គឺ​គេ​ជម្រុះ​យក​៤​ក្រុម ដើម្បី​ឡើង​ទៅប្រកួត​វគ្គបន្ត ហើយ​កម្ពុជា បានដាក់ក្តីសង្ឃឹម​ថា យើង​ត្រូវការ​ឈ្នះ ដើម្បី​បាន​ឡើងទៅលេង​នៅ​វគ្គ​បន្តកីឡាអាស៊ី​នេះ នៅប្រទេស​ចិន គឺ​យើងមិនចង់​ក្លាយ​​ជា​ក្រុម​១ ក្នុងចំណោម​៣​ក្រុម​ចុង​ក្រោយ ដែល​ត្រូវបានកាត់​ចេញ​នោះទេ»។

យ៉ាងណាមិញ សម្រាប់​ការ​ប្រកួត​បើក​ឆាក នៅ​ថ្ងៃចន្ទ​នេះ ក្រុមនារី​ហុកគី​កម្ពុជា ត្រូវជួបក្រុម​នារីហុងកុង​ឆៃណា នា​រសៀល​ម៉ោង​៤ ហើយការ​ប្រកួត​បើក​ឆាកនេះ ត្រូវបានគេ​មើល​ឃើញ​ថា នឹង​មាន​ភាពតានតឹងខ្លាំង សម្រាប់​ក្រុមកម្ពុជា។ តែទោះបីជា​យ៉ាង​ណា កម្ពុជា បាន​តាំងចិត្ត​លេង​ដោយ​ទំនុកចិត្ត ដើម្បី​ស្វែង​រក​លទ្ធផល​ឈ្នះ។

លោក កាំ​ង សុធា បានបញ្ជាក់​ថា៖​ «សម្រាប់ការ​ប្រកួតជាមួយ​ក្រុមហុងកុងឆៃណា នៅ​ថ្ងៃ​នេះ យើង​មិន​គិត​ថា គេមានកម្រិត​បច្ចេក​ទេសលើសយើង ឬ​យើង​លើស​គេ​នោះ​ទេ គឺ​សំខាន់​យើង​ត្រូវតែ​គិត​ថា យើងនឹង​អាចឈ្នះគេ​បាន ឬមាន​ប្រៀប​លើ​គេ ព្រោះ​វាទាល់តែ​យើង​ដាក់ចិត្ត​បែប​នេះ ទើប​យើងអាច​យក​ឈ្នះគេ​បាន និង​​មានឆន្ទៈខ្ពស់ ក្នុងការ​ប្រកួតប្រជែង​ជាមួយ​ក្រុម​ផ្សេងៗ​ទៀតបាន»៕