បរទេស៖ លោក Roberto Mancini បាននិយាយកាលពីថ្ងៃចន្ទថា Wilfried Gnonto មិនគួរដាក់សម្ពាធលើខ្លួនឯងឡើយ បើទោះបីការបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុមជម្រើសជាតិអុីតាលីរបស់ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ បានផ្តល់ការរំភើបដល់អ្នកគាំទ្រ ដែលនៅតែខកចិត្តនៅឡើយ ក្រោយពីក្រុមរបស់ពួកគេមិនបានឈ្នះកៅអីទៅលេងក្នុងយុទ្ធនាការ World Cup។
ខ្សែប្រយុទ្ធ Gnonto របស់ក្លិប FC Zurich បានជួយឲ្យ Lorenzo Pellegrini រកបានគ្រាប់បាល់ ក្រោយពីបានចូលលេងក្នុងនាមជាកីឡាករបម្រុង ក្នុងពេលក្រុមខ្លួនបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ជាមួយនឹងក្រុមជម្រើសជាតិអាល្លឺម៉ង់ ក្នុងការប្រកួតក្នុងយុទ្ធនាការ National League ហើយអុីតាលី ទំនងដូចជាស្ថិតក្នុងរូបរាងថ្មី ក្រោយពីមិនបានដាក់កីឡាករភាគច្រើនដែលបានឈ្នះពាន Euro ឆ្នាំ២០២០ ឡើយ។
ជាមួយគ្នានេះ លោកគ្រូបង្វឹក Mancini បាននិយាយថា Gnonto ត្រូវតែលេងដោយគ្មានសម្ពាធ ក្នុងល្បឿនដើម្បីអភិវឌ្ឍ ក្រោយពីបានផ្ទុះការចាប់អារម្មណ៍ខ្លាំងលើកីឡាករវ័យ១៨ឆ្នាំរូបនេះ នៅមុនពេលការប្រកួតជាមួយនឹងក្រុមជម្រើសជាតិហុងគ្រី ក្នុងការប្រកួត League A នៃពូល 3។ លោក Mancini បានប្រាប់អ្នកយកព័ត៌មានថា៖ «រូបគេមានវ័យត្រឹមតែ១៨ឆ្នាំប៉ុណ្ណោះ ហើយរូបគេមិនគួរមានសម្ពាធខ្លាំងពេកឡើយនៅលើរូបគេ។ រូបគេចាំបាច់ត្រូវតែលេងដោយមានសេរីភាព ដើម្បីអភិវឌ្ឍ»៕
ប្រភពព័ត៌មាន៖ Channel News Asia