បរទេស៖ ខ្សែ​ប្រយុទ្ធ Harry Kane ប្រធាន​ក្រុម​នៃក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អង់គ្លេស រក​បាន​​គ្រាប់​បាល់​អន្តរ​ជាតិលើក​ទី​៥០​របស់​គេ កាលពីថ្ងៃអង្គារ តាមរយៈ​ការ​ស៊ុត​បាល់​ប៉េណាល់ទី​​នៅ​ជិត​បញ្ចប់ការ​ប្រកួត ក្នុង​ទីក្រុង Munich ដើម្បី​​ដណ្តើម​បាន​លទ្ធផលស្មើ ១-១ ជាមួយ​នឹង​ក្រុម​បាល់ទាត់​ជម្រើស​ជាតិអាល្លឺ​ម៉ង់ ក្នុងការ​ប្រកួត Nations League​។

ក្រុម​ជម្រើស​ជាតិ​​អាល្លឺ​ម៉ង់ បាន​បំ​បែក​ពង​មាន់ នៅ​ពេល​ដែល​កីឡាករ  Jonas Hofmann បាន​ជួយ​ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ​រក​បាន​គ្រាប់បាល់​នាំមុខមុន នៅកីឡដ្ឋាន Allianz Arena ប៉ុន្តែ Kane បានរក​គ្រាប់​បាល់​តាម​ស្មើ​វិញ​ពី​ចំណុច​ពិន័យ​១១​ម៉ែត្រ កនៅ​រយៈពេល​២​នាទី​​ចុងក្រោយ​។ ខ្សែ​ការ​ពារ​អន្តរ​ជាតិអាល្លឺ​ម៉ង់ Nico Schlotterbeck បាន​ប្រព្រឹត្ត​កំហុស​លើ Kane ក្នុង​តំបន់​គ្រោះ​ថ្នាក់ ហើយ​​គ្រាប់​បាល់​ប៉េណាល់ទី​ ត្រូវ​បាន​ផ្តល់​ឲ្យ​ ក្រោយពីការ​ពិនិត្យ​វីដេអូ​ជំនួយ​ការ​អាជ្ញា​កណ្តាល (VAR)​។ ខ្សែ​ប្រយុទ្ធ​របស់​ក្លិប Tottenham រូប​នេះ បាន​ឡើង​ទៅ​ឈរ​ក្នុង​ចំណាត់​ថ្នាក់​លេខ​២ ក្នុង​បញ្ជី​ឈ្មោះ​អ្នក​រក​បាន​គ្រាប់​បាល់ច្រើន​ជាង​​គេ​គ្រប់​ពេល​ទាំង​អស់​របស់​អង់គ្លេស ក្រោយពី​បាន​ឡើង​ឈរ​ពី​លើ Bobby Charlton ដែល​រក​បាន​គ្រាប់បាល់​សរុប​៤៩​គ្រាប់​។

ក្រុម​របស់​លោក Gareth Southgate នៅ​តែ​ស្ថិត​នៅ​បាត​​តារាង​នៃ​ពូល A3 ក្រោយ​ពី​បាន​រង​បរា​ជ័យ​ក្រោមស្នា​ដៃក្រុម​ជម្រើស​ជាតិហុង​គ្រី ក្នុងលទ្ធផល ១-០ នៅ​ទីក្រុង Budapest កាលពីថ្ងៃ​សៅរ៍ សប្តាហ៍​មុន​។ ក្រុម​ជម្រើស​ជាតិអាល្លឺ​ម៉ង់ ដែល​​នឹង​ត្រូវជួបក្រុម​ជម្រើស​ជាតិ​ហុងគ្រី នៅថ្ងៃ​សៅរ៍ ចុងសប្តាហ៍​នេះ កំពុង​តែ​នាំមុខ​​១​ពិន្ទុ​លើ​អង់គ្លេស ស្រប​ពេល​ដែល​លោក Hansi Flick របស់​អាល្លឺ​ម៉ង់ បាន​បន្ត​ការ​មិនស្គាល់​ចេញ​របស់​លោក​រហូត​ដល់​១១​ប្រកួត បើ​គិត​ចាប់​តាំងពី​ខែ​កញ្ញា​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia