ក្រុមនារីជម្រើសជាតិហុកគីកម្ពុជា នៅតែមិនអាច​កែប្រែកំណត់ត្រា​ចាញ់ នៅពេល​ពួកគេជួប​ក្រុមនារីហុងកុង ក្នុង​ការ​ប្រកួត​បើក​ឆាក ​នៃ​វគ្គ​​ជម្រុះ​កីឡា​អាស៊ី (Women’s ASIAN Games 2022) នៅទី​ក្រុងហ្សាកាតា ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃ​ចន្ទ ហើយ​នៅថ្ងៃ​នេះ ពួកគេ ត្រូវប្រឈម​ការ​ប្រកួត កាន់តែ​តានតឹង។

បើទោះបីជា​ក្រុមនារី​ហុកគីកម្ពុជា បាន​តាំង​ចិត្ត​ប្រកួត ដោយ​គ្មានការ​ភ័យ​ខ្លាច ប៉ុន្តែ​​ក្រុម​ដែលមាន​បទពិសោធ​នៅក្មេង​ខ្ចី​របស់កម្ពុជា​មួយនេះ មិនអាច​លុប​បំបាត់ភាព​ជ្រាំ​ដែល ពេល​ជួប​ក្រុម​នារី​ហុងកុង បាន​នោះទេ ដោយពួកគេ បានបន្តចាញ់ ហុងកុង ៥-០។

តែទោះបីជា​យ៉ាង​ណា ការ​ចាញ់​ក្រុម​ហុងកុង ៥-០ វា​មិន​មែនជា​លទ្ធផលដែល​អាក្រក់ ដូចពេលពួកគេ ចាញ់​ក្រុម​នារីហុងកុង ១៤-០ នាជំនួប​នាពេល​កន្លងមក​នោះ​ទេ ហើយនេះជា​អ្វី ដែល​មន្រ្តីជំនាញ​របស់​សហព័ន្ធ​កីឡាហុកគីកម្ពុជា លោក កាំង សុធា មើល​ឃើញ​ថា ក្រុមនារីហុកគីកម្ពុជា កំពុងមានបច្ចេក​ទេស​កើន​ឡើង និងមានការអភិវឌ្ឍ​សមត្ថភាព ដ៏​គួរ​ឱ្យ​កត់សម្គាល់។

អគ្គលេខាធិការ​សហព័ន្ធ​កីឡាហុកគីកម្ពុជា លោក កាំង សុធា បាន​ប្រាប់ពី​ប្រទេស​ឥណ្ឌូនេស៊ី មក​ថា៖ «​ជាទស្សនៈ​របស់​សហព័ន្ធ​កីឡាហុកគី​កម្ពុជា គឺ​យើង​អត់ចង់បាន​លទ្ធផល​ចាញ់​​បែប​នេះទេ ប៉ុន្តែ​បើ​យើង​ប្រៀប​ធៀប​​ពី​សិទ្ធិផល កន្លងមក ដែល​យើង​ធ្លាប់ចាញ់​ដល់​ហុងកុង ១៤-០ នោះ គឺ​​យើងសង្កេត​ឃើញ​ថា បច្ចេកទេស និងការ​ប្រកួត​របស់យើង ល្អ និងអភិវឌ្ឍទៅមុខ គឺ​សិទ្ធិផល​របស់​យើងមានការ​ល្អប្រសើរជាងមុន»។

ជាមួយគ្នានេះ លោក កាំង សុធា បាន​តម្លាយ​ឱ្យដឹង​ដែរ ការ​ប្រកួតនេះ ក្រុម​នារីហុកគីកម្ពុជា មានជួបការ​លំបាក ក្នុងការ​សម្របខ្លួន ទៅនឹងការ​ប្រកួត នៅ​លើ​ទីលានក្រៅ​សាល ព្រោះ​ពេល​នៅ​ភ្នំពេញ ក្រុមនេះ បាន​ហ្វឹក​ហាត់ នៅលើ​វិញ្ញាសា ​ក្នុង​សាល (Indoor)  ប៉ុន្តែ​បែរជា មក​​ប្រកួត​នៅ​លើ​ទីលាន​ហុកគី ទីវាល ដោយមាន​តារាង​ធំជាង ក្នុងសាល ទៅ​វិញ។

យ៉ាងណាក៏ដោយ សម្រាប់ការ​ប្រកួត​វិលលើក​ទី២ នៅ​រសៀលម៉ោង ២ ថ្ងៃ​អង្គារ​នេះ ក្រុមនារី​ហុកគីកម្ពុជា នឹង​ត្រូវប្រឈម​ការ​ប្រកួត​កាន់តែ​តានតឹង ដោយពួកគេត្រូវ​ប៉ះ​ក្រុមស្រីលង្កា មុនពេល​ពួកគេ បន្ត​ទៅជួបក្រុម​អ៊ូ​បេ​គី​ស្ថាន កា​ហ្សា​ក់​ស្ថាន ​សិង្ហ​បូរី និងក្រុមម្ចាស់​ផ្ទះ​ឥណ្ឌូនេស៊ី។

សម្រាប់ការ​ប្រកួត​នៅថ្ងៃ​នេះ លោក កាំង សុធា បាន​បង្ហើប​ឱ្យ​ដឹង​ថា៖«ចំពោះ​​ក្រុម​ស្រីលង្កា ដែលយើង​ត្រូវជួបជាបន្ត​ទៀត នៅថ្ងៃ​នេះ ក៏​ធ្លាប់បាន​យក​ឈ្នះលើ​ក្រុមនារី​ហុកគី​របស់យើង ច្រើនគ្រាប់​ដែរ តែ​ការជួបគ្នា​លើកនេះ យើងនៅមិនទាន់​ដឹង​ថា លទ្ធផល នឹង​ទៅជា​យ៉ាង​ណា​នោះ​ទេ គឺ​លុះត្រា​តែ​ប្រកួត​ចប់ ទើប​ដឹង ហើយក្រុម​របស់យើង នៅតែ​មាន​ឆន្ទៈខ្លាំង ក្នុង​ការ​ប្រកួតប្រជែង»៕