បរទេស៖ ខ្សែ​បម្រើ​ប្រយុទ្ធ Ajdin Hrustic រក​បាន​គ្រាប់​បាល់​ឈ្នះនៅជិត​បញ្ចប់​ការ​ប្រកួត ដើម្បី​ជួយ​ឲ្យ​​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​​អូស្ត្រាលី ដណ្តើម​បាន​ជ័យ​ជម្នះ​ដ៏​​គួរ​ឲ្យ​រំជួល​ចិត្ត​ក្នុងលទ្ធ​ផល ២-១ លើក្រុម​ជម្រើស​ជាតិ​​អ៊េមី​រ៉ាត​អា​រ៉ាប់​រួម កាលពីថ្ងៃ​អង្គារ និង​ឈាន​ទៅ​កាន់​​វគ្គ​ជម្រុះ​ចុងក្រោយ​ដើម្បី​ប្រជែង​កៅអី​ទៅ World Cup ក្នុង​ប្រទេស​កា​តា នៅ​ចុង​ឆ្នាំនេះ​។

គ្រាប់​បាល់ស៊ុត​បញ្ចូល​ទី​យ៉ាងល្អ​ពី Hrustic របស់​ក្លិប Eintracht Frankfurt នៅ​នាទី ទី​៨៤ បាន​កាត់​សេចក្តីក្នុងការ​ប្រកួត​ដ៏តាន​តឹង​​រវាងក្រុម​ខ្លាំង​ទាំង​២​ក្នុង​តំបន់​អាស៊ី នៅ​កីឡដ្ឋាន Ahmad bin Ali ដែល​នឹង​ធ្វើ​ជាម្ចាស់​ផ្ទះ​ការ​ប្រកួត៧​លើក​នៃ​យុទ្ធ​នាការ​ World Cup នៅ​ខែ​វិច្ឆិកា​។ អ្នក​គាំទ្រ​​របស់​ក្រុម​ជម្រើស​ជាតិ​អ៊េមីរ៉ាត​អា​រ៉ាប់​រួម​ច្រើន​ជាង​៤០០០នាក់ បានបំពេញ​កៅអី​ច្រើន​ជាង​ពាក់​កណ្តាល នៅ​កីឡដ្ឋាន​​ដែលអាច​ផ្ទុក​អ្នក​គាំទ្រ​បាន​៤ម៉ឺននាក់មួយនេះ ក្នុង​ទីក្រុងដូហា ស្រប​ពេល​​ដែល​កីឡាករ​បាន​ស្គាល់​រស​ជាតិ​​នៃ​ការ​លេង​ក្រោម​ម៉ាស៊ីន​ត្រជាក់ ដែល​​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​​ធ្វើ​ឲ្យ​សីតុណ្ហ​ភាព​ថយ​ចុះ​។

ក្រុម​ជម្រើស​ជាតិ​​អូស្ត្រាលី ដែលនឹង​ត្រូវ​ប៉ះ​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​ប៉េ​រ៉ូ នៅកីឡដ្ឋាន​ដូចគ្នានេះ នៅ​ថ្ងៃ​ទី​១៣ ខែ​មិថុនា ដើម្បី​ប្រជែង​យក​កៅអី​ទៅ World Cup ជាលើក​ទី​៥​ជាប់​ៗ​គ្នានោះ បាន​ជួប​ការ​លំបាក​ក្នុងការ​បង្ហាញពី​កម្រិត​លេង​ឲ្យ​បានល្អ ហើយ​លោក​គ្រូបង្វឹក Graham Arnold បាន​និយាយ​ថា លោក​រំពឹង​ទុក​ថា កីឡាករ​របស់​លោក​នឹង​ធ្វើ​បានល្អ​ប្រសើរ​ជាង​នេះ ក្នុងការ​ប្រកួត​បន្ទាត់​។ លោក Arnold បាន​និយាយ​ថា៖ «ខ្ញុំ​សប្បាយ​ចិត្តតែ​៥០%​ប៉ុណ្ណោះ​ជាមួយនឹងក្រុម​នេះ​។ ខ្ញុំ​គិត​ថា ពួក​គេ​​នឹង​ធ្វើ​បានល្អ​ប្រសើរ​ជាង​នេះ ក្នុង​ការ​ប្រកួត​បន្ទាប់​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia