ក្រុមកីឡាករ កីឡាការិនី​ជម្រើសជាតិបាល់​ទាត់កម្ពុជា ទាំង​ឈុត​អាយុ​លក្រោម​១៦ អាយុ​ក្រោម​១៨​ឆ្នាំ និង​ក្រុមអាយុ​ក្រោម​១៩​ឆ្នាំ សុទ្ធតែ​មាន​ភារកិច្ច ត្រូវចេញ​ទៅប្រកួតប្រជែង​ ក្នុង​​ពាន​រង្វាន់ AFF ដែល​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​កីឡាបាល់​ទាត់​អាស៊ីអាគ្នេយ៍ (AFF) ខណៈការ​ប្រកួតទាំង​៣​កម្រិតនេះ នឹង​ត្រូវ​ធ្វើ​ឡើង នៅ​ប្រទេស​ឥណ្ឌូ​នេស៊ី ទាំង​អស់។

តាម​រយៈការ​ប្រកួត​នេះ ក្រុម​ជម្រើសជាតិបាល់ទាត់​កម្ពុជា អាយុ​ក្រោម​១៩​ឆ្នាំ នឹង​ត្រូវ​ចេញ​ដំណើរ​ទៅ កាន់ការ​ប្រកួតពានរង្វាន់ AFF U19 BOYS CHAMPIONSHIP 2022 នៅ​ប្រទេស​ឥណ្ឌូនេស៊ី។ បើទោះបីជា ពេលនេះ កម្ពុជា បាន​នឹងកំពុង​ធ្វើតេស្ត​ជ្រើសរើស​យក​កីឡាករ ដែលមាន​សមត្ថ​ភាព និងទេពកោសល្យ សម្រាប់​ត្រៀមចូល​រួមការ​ប្រកួត​នេះ ប៉ុន្តែ​​ពានរង្វាន់ AFF U19 ​នេះ បានកំណត់ពេល​វេលា​ប្រកួត​រួចរាល់​ហើយ គឺ​ត្រូវ​ចាប់ផ្តើម​ពីថ្ងៃទី២ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។

ជាមួយគ្នា​នេះ ការចាប់​ឆ្នោតបែង​ចែក​ពូល ក៏ត្រូវបាន​ធ្វើ​រួច​រាល់  កាលពីថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញនេះ ដោយ​ក្នុង​នោះ មាន​២ពូល ហើយ​ក្រុម​U19កម្ពុជា បាន​ឈរ​នៅពូល​B ជាមួយ​ក្រុម​ម៉ាឡេស៊ី ទីម័រ​ខាងកើត ឡាវ និង សិង្ហបុរី។

ចំណែក​ក្រុម​កីឡាការិនី​ជម្រើសជាតិ​កម្ពុជាអាយុ​ក្រោម​១៨ឆ្នាំ នឹង​ត្រូវ​ធ្វើដំណើរ ទៅ​កាន់​ប្រទេស​ឥណ្ឌូនេស៊ីផងដែរ ដើម្បី​ចូល​រួមការ​ប្រកួត​ពានរង្វាន់ AFF U18 WOMEN’S CHAMPIONSHIP 2022 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២២ ខែកក្កដា ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ​២០២២ ហើយតាមការ​ចាប់​ឆ្នោត កាលពី​ម្សិលមិញ គឺ​​ក្រុមនារី​កម្ពុជា បាន​ឈរពូល ​A ជាមួយ​ក្រុម​វៀតណាម ថៃ ឥណ្ឌូនេស៊ី និង​សិង្ហបុរី។

យ៉ាង​ណា​មិញ ក្រុម​យុវជន​ថ្នាល​របស់កម្ពុជា នឹងត្រូវ​ធ្វើ​ដំណើរ​ទៅកាន់ប្រទេស​ឥណ្ឌូនេស៊ី ក្រោយ​​គេ ដើម្បី​ចូល​រួមប្រកួត​ប្រជែង ពានរង្វាន់ AFF U16 BOYS CHAMPIONSHIP 2022 ដែល​នឹង​ប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ ហើយក្រុម​U16កម្ពុជា ឈរ​នៅពូល​C ជាមួយ​អូស្រ្តាលី ម៉ាឡេស៊ី និង​មីយ៉ាន់ម៉ា៕