នៅទីបំផុត ក្រុម​សម្បូរបទពិសោធ​លេង​នៅលើ​ទីលាន​ហ្វុតសាល ឪម៉ាល់អេហ្វស៊ី នៅតែ​អាច​​មានសមត្ថ​ភាព យក​ឈ្នះ​លើ​ក្រុម​ខ្មែរនគរ​អេហ្វស៊ី ជាថ្មីម្តង​ទៀត ដើម្បី​ឡើង​ទៅកាន់​ការ​ប្រកួត​​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រនៃ​ពាន​រង្វាន់​បាល់​ទាត់​ក្នុងសាល ថ្នាក់ជាតិ ឆ្នាំ​២០២១ ដោយ​ពួកគេ ត្រូវ​ជម្នះ​បញ្ជីចាស់​ជាមួយ​ក្រុម Tai Chi FT។

សម្រាប់​យក​ឈ្នះលើ​ក្រុមខ្មែរ​នគរ​អេហ្វស៊ី ៩-៤ សម្រាប់​ការ​ប្រកួត​ខ្វែង​រវាងក្រុម​លេខ​៣ និងក្រុមលេខ​៤ កាលពី​ថ្ងៃអាទិត្យ ម្សិលមិញ​នេះ វាមិន​មាន​អ្វីប្លែក​នោះទេ សម្រាប់​ក្រុមឪម៉ាល់ ព្រោះពួកគេ ធ្លាប់បាន​យកឈ្នះក្រុម​ខ្មែរ​នគរ ដោយ​លទ្ធផល ៧-១ ម្តង​ហើយ សម្រាប់ការ​ជួបគ្នា នៅវគ្គដំណាក់កាលទី​២។

តែ​ទោះបីជាយ៉ាង​ណា ការ​​ប្រកួតគ្នា កាលពី​ម្សិលមិញ​នេះ ក្រុ​ម​ខ្មែរ​នគរ ក៏បាន​ផ្តល់ភាព​ក្តីបារម្ភ ដល់​ក្រុមឪម៉ាល់ ផងដែរ ខណៈពួកគេ អាច​វាយបក​រកបានគ្រាប់បាល់នាំមុន ក្រុមឪម៉ាល់ ៤-២ វិញ នៅក្នុងតង់ទី​២​នោះ ប៉ុន្តែ​ឈាន​ចូលតង់ទី​២ ក្រុមឪម៉ាល់ បាន​ផ្លាស់ប្តូរ​បច្ចេក​​ទេស​លេង ដោយ​ទម្លាក់មកលេង​នៅតំបន់កណ្តាល​ភាគ​ច្រើន រួច​វាយបក​លឿនៗ នៅ​ពេល​បាន​បាល់ ហើយ​តាក់ទិច​មួយនេះ អាច​ធ្វើ​ឱ្យពួកគេ រកបាន៧​គ្រាប់​វិញ ដើម្បី​យក​ឈ្នះក្រុមខ្មែរ​នគរ ៩-៤ យ៉ាងរំភើបបំផុត។

ទាក់ទង​ទៅនឹងបច្ចេក​ទេស​នៃ​ការ​លេង​វាយបក យក​ឈ្នះក្រុមខ្មែរ​នគរ ៩-៤ នេះ កីឡាករ​​ឆ្នើម ឡាក់ ភីរុណ ដែល​រកបាន​៤​គ្រាប់តែ​ម្នាក់ឯង​នោះ បាន​និយាយ ក្រោយ​ការ​ប្រកួត​​ថា៖ «សម្រាប់តង់ទី​១ យើង​ធ្វើ​អត់​សូវបានល្អ​ទេ ហើយវា​ស្របពេល​ក្រុមខ្មែរ​នគរ នៅ​កម្លាំងពេញ​ដូចគ្នា អ៊ីចឹង​យើង​បានកែ​ចំណុច​ខ្វះ​ខាត នៅតង់ទី​១នេះ ហើយ​នៅ​តង់ទី​២ យើង​ធ្វើ​បាន​​ល្អ ខណៈ​ខ្មែរ​នគរ រាងថយកម្លាំង​ខ្លះ​ដែរ»។

យ៉ាង​ណា​ក៏ដោយ បន្ទាប់ពី​​ទម្លាក់ក្រុមខ្មែរ​នគរ នេះ​ហើយ ក្រុមឪម៉ាល់ នឹង​ត្រូវប្រឈម​ការ​ប្រកួត​កាន់តែ​តានតឹង ដោយពួកគេ ត្រូវ​​ឡើង​ទៅ​ជួបក្រុម​ Tai Chi FT ដែលពួកគេ ធ្លាប់​ចាញ់ ២-១ ​នៅវគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ ដោយក្រុមទាំង​២​នេះ នឹងត្រូវ​ប្រកួត​គ្នា នៅ​ថ្ងៃទី​១៩ ខែមិថុនា ហើយក្រុម​ឈ្នះ ត្រូវ​ឡើង​ទៅប្រកួតផ្តាច់​ព្រ័ត្រ ជាមួយ​ក្រុម​ The Blue Warriors FC នៅថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២២។

សម្រាប់ការ​ឡើងទៅជួបក្រុម Tai Chi FT នៅវគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ​នេះ កីឡាករ ឡាក់ ភីរុណ បាន​បញ្ជាក់​ថា៖ ​«តាម​ប្រវត្តិ យើង​ធ្លាប់ជួប​ក្រុម Tai Chi FT រាល់​ឆ្នាំ ដោយ​ក្នុង​១​ឆ្នាំៗ យើង​អាចជួបគ្នា ពី២ទៅ​៣​ប្រកួត ចំណែក​លទ្ធផល មាន​ឈ្នះ មាន​ចាញ់ ប៉ុន្តែ​តិចៗគ្រាប់​ទេ ដោយសារ​ក្រុម​ទាំង​២​នេះ មាន​សមត្ថ​ភាព​ប្រហាក់ប្រហែល​គ្នា»។

ម្ចាស់​អាវ​លេខ​៦ ឡាក់ ភីរុណ បានបន្ថែម​ថា៖ «តែ​ទោះបីជា​យ៉ាង​ណា ក្រុម​ឪម៉ាល់ តែងតែមាន​ឆន្ទៈ​ថា នឹង​បានឡើង​ទៅ​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ ហើយ​ឆ្នាំ​នេះ យើង​ជឿថា នឹង​បាន​ឡើង​ទៅ​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ទៀត ហេតុ​នេះ យើងនឹង​យក​ចំណុច​ខ្វះ​ខាត ពេល​ប្រកួតជាមួយ​ក្រុម​ខ្មែរនគរ នេះ ទៅកែប្រែ​បន្ថែម ដើម្បី​ទៅ​លេង​ជាមួយ​ក្រុម Tai Chi នៅវគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ»៕