បរទេស៖ ក្រុមបាល់ទាត់ជម្រើសជាតិអូស្ត្រាលី បានផ្តួលក្រុមបាល់ទាត់ជម្រើសជាតិប៉េរ៉ូ ក្នុងការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តី កាលពីថ្ងៃចន្ទ ដើម្បីឈ្នះកៅអីចុងក្រោយទី២នាព្រឹត្តិការណ៍ World Cup ជុំផ្តាច់ព្រ័ត្រ ឆ្នាំ២០២២។
ការប្រកួតវគ្គ Playoff រវងក្រុមមកពីអាស៊ី និងអាមេរិកខាងត្បូងមួយនេះ បានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ក្រោយពីរយៈពេល១២០នាទី និងត្រូវបានកាត់សេចក្តី នៅពេលដែលកីឡាករ Alex Valera របស់ក្រុមប៉េរ៉ូ បានស៊ុតបាល់ប៉េណាល់ទីគ្រាប់បាល់ទី៦របស់ក្រុមខ្លួនមិនចូលទី ដែលនាំឲ្យក្រុមជម្រើសជាតិអូស្ត្រាលី ដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ៥-៤ នាកីឡដ្ឋាន Ahmad bin Ali ក្នុងទីក្រុងដូហា។ អូស្ត្រាលី ដែលមានចំណាត់ថ្នាក់លេខ៤២ នៅលើតារាងពិភពលោករបស់ FIFA បានឈ្នះកៅអី World Cup ជុំផ្តាច់ព្រ័ត្រជាលើកទី៦របស់ខ្លួន និងត្រូវធ្វើការប្រកួតបើកឆាកក្នុងពូល D របស់ពួកគេ ជាមួយនឹងក្រុមម្ចាស់ការពារតំណែងជើងឯកបារាំង នៅថ្ងៃទី២២ ខែវិច្ឆិកា។
នេះគឺជាលើកទី២ហើយក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ ដែលអូស្ត្រាលី បានផ្តួល ក្រុមមកពីអាមេរិកខាងត្បូង ក្នុងការស៊ុតបាល់ប៉េណាល់កាត់សេចក្តីក្នុងជម្រុះ World Cup ក្រោយពីពួកគេបានយកឈ្នះអ៊ុយរូហ្គាយ ដើម្បីឈ្នះកៅអីទៅជុំផ្តាច់ព្រ័ត្រ ក្នុងឆ្នាំ២០០៦។ លោក Graham Arnold គ្រូបង្វឹកនៃក្រុមជម្រើសជាតិអូស្ត្រាលី បានឲ្យដឹងថា៖ «អ្វីដែលយើងបានឆ្លងកាត់អស់រយៈពេល១ឆ្នាំកន្លះចុងក្រោយ គឺការមិនអាចវិលទៅអូស្ត្រាលីវិញ ដោយសារតែការឆ្លងរាតត្បាតនៃវីរុសកូវីដ ១៩ ហើយកីឡាករឆ្លងកូវីដ ១៩។ ខ្ញុំពិតជាមានមោទនភាពណាស់»៕
ប្រភពព័ត៌មាន៖ Channel News Asia