បរទេស៖ ក្រុមប្រឹក្សាផ្នែកកីឡាបាល់ទាត់ កាលពីថ្ងៃចន្ទថា កីឡាករបម្រុងចំនួន៥នាក់ នឹងត្រូវប្រើប្រាស់ជាអចិន្ត្រៃយ៍ សម្រាប់រាល់ការប្រកួតធំៗទាំងអស់ និងបានបញ្ជាក់ថា ឧបករណ៍ចាប់ offside បែប 3D ក៏អាចនឹងប្រើប្រាស់ក្នុងការប្រកួត World Cup នៅឆ្នាំនេះផងដែរ។
លោក Gianni Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិហៅកាត់ថា FIFA បាននិយាយថា ការផ្លាស់ប្តូរកីឡាករបម្រុង៥នាក់នេះ ដែលត្រូវបានចាប់ផ្តើមអនុវត្តន៍ក្នុងឆ្នាំ២០២០ ដោយសារតែការឆ្លតរាតត្បាតនៃវីរុសកូវីដ ១៩នោះ ត្រូវបានធ្វើឡើង ក្រោយពីទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីសហគមន៍កីឡាបាល់ទាត់ទាំងមូល។
លោកបាននិយាយថា បន្ទាប់ពីកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាសមាគមកីឡាបាល់ទាត់អន្តរជាតិថា ក្រុមអ្នកជំនាញ នឹងសម្រេចថា តើឧបករណ៍ចាប់ offside ពាក់កណ្តាលស្វ័យប្រវត្តិ នឹងត្រូវប្រើប្រាស់សម្រាប់ការប្រកួត World Cup ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២១ ខែវិច្ឆិកា ឬយ៉ាងណា។ លោក Pierluigi Collina ប្រធានអាជ្ញាកណ្តាលរបស់ FIFA បាននិយាយថា លោកជឿជាក់ថា ប្រព័ន្ធនេះ នឹងត្រូវប្រើប្រាស់ទាន់ពេលសម្រាប់ព្រឹត្តិការណ៍ដែលមានក្រុមចំនួន៣២ក្រុមចូលរួមមួយនេះ៕
ប្រភពព័ត៌មាន៖ Channel News Asia