អ្នក​ចាត់ការ​ទូទៅ​​ក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda បានបញ្ជាក់​ច្បាស់​ហើយ​ថា លោក​ និងក្រុមការងារ បានសម្រេច​នឹង​ប្រើ​ប្រាស់​ច្បាប់ ឬ​ការ​ធ្វើ​សេត្តដ៏​យ៉ាប់​បំផុត ហើយ​នៅក្នុងច្បាប់​នេះ គឺ​បើ​កីឡាករណា រត់មិនបាន ២០,៥ គឺ​មិនអាចក្លាយជា​កីឡាករ​ជម្រើសជាតិ បាននោះទេ។

លោក Honda បាន​និយាយ​នៅចំពោះក្រុម​ជម្រើសជាតិកម្ពុជា ​បន្ទាប់​ពី​បាន​ប្រកួតស្មើ ២-២ ជាមួយក្រុមអាហ្គានីស្ថាន​ថា៖ ​«ខ្ញុំនឹងមិនជ្រើសរើសយកកីឡាករ​នោះ ចូល​ជម្រើសជាតិទេ ប្រសិនបើជាគេរត់មិនដល់ ២០,៥ ហើយ​និយាយឱ្យ​ស្មោះត្រង់​ទៅ វាជាការ​ច្បាស់​​ជ្រើស​​រើស និងការ​​ធ្វើតេស្តដ៏យ៉ាប់ ដែល​ខ្ញុំមិនដែលឃើញច្បាប់​ឆ្កូត​បែបនេះ ពីមុន​មក​នោះ​ទេ ប៉ុន្តែសម្រាប់​ពេលនេះ ខ្ញុំត្រូវតែជ្រើសរើសយកច្បាប់នេះ»។

វីរបុរស​បាល់​ទាត់​របស់​ជប៉ុន​រូប​នេះ បានបន្ថែម​ថា៖ «ដឹងអត់ថា ហេតុអ្វី ខ្ញុំ​មិន​ប្រើ​ច្បាប់ដ៏ចម្លែក​​ហ្នឹង ពីមុនមក? ប៉ុន្តែ​បើសិន​យើង​ចង់ឈ្នះក្រុមទាំងអស់ យើង​ត្រូវ​បើវា​ហើយ ដើម្បីផ្លាស់ប្តូរ​អ្វីមួយដែលប្លែក និងប្រសើរជាងនេះ។ អ្នក​រាល់​គ្នា តែង​និយាយ​ថា ខ្ញុំ​បាន​ប្រឹង​ប្រែង​អស់ពី​សមត្ថភាព​ហើយ! នៅ​ក្នុង​ក្លិប​វិសាខា ភ្នំពេញ​ក្រោន និង​ព្រះខ័ន​រាជស្វាយរៀង ខ្ញុំបាន​ធ្វើជា​រៀង​រាល់​ថ្ងៃ ដោយ​អស់​លទ្ធភាព ​ប៉ុន្តែ​ចំពោះ​ខ្ញុំ មិនគិត​បែប​នេះ​ទេ ព្រោះ​យើងត្រូវ​ដឹង​ថា ពេលនេះ យើងមក​លេង នៅ​ក្នុង​ក្រុម​ជម្រើសជាតិ ដែល​ខ្ញុំឃើញថា យើង​លេង​មិន​សូវរត់សោះនោះទេ»។

ការ​ឈាន​ដល់ ការ​ប្រើ​ប្រាស់​ច្បាប់ថ្មី គឺ​ការ​រត់ទៅមកៗ តាម​របៀប 30-15 intermittent fitness test ឱ្យបាន​ ២០,៥ នេះ ក៏ព្រោះតែ​លោក Honda បាន​មើលឃើញ​យ៉ាង​ច្បាស់ថា កីឡាករ​កម្ពុជា ភាគ​ច្រើន មិនសូវ​រត់ និងរត់មិន​បានយូរ ហើយ​នេះជា​មូល​ហេតុ​ដ៏ចម្បង​មួយ ដែល​ធ្វើ​ឱ្យកម្ពុជា បានចាញ់​​ក្រុម​ម្ចាស់​ផ្ទះ​ឥណ្ឌា ២-០ រួច​បន្តចាញ់ក្រុម​ហុងកុង ៣-០ ជាពិសេស​ការ​ស្មើ​ក្រុម​អាហ្គានីស្ថាន ២-២ សម្រាប់ការ​ប្រកួត​លើក​ចុងក្រោយ នៃ​ពាន​រង្វាន់ AFC Asian Cup កាលពីយប់​ថ្ងៃ​អង្គារ កន្លងមក​នេះ។

វីរបុរស​បាល់​ទាត់​របស់​ជប៉ុន​ លោក Honda បានបន្ថែម​ថា៖ «អ្វីដែល​យើងបាន​ធ្វើ (រត់) គឺ​អាច​បាន សម្រាប់តែ​​ការ​​ប្រកួត​នៅលីគ​របស់យើង ប៉ុន្តែ​ពេលមក​ប្រកួតនៅទី​នេះ ឱ្យក្រុមជម្រើសជាតិ​កម្ពុជា គឺ​មិនដូចគ្នា​ទេ។ ជាក់​ស្តែង សម្រាប់ការ​ប្រកួត​រយៈពេល​២០នាទីដំបូង ពេលប៉ះ​ក្រុម​អាហ្វហ្គានីស្ថាន គឺ​ការ​រត់​របស់​យើង ស្ថិត​នៅក្រោមអាហ្គានីស្ថាន ហើយនេះជា​មូល​ហេតុ ដែល​ខ្ញុំសម្រេច​ថា ត្រូវតែ​ប្រើច្បាប់នេះ បើទោះបីជា​វា​យ៉ាប់​ខ្លាំងក៏ដោយ។

លោកបានបញ្ជាក់ថា៖​«ជាមួយការ​អនុវត្តច្បាប់​នេះ បើសិនជា​យើង​ត្រូវបាន​កោះ​ហៅ​ចូលជម្រើសជាតិ​ហើយ ប៉ុន្តែ​​ការ​ធ្វើ​​សេត្ត រត់មិនបាន​តាមការកំណត់ ២០,៥ យើងនឹង​បញ្ជូន​អ្នក​នោះ​ត្រឡប់​ទៅ​កាន់​ក្លិប​វិញ»។

អ្នកចាត់ការទូទៅ​រូប​នេះ បានសង្កត់​ធ្ងន់ថា៖ «កាល​ខ្ញុំ​នៅលេងជា​កីឡាករ ខ្ញុំធ្វើបាន ២១,៥ ហើយ​ភាគ​ច្រើន ២២ ខណៈពេលនេះ​អ្នកទាំង​អស់​គ្នា មានកាយសម្បទា​ទាប​ជាង​ខ្ញុំ បច្ចេក​ទេស​ក្រោមខ្ញុំ ហើយខ្ញុំ​រត់បាន​ច្រើនជាង​ពួក​យើង អ៊ីចឹង​ថាតើពួក​យើង​អាចឈ្នះខ្ញុំរបៀប​ម៉េច។ ជារួម​យើងមានកាយសម្បទា​តូចជាង​គេ បច្ចេកទេស​អន់ជាងគេ រត់បានតិចជាង​គេ អ៊ីចឹង​តើយើងអាច​យក​ឈ្នះក្រុម​គេ ដោយ​របៀបម៉េច ហេតុ​នេះ​ត្រូវខំប្រឹងរត់ គឺ​រត់ហើយ​រត់​ទៀត ដោយខ្ញុំសង្ឃឹម​ថា ការជួបគ្នា​ម្តង​ទៀត អ្នកទាំងអស់គ្នា នឹង​ធ្វើ​បាន ២០,៥ ឬ​លើស​នេះ ចំណែកខ្លួន​ខ្ញុំ ក៏ដាក់គោល​ដៅ ធ្វើ​ឱ្យបាន​២១​ដូចគ្នា»៕