បរទេស៖ លោក Gianni Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិហៅកាត់ថា FIFA បាននិយាយថា លោករំពឹងទុកថា កីឡាបាល់ទាត់ នឹងក្លាយជាកីឡាដ៏ធំបំផុតក្នុងតំបន់អាមេរិកខាងជើង ចំពេលព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ ខណៈដែលទីក្រុងម្ចាស់ផ្ទះសម្រាប់យុទ្ធនាការនេះ នៅអាមេរិក កាណាដា និងម៉ិកស៊ិក ត្រូវបានប្រកាសជ្រើសរើសជាផ្លូវការកាលពីថ្ងៃព្រហស្បតិ៍។
អង្គភាពគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោក FIFA បានប្រកាសថា ទីក្រុងចំនួន១៦ ក្នុងនោះទីក្រុងចំនួន១១នៅសហរដ្ឋអាមេរិក ទីក្រុង៣ នៅម៉ិកស៊ិក និង២នៅប្រទេសកាណាដា បានទទួលជោគជ័យពីសំណើទីក្រុងចំនួន២២ ដែលត្រូវបានដាក់ស្នើក្នុងព្រឹត្តិការណ៍ដ៏ពិសេសមួយនៅមជ្ឈមណ្ឌល Rockefeller ក្នុងទីក្រុងញូវយ៉ក។ ប៉ុន្តែ ទោះបីជាយ៉ាងណា មិនមានការប្រកាសពីទីក្រុងតែលត្រូវធ្វើជាម្ចាស់ផ្ទះការប្រកួតបើកឆាក និងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ឡើយ។ សហដ្ឋអាមេរិក ដែលបានធ្វើជាម្ចាស់ផ្ទះ World Cup ឆ្នាំ១៩៩៤ នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតនានានៅ Seattle, San Francisco, Los Angeles, Kansas City, Dallas, Atlanta, Houston, Boston, Philadelphia, Miami និង New York/New Jersey។
ដោយឡែក ម៉ិកស៊ិក ដែលបានធ្វើជាម្ចាស់ផ្ទះការប្រកួត World Cup ឆ្នាំ១៩៧០ និង១៩៨៦ នឹងរៀបចំការប្រកួតនានានៅទីក្រុងម៉ិកស៊ិកូ Guadalajara និង Monterrey ស្របពេលដែលកាណាដា ដែលនឹងត្រូវរៀបចំ World Cup ផ្នែកបុរស ជាលើកដំបូង នឹងរៀបចំការប្រកួតនៅទីក្រុង Vancouver និង Toronto៕
ប្រភពព័ត៌មាន៖ Channel News Asia