បរទេស៖ សំណើ​ដេញថ្លៃ​ក្នុង​ទឹក​ប្រាក់​៣៥លានអឺ​រ៉ូ (ស្មើ​នឹង​៣៧លាន​ដុល្លារ​អាមេរិក) បូក​រួម​ទាំង​ប្រាក់​ឧបត្ថម្ភ​នានា​​របស់​ក្លិប​កាំភ្លើង​ធំ Arsenal ត្រូ​វ​បាន​ទទួល​យក​​សម្រាប់​ខ្សែ​បម្រើ​ប្រយុទ្ធ Fabio Vieira របស់​ក្លិប Porto ខណៈ​ដែល​កីឡាករ​រូបនេះ នឹងត្រូវ​​ពិនិត្យ​សុខភាព​នៅថ្ងៃសុក្រ​នេះ នៅមុន​ពេល​ចុះ​កិច្ច​សន្យា​រយៈ​ពេល​៥​ឆ្នាំ​។

Vieira មាន​តម្លៃ​ខ្លួន​​រំលាយ​កិច្ច​ចំនួន​៥០លាន​អឺ​រ៉ូ ប៉ុន្តែ Arsenal បាន​ធ្វើ​ការ​ចរ​ចា​ទិញ​កីឡាករ​អន្តរ​ជាតិ​ព័រ​ទុយ​ហ្គាល់​វ័យ​២១ឆ្នាំ​រូបនេះ ដែល​មាន​មហិច្ឆតា​លេង​ក្នុងក្រប​ខ័ណ្ឌ Premier League​។ រូប​គេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​​៦​គ្រាប់ និង​បាន​ជួយ​ឲ្យ​មិត្ត​រួមក្រុម​រក​បាន​១៤​គ្រាប់​ផ្សេង​ទៀត ក្នុងក្រប​ខ័ណ្ឌ​កំពូល​របស់​ព័រ​ទុយ​ហ្គាល់ នៅ​រដូវ​កាល​នេះ ក្នុង​ចំណោម​ការ​បង្ហាញខ្លួន​​ក្នុង​ជម្រើស​ទាំង​១១នាក់ដំបូង​១៥​លើក និង​កីឡាករ​បម្រុង​១២​លើក​។

Vieira ត្រូវ​បាន​ប្រើប្រាស់​​ក្នុង​នាម​ជា​ខ្សែ​បម្រើ​ប្រយុទ្ធ ឬ​ខ្សែ​ប្រយុទ្ធ​ទី​២​។ ក្នុង​ការ​ប្រកួត​ជម្រុះ​សម្រាប់​ព្រឹត្តិ​ការណ៍ Euro អាយុក្រោម​២១ឆ្នាំនៅ​ចន្លោះ​ខែ​កញ្ញា និង​ខែ​មេសា រូប​​គេ​បាន​ស៊ុត​បាល់បញ្ចូល​ទី​៧​គ្រាប់ និង​បាន​ជួយ​ឲ្យ​មិត្ត​រួម​ក្រុម​រក​បាន២​គ្រាប់​ទៀត​។ ស្ថិ​ត​ក្នុង​វ័យ​២២ឆ្នាំ Vieira ពិត​ជា​សក្តិ​សម​នឹង​​ក្រុម​ប្រជុំ​ដោយ​កីឡាករ​វ័យ​ក្មេង​របស់ Arsenal​ ក្រោយពី​ពួក​គេ​ក៏​បាន​នាំយកខ្សែ​ប្រយុទ្ធប្រេស៊ីល Marquinhos វ័យ​១៩ឆ្នាំ ផង​ដែរ​៕

 

ប្រភព​ព័ត៌មាន៖ The Guardian