បរទេស៖ ក្លិប​ញញួរធំ West Ham កំពុង​តែ​ស្ថិត​យ៉ាង​ប្រកៀក​ក្នុង​ការ​បំពេញ​ការ​ផ្ទេរ​ខ្សែ​ការ​ពារ Nayef Aguerd ពី​ក្លិប Rennes ក្នុង​តម្លៃខ្លួន​៣០លានផោន (ស្មើ​នឹង​៣៧លានដុល្លារ​អាមេរិក)​។ Aguerd វ័យ​២៦​ឆ្នាំ ត្រូវ​បាន​លោក David Moyes ចាត់ទុក​ថា ជា​គោល​ដៅ​របស់​លោក ក្នុង​ការ​ជួយ​ឲ្យ West Ham ប្រជែង​រក​​ចំណាត់​ថ្នាក់​កំពូល​ទាំង​៦​។

ខ្សែ​ការ​ពារ​អន្តរ​ជាតិ​ម៉ា​រ៉ុក​រូបនេះ បាន​បង្ហាញខ្លួន​៦៦លើក​ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ​លីគ សម្រាប់​ក្រុម​បារាំង Rennes ក្រោយពី​ផ្ទេរ​មក​ពីក្លិប Dijon ក្នុង​ឆ្នាំ​២០១០​។ ក្នុង​សារ​​លា​គ្នាមួយ​ដែល​ត្រូវ​បាន​បង្ហោះ​នៅលើបណ្តាញ​សង្គម Aguerd បាន​និយាយ​ថា វាគឺ​ជា​ការ​សម្រេច​ចិត្ត​ដ៏លំបាកមួយ​ក្នុងការ​ចាក​ចេញពី Rennes ខណៈ​ដែល​រូប​គេ​​បាន​ជួប​ពេល​វេលា​ដ៏​រីក​រាយ​​នៅ​ទីនោះ​។ Aguerd ដែល​បាន​បង្ហាញខ្លួន​ជា​អន្តរ​ជាតិ​២៥លើក​សម្រាប់ក្រុម​ជម្រើស​ជាតិ​ម៉ា​រ៉ុក​ ក៏​មាន​វត្ត​មាន​ផង​ដែរ ក្នុង​ពេល​ក្រុម​ជម្រើស​ជាតិរបស់​គេ​ឈានទៅ​វគ្គ​៨ក្រុម​ចុង​ក្រោយ​នៃ​យុទ្ធនា​ការ Africa Cup of Nations កាលពី​រដូវ​កាល​មុន​។

រូប​គេ​ក៏​បាន​លេង​ក្នុងការ​ប្រកួត​វគ្គ Playoff ទាំង​២​​ជើងផង​ដែរ ពេល​ប្រកួត​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​កុង​ហ្គោ ខណៈ​ដែល​ម៉ា​រ៉ុក បាន​ឈ្នះកៅអី​ World Cup ក្នុង​ប្រទេស​កា​តា​។ វា​ត្រូវ​បាន​គេ​យល់​ឃើញ​ថា Aguerd ទំនង​ដូច​ជា​ត្រូវពិនិត្យ​សុខភាព​ជាមួយនឹង​​ក្លិប West Ham នៅ​ថ្ងៃ​ចន្ទ​នេះ​៕

 

ប្រភព​ព័ត៌​មាន៖ BBC