ក្រុម Tai Chi FT ​មិនអាច​រក្សា​កំណត់ត្រាឈ្នះ​លើ​ក្រុមឪម៉ាល់ ដើម្បី​បាន​ឡើង​ទៅកាន់វគ្គផ្តាច់ព្រ័ត្រ ​​ក្នុងការ​ប្រកួត​ពាន​រង្វាន់​បាល់​ទាត់​ក្នុងសាល ថ្នាក់ជាតិ ឆ្នាំ​២០២១ ជា​លើក​ដំបូង បាន​នោះទេ។ ផ្ទុយ​ទៅវិញ ក្រុមមួយនេះ បាន​ចាញ់ ៣-២ និងត្រូវ​​ធ្លាក់ចេញពីការ​ប្រកួតនេះ ត្រឹម​វគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ ដ៏គួរ​សោកស្តាយបំផុត។

តាម​រយៈការ​ប្រកួត កាលពី​ថ្ងៃអាទិត្យ ម្សិលមិញ​នេះ កីឡាករ​ឆ្នើម ឡាក់ ភីរុណ រកបាន​គ្រាប់បាល់​នាំមុខ​ឱ្យក្រុមឪម៉ាល់ បាន​មុន នៅនាទីទី​៩ តែ​ត្រូវបាន ព្រំ ឌីយ៉ាម៉ង់ ស៊ុត​តាម​ស្មើ​ឱ្យក្រុម Tai Chi វិញ នៅ​ចុងតង់ទី​១​នេះ។ តែ​ទោះបីជា​យ៉ាង​ណា នៅតង់ទី​២ ក្រុមឪម៉ាល់ រកបាន​២គ្រាប់ជាប់ៗ​គ្នា នៅក្នុងនាទីទី​២៦ ដោយ​កីឡាករ ញឹក ថាលីដា និង​កីឡាករ​ពាក់លេខ​៧ នៅមុនពេលខ្សែ​ប្រយុទ្ធ កែវ ចាន់​ពិសិដ្ឋ វាយបក​បានគ្រាប់បាល់​ទី​២​ឱ្យក្រុម Tai Chi នៅនាទីទី​​៣៦។

ចំពោះ​ការ​ចាញ់​ក្រុម​ឪម៉ាល់ ៣-២ វិញ ដែលពួកគេ​ធ្លាប់ឈ្នះ ២-១ ក្នុង​វគ្គដំណាក់កាល​ទី​២​នោះ បាន​ធ្វើ​ឱ្យ​គ្រូ​បង្វឹក​ក្រុម Tai Chi លោក បាន សុភ័ក្របញ្ញា មិន​សប្បាយ​ចិត្ត​នោះទេ ដោយ​លោកបាន​ទម្លាក់​ការ​ចាញ់ទាំង​ប្រផិតប្រផើយ ៣-២ ដ៏គួរ​ឱ្យសោក​ស្តាយបំផុតនេះ វាជាការ​រួមចំណែក​ពី​ការ​កាត់​សេចក្តី មិនច្បាស់លាស់របស់​លោក​អាជ្ញា​កណ្តាល ប្រាក់ ព្រហស្បតិ៍វិសាល។

លោក បាន សុភ័ក្របញ្ញា បាន​និយាយរិះគន់​ដល់អាជ្ញា​កណ្តាល ក្រោយការ​ប្រកួតថា៖ «ក្រុម​ទាំង​២​នេះ លេងដោយ Fair Play  ប៉ុន្តែ​ខ្ញុំមាន​អារម្មណ៍​មួយ ទាក់ទងនឹង​អាជ្ញាកណ្តាល គឺ​មិនមែន​គាត់​​លម្អៀងនោះ​ទេ គ្រាន់តែ​ថា ខ្ញុំ​​ចង់​ឱ្យ​គាត់កាត់សេចក្តី​ការ​ប្រកួតជា​បន្ត​ទៀត ក្នុងពាន​របស់សហព័ន្ធ​នេះ ឱ្យ​ច្បាស់លាស់បន្តិច»។

គ្រូ​បង្គោល​រូបនេះ បាន​បន្ត​ថា៖ «ដូចជា​គ្រាប់បាល់​ទី​៣ គឺ​គ្រាប់​ហ្នឹង គាត់ (អាជ្ញាកណ្តាល) ​ឱ្យ​បាល់​ទៅ​ខាង Tai Chi  បន្ទាប់មក​កីឡាករ Tai Chi ឡើង​ទៅ​លើ​ហើយ ប៉ុន្តែគាត់​ប្តូរទៅឱ្យខាង​ក្រុម​ឪម៉ាល់​លេង​វិញ អ៊ីចឹង​ចង់សួរ​ថា ខាងខ្ញុំ​មាន​កម្លាំង​ពី​ណា មកចុះ​ទប់​ទាន់ពេល»។

លោក បាន សុភ័ក្របញ្ញា បានបញ្ជាក់​ថា៖ «គ្រាប់ទី​១ និងទី​២ ខ្ញុំឯក​ភាព​ថា  ជា​កំហុស​បច្ចេក​ទេស​របស់​កីឡាករ​ខ្ញុំ ប៉ុន្តែគ្រាប់​បាល់​ទី​៣ ខ្ញុំសឹងតែ​​ឈប់ប្រកួត ប៉ុន្តែ​ខ្ញុំនៅតែ​ទ្រាំបន្ត​ទៀត ព្រោះ​ហ្គេម​នេះ គឺ​ជា​ហ្គេម​មួយ ដែល​យើងឱ្យមហាជន ទាំង​អ្នកចូល​រួម​ផ្ទាល់ និងទស្សនា​ការផ្សាយ​ផ្ទាល់ ឱ្យ​ឃើញ​ថា ល្អ​ទាំង​អស់។ ហេតុនេះ​​ខ្ញុំសំណូមពរ​ហើយ សំណូម​ពរ​ទៀត គឺ​សូម​ឱ្យ​គាត់ ​មានការ​កាត់សេចក្តី​ឱ្យបានច្បាស់លាស់​ ព្រោះ​១គ្រាប់ៗ​របស់​ក្រុម​មួយៗ ចំណាយ​ច្រើន​ណាស់ ហើយ​ការ​រិះគន់របស់ខ្ញុំនេះ គឺ​ដើម្បីស្ថាបនា​ទៅមុខ​ទៀត តែប៉ុណ្ណោះ»។

ផ្ទុយ​ពី​នេះ​ក្រុម​ឪម៉ាល់​អេហ្វស៊ី មានការ​រីក​រាយយ៉ាងខ្លាំង ដែល​ពួកគេ បាន​រួមគ្នា​ទម្លាក់​​ក្រុម Tai Chi FT ដូច​ការ​គ្រោង​ទុក​នោះ ហើយជ័យជម្នះដ៏សំខាន់នេះ បាន​ជួយ​ឱ្យ​ក្រុម​ចាស់វស្សា​មួយ​នេះ ឡើង​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ ជា​លើក​ទី​៤ នៅថ្ងទី​២៦ ខែមិថុនា ខាងមុខ​នេះ ដោយ ឪម៉ាល់ ត្រូវជួប​ក្រុម The Blue Warriors FC ដែល​ពួកគេ ធ្លាប់ឈ្នះ ៥-០ នាជំនួបក្នុង​វគ្គដំណាក់កាលទី​២ កន្លងមក​នេះ៕