បរទេស៖ ក្លិបញញួរធំ West Ham បានប្រកាសពីការចុះហត្ថលេខាជាមួយនឹងខ្សែការពារ Nayef Aguerd របស់ក្លិប Rennes កាលពីថ្ងៃចន្ទ ក្នុងការផ្ទេរមួយដែលមានតម្លៃខ្លួន៣០លានផោន (ស្មើនឹង៣៧លានដុល្លារអាមេរិក) បើបូកទាំងប្រាក់ឧបត្ថម្ភនានាបន្ថែមទៀត។
ខ្សែការពារអន្តរជាតិម៉ូណាកូវ័យ២៦ឆ្នាំរូបនេះ ដែលបានចំណាយពេលអស់២រដូវកាលជាមួយនឹងក្លិបរបស់ក្របខ័ណ្ឌបារាំង Ligue 1 បានចុះកិច្ចសន្យារយៈពេល៥ឆ្នាំ ជាមួយនឹងក្រុមរបស់លោក David Moyes។ ខ្សែការពារស្លាបឆ្វេងរូបនេះបានឲ្យដឹងថា៖ «ខ្ញុំពិតជារំភើបណាស់នៅពេលដែលខ្ញុំបានដឹងពីការចាប់អារម្មណ៍របស់ក្លិប West Ham។ នៅបេលដែលខ្ញុំបានឮដំណឹងនេះ ខ្ញុំបានដឹងថា ខ្ញុំត្រូវតែផ្ទេរទៅកាន់ក្របខ័ណ្ឌ Premier League ពីព្រោះវាជាសុបិនមួយសម្រាប់គ្រប់កីឡាករទាំងអស់»។ Aguerd បានបន្ថែមទៀតថា៖ «West Ham គឺជាក្លិបពោរពេញដោយប្រវត្តិសាស្ត្រមួយ។
ខ្ញុំបានមើលការប្រកួតរបស់ពួកគេ៣ ទៅ៤លើក នៅឆ្នាំនេះ ហើយខ្ញុំបានឃើញអ្នកគាំទ្រ ហើយបរិយាកាសពិតជាអស្ចារ្យ»។ លោក Moyes ដែលក្រុមរបស់លោកបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៧ នៅលើតារាង Premier League កាលពីរដូវកាលមុន បាននិយាយថា Aguerd បានស្ថិតក្នុងរ៉ាដារបស់ក្លិបជាយូរមកហើយ៕
ប្រភពព័ត៌មាន៖ Channel News Asia