កីឡាករ​កម្ពុជា ដែល​កំពុង​ផ្ញើ​ខ្លួន នៅស្រុក​ថៃ សុខ ធី ហៅ កាកា បានរក​ឃើញ​ជ័យជម្នះ​យ៉ាងសំខាន់ ដើម្បី​បង្ហាញ​ទង់ជាតិ​កម្ពុជា នៅលើ​សង្វៀនដ៏​ធំ​របស់​ថៃ U MUAY កាលពី​យប់ថ្ងៃ​ចន្ទ ម្សិលមិញ ប៉ុន្តែ​កីឡាករ​វ៉ៃ​ក្បាច់ សែន រ៉ាដេត បាន​ទទួលបរាជ័យ​ដ៏​គួរឱ្យ​សោក​ស្តាយ ហើយ​បាន​ត្រឹមស្ពាយ​ត្រឡប់មក​ស្រុក​វិញ។

តាម​រយៈការ​ប្រកួត​ចំនួន​៥​ទឹក កាលពី​យប់មិញនេះ សុខ ធី ដែល​បានចាកចេញ​ពី​ប្រទេស​កម្ពុជា ទៅ​ហ្វឹក​ហាត់ និងរស់​នៅប្រទេស​ថៃ​នោះ ធ្វើ​បាន​ល្អ​ណាស់​ ដើម្បី​យក​ឈ្នះ​កីឡាករ​កំពុង​ឡើង​កូដ​របស់​ថៃ​ ផេតហ្វូកាស​ ដោយពិន្ទុ។

បើ​ទោះ​ជា​កីឡាករ​កំពុង​ឡើង​កូដ​របស់​ថៃ​ ផេកហ្វូកាស​ ធ្លាប់​​ឈ្នះ​ស្ទើរ​គ្រប់​សង្វៀន​ក្ដី​ ប៉ុន្តែ​ សុខ​ ធី​ បាន​បង្ហាញការ​ប្រកួត ដោយ​ភាពជឿជាក់ ជាមួយ​ការវ៉ៃ​ចេញមួយៗ ច្បាស់ៗ! និង​មាន​ទម្ងន់ ដែល​នាំ​ឱ្យ​រូបគេ ទទួលបានជ័យជម្នះ​យ៉ា​ងរំភើប និងបាន​ប្រាក់រង្វាន់ចូល​៦០០០ដុល្លារ វិល​ទៅ​ផ្ទះ​វិញ។​

ផ្ទុយ​ទៅវិញ កីឡាករ​ជើង​ខ្លាំង សែន រ៉ាដេត មិនអាច​​បង្កើត​បាន​កំណត់​ឈ្នះ ​លើ​អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​ថៃ កោះតៅ ផេតស៊ុមនឹក សម្រាប់​ការ​បង្ហាញ​ខ្លួន​ជា​លើកដំបូង នៅលើ​សង្វៀន​ដ៏​ធំ​របស់​ថៃ U MUAY កាលពី​យប់មិញ​នោះទេ ដោយ​រូបគេ បានចាញ់ពិន្ទុ ទាំង​សោក​ស្តាយ។

យ៉ា​ងណា​ក៏ដោយ តាម​រយៈការ​ប្រកួត​៥​ទឹក កាលពី​យប់មិញនេះ សែន រ៉ាដេត បានបង្ហាញបច្ចេក​ទេស​ប្រកួត​យ៉ាង​ល្អ ដោយ​បាន​​វ៉ៃ​ប្តូរជាមួយ​ជើង​ខ្លាំង កោះតៅ ផេតស៊ុមនឹក យ៉ាង​ប្រុង​ប្រយ័ត្ន ដើម្បី​រក្សា​លំនឹង​នៃការ​ប្រកួត បាន​ល្អ រហូតដល់​ចប់​៥​ទឹក ហើយ​ជាមួយការ​ប្រកួត​ដ៏កក្រកើក​នោះ អ្នកគាំ​ទ្រ​កម្ពុជា​ ភាគ​ច្រើន បានមើល​ឃើញ​ថា សែន រ៉ាដេត សមតែ​ជាអ្នក​ឈ្នះ គឺ​យ៉ាង​ហោចណាស់ ក៏​បានត្រឹមស្មើពិន្ទុដែរ តែ​លទ្ធផល​ផ្លូវ​ការ គឺ​កីឡាករ​ថៃ កោះតៅ ជាអ្នក​ឈ្នះ នៅក្នុង​រាត្រី​ដ៏​រំភើបនេះ។

ជាមួយគ្នា​នោះ លោក ស៊ន អេលីត ជា​គ្រូ​បង្វឹក និងជា​អ្នក​ដឹកនាំ​កីឡាករ សែន រ៉ាដេត ទៅប្រកួត នៅប្រទេស​ថៃ​ លើក​នេះ បានចាត់ទុក​ការ​ចាញ់​ នៅលើ​សង្វៀន U MUAY នេះ ថាជា​បទពិសោធ ដែល​យើង​បានដឹង​ខ្លួនឯង កាន់តែ​ច្បាស់ សម្រាប់ការ​ពង្រឹងសមត្ថ​ភាព ឱ្យ​បានកាន់តែ​ប្រសើរ​ទៀត។

លោក ស៊ន អេលីត បាន​បង្ហោះ​សារ បែបនេះ​ ក្រោយ សែន រ៉ាដេត ចាញ់​កីឡាករ​ថៃ នាយប់​ ថ្ងៃចន្ទ​នោះ​ថា៖ «បរាជ័យ លើសង្វៀនធំបំផុតរបស់ថៃ ថ្ងៃនេះ តែយើង​ទទួល​បាន​​បទពិសោធ និង​យល់​ដឹង​ពី​ចំណុចខ្វះខាតខ្លួនឯង។ ត្រឡប់ទៅវិញ តាំង​ចិត្ត​ពង្រឹង​ដុស​ខាត់​សមត្ថភាព​បន្ថែម។ អ្វី​ដែល​យើង​ចាប់អារម្មណ៍៨គូ គេរៀបសន្លប់តែ១ប៉ុណ្ណោះ គឺសុទ្ធ​សឹង​ជា​កីឡាករ​គុណភាព »៕