ព្រឹត្តិការណ៍​ប្រកួត​កីឡា​បាល់ទះ​ដណ្តើម​ពានរង្វាន់​​សម្តេច​ក្រឡាហោម ស ខេង ឆ្នាំ ២០២២ នឹង​ត្រូវ​ធ្វើការ​ប្រកួត​ខ្វែង ឬ​វគ្គ​៨​ក្រុម​ចុង​ក្រោយ ជាផ្លូវ​ការ​ហើយ ដែលនឹងត្រូវ​ប្រកួត ពី​ព្រឹក​ម៉ោង​១១ ថ្ងៃពុធនេះ​ទៅ ដើម្បី​រក​ក្រុម​ឈ្នះ ឡើង​ទៅ​កាន់វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ និង​វគ្គ​ផ្តាច់ព្រ័ត្រ។

តាម​រយៈការ​ប្រកួតជម្រុះ តាមពូលទាំង​៤ នៅ​ទីលាន​បាល់ទះ​វិសាខា ក្នុង​កីឡដ្ឋាន​ព្រីនស៍ ដែល​បានចាប់ផ្តើម​តាំងពី​ថ្ងៃទី​៨ ខែមិថុនា មក​នោះ បានបញ្ជាក់​ច្បាស់ហើយ ពី​បេក្ខភាព​ទាំង​៨​ក្រុម ដែល​បាន​ឆ្លង​ផុត​វគ្គ​ជម្រុះ​តាមពូល​នេះ ហើយ​ត្រូវ​ឡើងទៅវគ្គ​បន្ត និង​​ក្រុមចាញ់​​ចំនួន​១៣​ទៀត ដែល​បាន​វិល​ត្រឡប់​ទៅផ្ទះ​វិញ​។

តាម​រយៈការ​ប្រកួត​យ៉ាងស្វិតស្វាញ ជាង​១០​ថ្ងៃ​កន្លង​មកនេះ សមាគមកីឡាបាល់​ទះ​ខេត្ត​តាកែវ ក្រុមកីឡា​បាល់​ទះ​ខេត្តបាត់ដំបង ក្រុម​សមាគម​កីឡាបាល់​ទះ​ខេត្តសៀមរាប និង​ក្រុម​រដ្ឋបាល​រាជធានី​ភ្នំពេញ​(B) សុទ្ធតែ​ដណ្តើម​បានចំណាត់ថ្នាក់លេខ​១ នៅតាមពូល​រៀងៗ​ខ្លួន ខណៈ​ក្រុម​កីឡា​បាល់​ទាត់ខេត្តកំពង់ស្ពឺ ក្រុមស្នងការខេត្តព្រះសីហនុ ក្រុម​កូននាគឧត្តរ និង​ក្រុម​វិសាខា (B) ក៏ដណ្តើប​បាន​កៅអី មក​ប្រកួត​នៅវគ្គខ្វែងនេះ​ ក្នុងនាមជា​​ក្រុម​បាន​លេខ​២ ផងដែរ។

យ៉ាងណាមិញ សម្រាប់ការ​ប្រកួត​វគ្គ​ខ្វែង នៅ​ថ្ងៃនេះ ក្រុមលេខ​១​ពូល​A ​ខេត្ត​តាកែវ នឹង​ត្រូវជួប​ក្រុមលេខ​២​ពូល​C ​ស្នងការ​ខេត្ត​ព្រះសីហនុ ដែលនឹង​ត្រូវ​ធ្វើ​នៅម៉ោង​១១​ព្រឹក ថ្ងៃ​ពុធនេះ មុនពេលការ​ជួបគ្នា​រវាងក្រុមលេខ​១​ពូល B ​ខេត្តបាត់ដំបង និង​ក្រុមលេខ​២ពូល D ​វិសាខា (B) ហើយក្រុមលេខ​១​ពូល​C ខេត្តសៀ​មរាប ត្រូវប៉ះក្រុមលេខ​២​ពូល​A ​ខេត្តកំពង់ស្ពឺ ខណៈក្រុម​លេខ​២ពូល​B កូននាគឧត្តរមានជ័យ ត្រូវ​ប្រឈមជាមួយ​ក្រុមលេខ​១ពូល​D រដ្ឋបាលរាជ ធានី ភ្នំពេញ (B)។

ចំពោះ​ក្រុម​ឈ្នះ ដែល​ទទួល​បានជ័យជម្នះ នៅ​ក្នុងវគ្គខ្វែង​នេះ នឹង​ត្រូវ​ឡើង​ទៅ​ប្រកួត​វគ្គ​ ពាក់​កណ្តាល​​ផ្តាច់ព្រ័ត្រ នៅ​ថ្ងៃទី ​២៣ ចំណែក​ការ​ប្រកួត​ផ្តាច់ព្រ័ត្រ ​នឹង​​ធ្វើ​នៅ​ថ្ងៃទី​​២៦ ខែ​មិថុនា ខណៈ​ព្រឹតិការណ៍​ប្រកួត​កីឡាបាល់​ទះ​ពាន់រង្វាន់​សម្តេចក្រឡាហោម ស ខេង ឆ្នាំ​២០២២នេះ ត្រូវ​បាន​​ធ្វើ​ឡើង ដើម្បី​ជ្រើស​រើស​អ្នក​មាន​សមត្ថភាព ឬឈាម​ថ្មី ដាក់​បញ្ជូល​ក្នុង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ដែលទើប​បានបំបែកកំណត់ត្រា​ឈ្នះមេដាយសំរឹទ្ធ ជាប្រវត្តិសាស្រ្ត នៅ​​ស៊ីហ្គេម ប្រទេស​វៀតណាម កន្លងមក​នេះ។

លោក​បណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​ បាន​ថ្លែង​ទាក់ទង​នឹងការ​ប្រកួតនេះថា ៖ «​​ការ​ប្រកួត​ពាន​រង្វាន់​សម្តេច​ក្រឡាហោម​នេះ ជា​បេសកកម្ម​​របស់​យើង ដើម្បី​ស្វែងរក​ឈាម​ថ្មី​ទៅ​បន្ថែម​នៅ​ក្នុង​ក្រុម​​ជម្រើសជាតិ​បាល់ទះ​​កម្ពុជា ឬ​យក​​គាត់​មក​បណ្តុះបណ្តាល​សម្រាប់​ត្រៀម​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ​ ២០២៣ របស់​យើង​ ព្រោះ​និរន្តរភាព​​​កីឡា​បាល់​ទះ មិន​អាច​ចប់​ត្រឹម​ឆ្នាំ​ ២០២៣ ​នោះ​ទេ! ​យើង​ត្រូវ​បន្ត​ទៅមុខ​ទៀត គឺ​អាយុ​កាល កីឡា​មិន​អាច​​បញ្ចប់​បាន​ទេ ក្នុង​ករណី​យើង​មាន​សុខ​សន្តិភាព»៕