បរទេស៖ ក្លិប​កាំភ្លើង​ធំ Arsenal បាន​បំពេញ​ការ​ចុះ​ហត្ថលេខា​​ជា​មួយនឹង​ខ្សែ​បម្រើ​ដ៏​មាន​ឥទ្ធិពល Fabio Vieira របស់​ក្លិប Porto ក្នុង​តម្លៃ​ខ្លួន​៤០លាន​អឺ​រ៉ូ (ស្មើ​នឹង​៤២លានដុល្លារ​អាមេរិក) កាលពីថ្ងៃអង្គារ​។ កីឡាករ​វ័យ​២២​ឆ្នាំ​រូបនេះ គឺ​ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​វ័យក្មេង​ដ៏ឆ្នើម​បំផុត​នៅ​អឺ​រ៉ុប ក្រោយពី​បាន​អភិវឌ្ឍ​ចេញពី​​ក្រុម​យុវ​ជន​របស់​ព័រ​ទុយ​ហ្គាល់​។

រូប​គេ​បាន​លេង​ក្នុង​តួនាទី​ដ៏សំខាន់​ក្នុង​ពេល​ក្រុម Porto បាន​ឈ្នះពាន​រង្វាន់​ក្នុងស្រុក២ កាលពី​រដូវ​កាល​មុន ដោយ​បាន​ស៊ុត​បាល់បញ្ចូល​ទី​៧​គ្រាប់ និង​ជួយ​ឲ្យ​មិត្ត​រួម​ក្រុម​រក​បាន​១៦គ្រាប់​ផ្សេង​ទៀត ក្នុង​រាល់​យុទ្ធនាការ​ទាំង​អស់​។ ក្នុង​ពេល​និយាយ​កោតសរសើរ​កីឡាករ​ចំណូល​ថ្មី​ទី​៣​របស់​ក្លិប​ Arsenal ក្នុង​ពេល​បើក​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​ពេលនេះ លោក Mikel Arteta គ្រូបង្វឹក​ក្រុមកាំភ្លើង​ធំ បាន​ឲ្យដឹងថា៖ «ខ្ញុំ​ពិត​ជា​រំភើប​ណាស់​ដែលយើង​បាន​កំណត់ និង​​ចុះ​ហត្ថលេខា​ជាមួយនឹង​កីឡាករ​ដ៏មាន​ទេពកោសល្យ​ម្នាក់​។ Fabio គឺ​ជា​កីឡាករ​ដែលមាន​ការ​ច្នៃ​ប្រឌិត​ខ្ពស់ ដែល​នាំ​យក​គុណ​ភាព និងភាព​រឹង​មាំ​ទៅកាន់​តំបន់បម្រើ​ប្រយុទ្ធ​»​។

Porto បាន​បញ្ជាក់​កាលពីសប្តាហ៍​មុន​ថា Vieira ដែល​បាន​ជាប់​ជា​​កីឡាករ​ឆ្នើម​ប្រចាំ​យុទ្ធនា​ការ ក្នុង​ព្រឹត្តិការណ៍ Euro អាយុក្រោម​២១ឆ្នាំ កាលពីឆ្នាំមុន នឹង​ផ្ទេរ​ទៅកាន់​ទីក្រុង​ឡុងដ៍ ក្រោយពី​ក្លិប​ទាំង​២ បាន​យល់​ព្រម​លើ​តម្លៃខ្លួន​ជា​គោល​។ ក្រុម​ម្ចាស់​ជើង​ឯក​របស់​ព័រ​ទុយ​ហ្គាល់មួយនេះ បាន​បញ្ជាក់​ថា ក្រុមកាំភ្លើង​ធំ នឹង​ផ្តល់​តម្លៃ​ខ្លួនជា​គោល​ចំនួន​៣៥លាន​អឺ​រ៉ូ​សម្រាប់​ខ្សែ​បម្រើ​រូបនេះ ខណៈ​ដែល​ទឹក​ប្រាក់​ដែលនៅ​សល់ គឺ​ជា​ប្រាក់​ឧបត្ថម្ភ​នានា​៕

 

ប្រភព​ព័ត៌​មាន៖ Channel news Asia