ក្រុម​ជម្រើសជាតិបាល់​ទាត់នារី​កម្ពុជា ដែល​បានជួបការ​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ សម្រាប់ការ​បង្ហាញ​ខ្លួន ជា​លើកដំបូង ក្នុង​ព្រឹត្តិការណ៍ ស៊ីហ្គេម នៅ​ប្រទេស​វៀតណាម កាលពីពេលថ្មីៗ​នេះ បាន​នឹង​កំពុង​ធ្វើការ​ប្រមូល​ផ្តុំ សារជា​ថ្មី នៅ​មជ្ឈ​មណ្ឌល និងសាលា​កីឡា​បាល់​ទាត់ជាតិ​បាទី ​​ដើម្បី​ត្រៀម​ខ្លួន​​ចូល​​ប្រកួត​ពាន​រង្វាន់​បាល់ទាត់នារី​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ (AFF Women’s Championship) នៅប្រទេសហ្វីលីពីន នាខែដើម​កក្កដា ខាងមុខនេះ។

សម្រាប់​ការ​ប្រកួត​ពាន​ AFF Women’s Championship នេះ គ្រូ​បង្គោល​ក្រុម​នារី​កម្ពុជា លោក ប្រាក់ វុទ្ធី មានការ​ជឿជាក់ថា ក្រុម​របស់លោក នឹង​អាច​រក​ឃើញ​ជ័យជម្នះ ទៅលើ​ក្រុម​ឡាវ និងទីម័រខាងកើត ហើយ​ក៏នឹង​ធ្វើ​ឱ្យ​បា​ន​ល្អ ពេលជួប​ក្រុមខ្លាំងៗ​ផងដែរ បើទោះបីជា ស៊ីហ្គេម នៅប្រទេស​វៀតណាម កន្លងមកនេះ ក្រុមនារីកម្ពុជា បានចាញ់​ក្រុមជម្រើសជាតិ​ហ្វីលីពីន ៥-០ និង​បន្តចាញ់​ក្រុម​ម្ចាស់​ផ្ទះ វៀតណាម រហូតដល់ ៧-០ សម្រាប់​ការ​ប្រកួតជម្រុះ ក្នុងពូល​A ក៏ដោយ។

លោក ប្រាក់ វុទ្ធី បាន​ប្រាប់ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា៖ «ដោយសារក្រុម​កម្ពុជា​យើង ស្ថិត​នៅ​ក្នុង​ពូល B ជាមួយ​ក្រុម​វៀតណាម, មីយ៉ាន់ម៉ា, ឡាវ, ទីម័រខាងកើត អ៊ីចឹង​ក្ដីរំពឹង​ក៏​ដូច​ជា​ឆន្ទៈ​របស់​យើង គឺយើងដាក់គោលដៅ ដើម្បីយកឈ្នះឡាវ និងទីម័រ ហើយ​បន្ត​ធ្វើ​ឱ្យ​មាន​លទ្ធផល​ល្អ ជាមួយក្រុមវៀតណាម និងមីយ៉ាន់ម៉ា ជាបន្តទៀត»។

ជាមួយគ្នា​នេះ លោក ប្រាក់ វុទ្ធី បាន​អះអាង​ថា តាម​រយៈ​ការ​ប្រមូល​ផ្តុំ តាំងពី​ថ្ងៃទី១៧ ខែមិថុនា រហូតមក​ដល់ពេលនេះ កីឡាការិនី​ទាំង​២៥នាក់ ដែល​ត្រូវបាន​កោះ​ហៅ ឱ្យ​ប្រមូល​ផ្តុំ​ហ្វឹក​ហាត់​លើកនេះ គឺ​ពួកគេ មាន​ស្មារតី និងឆន្ទៈ ប្រឹងប្រែងហ្វឹកហាត់ ហើយ​លោក បាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចាត់ទុក​ ការចូល​រួម​ប្រកួតក្នុងពានរង្វាន់ AFF នេះ ថា ជា​ការ​រៀបចំ​ផែនការដំណាក់កាលទី២ ដើម្បីត្រៀមឆ្ពោះ​ទៅ ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។

គ្រូបង្វឹក​វ័យ ៥១ឆ្នាំ លោក ប្រាក់ វុទ្ធី បាន​បញ្ជាក់ថា៖ ​«អ្វីៗ សុទ្ធតែជាគោលដៅ សម្រាប់​ស៊ីហ្គេម ឆ្នាំ២០២៣។ យើងបានរៀបចំគោលដៅ នៃការហ្វឹកហាត់ គោលការណ៍​នៃ​ការ​ហ្វឹក​ហាត់ ទៅ​តាមដំណាក់កាល ដោយ​ក្នុង​នោះ ដំណាក់កាលទី១ គឺការចូលរួមប្រកួតស៊ីហ្គេម នៅវៀតណាម ដែលគិតថា យើងធ្វើបានល្អ ចំពោះការការពារ»។

អតីត​គ្រូ​បង្គោល​ក្លិប​បឹងកេត រូបនេះ ​បាន​បន្ថែម​ថា៖«​ចំណែក​​លើក​នេះ យើង​នឹង​រៀបចំ​ដំណាក់​កាលទី២ គឺការការពារ បូកនឹងការវាយបក និង​ការប្រយុទ្ធបន្ថែមទៀត ហើយ​ជាមួយ​មួយគ្នា​នេះ យើង​នឹង​​មានការ​អភិវឌ្ឍ​ជាបណ្ដើរៗ ទៅលើគុណផលកីឡាការិនី​ម្នាក់ៗ។ អ៊ីចឹង​គ្រប់​ការ​ប្រកួតអន្តរជាតិទាំងអស់ ដែល​ជម្រើស​ជាតិ​បាល់ទាត់នារីរៀបចំ គឺសុទ្ធសឹងជាគោលដៅ សម្រាប់ឆ្នាំ២០២៣ ទាំងអស់»៕