បរទេស៖ ខ្សែ​ប្រយុទ្ធ Gareth Bale បាន​ចូលរួម​​ជា​មួយនឹង​ក្លិប Los Angeles FC ក្នុង​កិច្ច​សន្យា​រយៈ​ពេល​១២​ខែ ក្រោយពី​បាន​ចាក​ចេញពី​ក្លិប Real Madrid និង​បាន​និយាយ​ថា រូប​គេ​ «ពិត​ជា​អន្ទះ​សារ​ក្នុងការ​ចូល​លេង​ណាស់​»​។

ប្រធាន​ក្រុម​នៃក្រុម​បាល់ទាត់​​ជម្រើស​ជាតិ​វេលស៍​វ័យ​៣២ឆ្នាំ​រូបនេះ បាន​ផ្ទេរ​ដោយ​គ្មានតម្លៃខ្លួន ក្រោយពី​បាន​ចំណាយ​ពេល​អស់​៩​ឆ្នាំ នៅប្រទេស​អេ​ស្ប៉ាញ ស្រប​ពេល​ដែល​​រូប​គេ​ក៏​មាន​ជម្រើស​ក្នុង​ការ​បន្ត​កិច្ច​សន្យា​រហូត​ដល់​ឆ្នាំ​២០២៤​ផង​ដែរ​។ Bale បាន​ឲ្យដឹងថា៖ «ខ្ញុំ​ពិត​ជា​រំភើប​ណាស់​ដែល​បាន​ផ្ទេរ​ទៅ​កាន់​ក្លិប LAFC​។ នេះ​គឺ​ជា​​កន្លែង​ដ៏ត្រឹម​ត្រូវ​សម្រាប់​ខ្ញុំ និង​ក្រុម​គ្រួ​សារ​របស់​ខ្ញុំ ក៏ដូច​ជា​ពេល​វេលា​ដ៏ត្រឹម​ត្រូវ​នៃ​អាជីព​របស់​ខ្ញុំ ហើយ​ខ្ញុំ​ពិត​ជា​អន្ទះ​សារ​ក្នុងការ​ចាប់​ផ្តើម​ធ្វើការ​ជា​មួយនឹងក្រុម​នេះ និង​ត្រៀម​ខ្លួន​រួច​រាល់​ដើម្បី​ឈ្នះពាន​បន្ថែម​ទៀត​នៅ Los Angeles​»​។

ខ្សែ​ប្រយុទ្ធ​វ័យ​២​ឆ្នាំ​រូបនេះ ដែល​បាន​ឈ្នះ​ពានក្រប​ខ័ណ្ឌ Champions League ដល់​ទៅ​៥​លើក បាន​ចំណាយ​ពេល​អស់​៩​ឆ្នាំ​ជា​មួយនឹងក្លិប Real Madrid​។ លោក John Thorrington សហ​ប្រធាន​ក្លិប LAFC និង​ជា​អ្នក​ចាត់​ការ​ទូទៅ​ បាន​និយាយ​ថា៖ «Gareth គឺ​ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករដ៏​មាន​ថាមពល និង​អស្ចារ្យ​បំផុត​ក្នុង​ជំនាន់​របស់​គេ​​។ ការ​បន្ថែម​កីឡាករ​ម្នាក់​​ដែល​នឹង​នាំ​យក​ទេពកោសល្យ និង​បទពិសោធ​ក្នុងកម្រិត​ដ៏ខ្ពស់​បំផុត​ គឺ​ជា​ឱកាស​ដ៏អស្ចារ្យ​ដើម្បី​ធ្វើ​ឲ្យ​ក្លិប​របស់​យើង​កាន់​តែខ្លាំង​»​៕

 

ប្រភព​ព័ត៌​មាន៖ BBC