ក្រុម​វិសាខា របស់កម្ពុជា បាន​បង្កើត​រឿង ដែល​គ្រប់គ្នា គិតស្មាន​មិន​ដល់ គឺ​ការ​លត់​ក្រុម​ម្ចាស់​ជើងឯក​លីគកំពូល​របស់​ឥណ្ឌូនេស៊ី Bali United រហូត​ដល់ ៥-២ ហើយជ័យជម្នះ​ដ៏​ធំនេះ បាន​​ធ្វើ​ឱ្យ​ វិសាខា អាច​ក្លាយជា​ក្រុមដំបូងគេ របស់កម្ពុជា ដែលអាច​ឆ្លង​ផុត ការ​ប្រកួត​វគ្គជម្រុះ​ចែក​ពូលនៃ​រង្វាន់ AFC Cup ដើម្បី​ឡើងទៅកាន់ការ​ប្រកួត​វគ្គ​បន្ត។

ការ​យកឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ Bali United ដោយលទ្ធផល ៥-២ នេះ វាមិន​មែន​កើត​ឡើង ដោយភាព​ចាយដន្យ​នោះ​ទេ ប៉ុន្តែ​ជ័យជម្នះនេះ បាន​កើត​ឡើង ដោយ​ការ​សហការគ្នា​លេង​យ៉ាង​ល្អ​​របស់វិសាខា ក្រោមការ​ដឹក​នាំរបស់គ្រូ​បង្គោល មាស ចាន់ណា ហើយគ្រប់គ្នា នៅក្នុង​ក្លិប​វិសាខា ជាពិសេស​លោក​ស្រី កែ សួនសុភី ជាប្រធាន​ក្លិប បាន​បង្ហាញ​ភាព​រំភើប​រហូតស្រក់​ទឹក​ភ្នែក សម្រាប់​ជ័យជម្នះ កាលពីព្រលប់​ថ្ងៃ​ចន្ទ ម្សិលមិញ​នោះ។

​តាម​រយៈការ​ប្រកួត​នេះ វិសាខា បាន​បង្ហាញ​ការ​វាយបក ប្រកប​ដោយ​ប្រសិទ្ធិភាព ដើម្បី​លុបបំបាត់ចោល​នូវ​គ្រាប់បាល់​នាំ​មុខ​របស់​កីឡាករ Irfan Jaya ​នៃ​ក្រុម​ម្ចាស់​ផ្ទះ Bali United នៅត្រឹមនាទីទី​៩ បន្ទាប់ពី​​ខ្សែ​ប្រយុទ្ធប្រេស៊ីល Paulo Victor បានតែត​តាមស្មើ​ឱ្យក្រុម​វិសាខា វិញ នៅនាទីទី​១៧ នោះ។

បន្ថែម​លើ​នេះ ខ្សែ​ការពារ អ៊ុក សុវណ្ណ រក​បាន​គ្រាប់បាល់នាំមុខ​ឱ្យ​វិសាខា ២-១ តាមរយៈការ​ស៊ុត​បាល់ហ្វ្រីឃីក​បញ្ចូល​ទី​យ៉ាងស្អាត និងកម្រ​បំផុត​របស់​គេ នៅនាទីទី​៤៥ នៅមុនពេលខ្សែ​ប្រយុទ្ធលេងបាន​ល្អជាង​គេ ​របស់កូរ៉េខាងត្បូង Lee Jae-jun បាន​បន្ថែម​១​គ្រាប់ទៀត នៅនាទីទី​៥៥ ហើយក្រោយ​មក Paulo Victor ក៏​អាច​មាន​ឱកាស​ដោះអាវក្រវាត់ចោល ដើម្បីអបអរ​ការ​រកបាន​គ្រាប់បាល់​ទី​២​របស់​គេ នៅនាទីទី​​៦៣ ផងដែរ។

យ៉ាង​ណា​ក៏ដោយ អតីត​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​ព្រះខ័នរាជស្វាយរៀង Privat បាន​ស៊ុត​ទម្លុះសំណាញ់ទី​ក្រុមវិសាខា បានសម្រេច​១គ្រាប់វិញ ឱ្យ​ក្រុម Bali United នៅនាទីទី​៨៥ ប៉ុន្តែ អ៊ុក សុវណ្ណ បានស៊ុត​ទម្លុះទី​ក្រុម Bali United បាន១គ្រាប់វិញ ហើយ​ក៏ជា​គ្រាប់បាល់​ទី​២​របស់គេ នាំ​ឱ្យ វិសាខា ឈ្នះ Bali ៥-២ ដ៏គួរ​ឱ្យភ្ញាក់ផ្អើល​ផងដែរ។

ជាមួយការដណ្តើមបាន​៣ពិន្ទុ ពីក្រុម​ម្ចាស់ផ្ទះ Bali United បានជួយ​ឱ្យក្រុម​វិសាខា បាន​​បង្កើត​កំណត់ត្រា​ថ្មីមួយ ក្នុងនាមជា​ក្រុមដំបូងគេ​របស់កម្ពុជា ដែលបានឈ្នះ​២​ប្រកួតជាប់ៗគ្នា នៅក្នុងការ​ប្រកួត​វគ្គ​ចែក​ពូល ពាន​រង្វាន់ AFC Cup 2022 នេះ ព្រោះនៅមុន​ការ​ប្រកួតនេះ វិសាខា បាន​យក​​ឈ្នះក្រុម​ Kaya FC-lloilo របស់ហ្វីលីពីន ២-១ កាលពី​ថ្ងៃ​បើក​ឆាកម្តងរួច​ហើយ។

ជាមួយគ្នា​នេះ ក្រុម​វិសាខា ក៏​មានភាគ​រយខ្ពស់បំផុត ក្នុងការ​ឈាន​ទៅបំបែកកំណត់ត្រា​ប្រវត្តិសាស្រ្តថ្មី សម្រាប់ក្រុម​តំណាងឱ្យកម្ពុជា ក្នុង​​ការ​បាន​ឡើងទៅ​លេង​នៅវគ្គ Knockout Stage ជា​លើកដំបូង​ផងដែរ គឺ​មានន័យ​ថា ឱ្យ​តែ វិសាខា អាច​ត្រឹម​ស្មើ ​ក្រុម Kedah Darul Aman របស់ម៉ាឡេស៊ី សម្រាប់ការ​ប្រកួត​ជម្រុះ​ចុងក្រោយ នៅ​ថ្ងៃទី​៣០ ខែមិថុនា ខាងមុខ​នេះ ពួកគេ នឹងអាច​សម្រេច​ទិសដៅ ដ៏សំខាន់នេះ ដោយ​ស្វ័យប្រវត្តិ​នេះហើយ៕