បរទេស៖ ថ្ងៃ​មួយ គឺ​ជា​ថ្ងៃ​ប្រកួត​ដ៏​ធំ​មួយ​ក្នុង​វិស័យ​កីឡា​បាល់ទាត់​ដែល​​លោក Raihan Fauzi វ័យ​២៥​ឆ្នាំ បាន​រង់​ចាំ​។ ក្លិប​ក្នុងស្រុក​របស់​លោក Bandung Persib នឹង​ត្រូវ​ធ្វើ​ការ​ប្រកួត ជា​មួយនឹងក្រុម Persebaya នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា ហើយ​ការ​ប្រកួត​នេះ ប្រព្រឹត្ត​ទៅនៅកីឡដ្ឋាន Gelora Bandung Lautan Api ដែល​ជា​ទឹក​ដី​របស់ Persib​។

ក្នុង​នាម​ជា​អ្នក​គាំទ្រ​ដ៏ស្មោះ​ស្ម័គ្រ​របស់ Persib លោក Fauzi បាន​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ទស្ស​នា​​ការប្រកួត រួម​ជា​មួយនឹង​​អ្នក​គាំទ្រ​ម្នាក់​ទៀត​គឺ​ Asep Ahmad Solihin វ័យ​២៩ឆ្នាំ​។ ពួក​គេ​បាន​ទៅ​ដល់​កីឡដ្ឋាន​នៅម៉ោង​៦​ល្ងាច ពោល​​គឺ​២​ម៉ោង​នៅមុន​ពេល​ការ​ប្រកួត​បើក​រដូវ​កាល​ដើម្បីដណ្តើម​ពាន President Cup​។ លោក Fauzi បាន​បញ្ជាក់​ថា៖ «ស្ថានភាព​ ស្ថិត​ក្នុង​ការ​គ្រប់គ្រង​នៅ​​ឡើយ​នៅម៉ោង​៦​ល្ងាច​។ ប៉ុន្តែ​នៅ​ម៉ោង​ប្រហែល​៦:៣០ ទៅ​ម៉ោង​៧​ល្ងាច មន្ត្រី​បាន​បិទ​​ច្រក​ទ្វា​កីឡដ្ឋាន ដោយ​សារ​តែ​​មាន​អ្នក​ទស្ស​នា​ពេញ​ទីលាន​ហើយ​»​។

អ្នក​គាំទ្រ​ជា​ច្រើន មិនអាច​ចូល​ក្នុងកីឡដ្ឋាន​បាន បើ​ទោះ​បី​ពួក​គេ​បាន​ទិញ​សំបុត្រ​ទស្ស​នា​ពី​ប៉ុស្តិ៍ មន្ត្រី​រៀប​ចំ​ការ​ប្រកួត​ក៏ដោយ​។ អ្នក​គាំទ្រ​ជាច្រើន​បាន​ផ្ទុះ​កំហឹង ខណៈ​ដែលពួក​គេ​បានព្យា​យាម​រុញគ្នា​ចុះឡើង ដើម្បី​ចូល​ក្នុង​កីឡដ្ឋាន​។ លោក Fauzi បាន​​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​មិនអាច​ដក​ដង្ហើម​បាន​ឡើយ​។ មនុស្ស​ជាច្រើន​បាន​រុញ​ខ្ញុំ ហើយ​ខ្ញុំ​មិនអាច​ទៅ​ណា​បានឡើយ​។ ខ្ញុំ​បាន​គិត​ថា ខ្ញុំ​ត្រូវ​ប្រគល់​ជីវិត​​ឲ្យ​ព្រះ​ហើយ​»​។ រាត្រីនោះ បាន​បញ្ចប់​​ទាំង​ភាព​ជ្រួល​ច្របល់​។ មនុស្ស​២នាក់​បាន​ស្លាប់ ក្នុងនោះ​​រាប់​បញ្ចូល​ទាំង​លោក Ahmad ដែល​ជា​សាច់​ញាត​របស់ Fauzi ផងដែរ និង​​អ្នក​គាំទ្រ​ម្នាក់ទៀត​របស់ Persib​។ ជន​រង​គ្រោះ​ទាំង​នោះ​ស្ថិត​ក្នុង​ចំណោម​មនុស្ស​៧៨នាក់​ដែល​បាន​ស្លាប់​ក្នុង​ហេតុ​ការណ៍​ទាក់ទង​នឹង​បាល់​ទាត់នៅ​ឥណ្ឌូនេស៊ី ក្នុង​រយៈពេល​២៨​ឆ្នាំ​ចុងក្រោយនេះ​។ នេះ​បើយោង​ទៅ​តាម​បេសកជន​​ពិសេស​របស់​រដ្ឋមន្ត្រី​នៃ​ក្រសួង​យុវជន និង​កីឡា​។ ហេតុការណ៍នេះ បាន​ធ្វើ​ឲ្យ​សុវត្ថិ​ភាព​អ្នក​គាំទ្រ​បាល់​ទាត់ ក្នុង​ប្រទេស​​ឥណ្ឌូនេស៊ី ស្ថិត​ក្រោម​ការ​ចាប់​អារម្មណ៍​ខ្លាំង​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia