ក្រុម​អត្តពលិកតំណាង​ឱ្យ​គ្រឹះស្ថាន​សិក្សា​ ពុទ្ធិកសាកល​វិទ្យាល័យសម្តេច​អគ្គមហា​សេនា​បតី ហ៊ុន សែន, បណ្ឌិត​សភាបច្ចេក​វិទ្យាឌីជីថលកម្ពុជា និងវិទ្យាស្ថាន​សិក្សា​ដើម្បីជោគ​ជ័យ សុទ្ធតែ​ដណ្តើម​បានមេដាយ​មាស ពីការ​ប្រកួត​កីឡាវាយកូនឃ្លី​លើ​តុ នៃ​ព្រឹត្តិការណ៍​កីឡា​ឧត្តមសិក្សា និងមធ្យមសិក្សា បច្ចេក​ទេស ថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ ដែល​បានបញ្ចប់ កាលពី​ថ្ងៃពុធ។

តាម​រយៈការ​ប្រកួត ដែល​បានចាប់ផ្តើម​ពី​ថ្ងៃ​ទី​២៥ ខែមិថុនា ហើយបានបញ្ចប់ កាលពី​ព្រឹក​ម្សិលមិញ​នេះ ក្រុម​អត្តពលិកពុទ្ធិកសាកល​វិទ្យាល័យសម្តេច​អគ្គមហាសេនាបតី ហ៊ុន សែន ដណ្តើម​​បាន​មេដាយមាស​ច្រើនជាង​គេ និងឈរ​នៅចំណាត់ថ្នាក់លេខ​១ គឺ​មេដាយមាស​២ លើ​វិញ្ញាសាវាគូបុរស ​របស់កីឡាករ ហេង ដាវីដ និង ឃី តាយ និងមេដាយមាស​លើ​វិញ្ញាសាឯកត្តជន​របស់​កីឡាករ ឃី តាយ ហើយក្រុមនេះ ក៏​បានមេដាយ​ប្រាក់​ចំនួន​២ ទៀត​ផងដែរ។

ចំណែក​ក្រុម​បណ្ឌិត​សភាបច្ចេក​វិទ្យាឌីជីថលកម្ពុជា បាន​ឈរ​នៅចំណាត់ថ្នាក់លេខ​២ ដោយ​​ដណ្តើមបានមេដាយមាស លើ​វិញ្ញាសា​ជា​ក្រុម និងមេដាយសំរឹទ្ធ​១ លើ​វិញ្ញាសា​ឯកត្តជន​បុរស​របស់​កីឡាករ វិជ្ជានន្ទ នរៈពិជិត រីឯ​អតីត​កីឡាការិនី​គុន​ល្បុក្កតោ ខៀវ ចិន្តារ័ត្ន បាន​យក​ឈ្នះ​កីឡាការិនី យិន ចាន់រតនា របស់​ពិទ្ធិក នៅ​វគ្គ​ផ្តាច់ព្រ័ត្រ កាលពីព្រឹក​មិញ ដើម្បី​ដណ្តើម​បាន​មេដាយមាស ឱ្យ​ទៅ​វិទ្យាស្ថាន​សិក្សា​ដើម្បីជោគ​ជ័យ ហើយ​ក្រុម​វិទ្យាស្ថាន​ខេមអេដ ឈរនៅលេខ​៤ ដោយ​ឈ្នះ​បានមេដាយ​ប្រាក់​១ សំរឹទ្ធ​៣ និងក្រុម​វិទ្យាស្ថាន​បច្ចេក​វិទ្យា​កម្ពុជា បាន​ឈរ​នៅលេខ​៥ ដោយ​ឈ្នះ​បានមេដាយ​ប្រាក់​១។

តាមរបាយការណ៍​របស់​​លោក ស៊ុន សុទ្ធារិទ្ធ ជា​អគ្គលេខាធិការសហព័ន្ធ​កីឡា​វាយ​កូនឃ្លី​លើ​តុកម្ពុជា បានឱ្យ​ថា ការ​ប្រកួត​កីឡាវាយកូនឃ្លី​លើ​តុ នៃ​ព្រឹត្តិការណ៍​កីឡា​ឧត្តមសិក្សា និងមធ្យមសិក្សា បច្ចេក​ទេស ថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២នេះ មាន​គ្រឹស្ថាន​សិក្សា​ចំនួន​៨ បានចូល​រួម ដោយមាន​កីឡាករ​៣៦​នាក់ និង​កីឡាការិនី​៤នាក់ ដោយពួកគេ ត្រូវ​ប្រកួត នៅលើវិញ្ញាសាចំនួន​៤ ហើយ​ជា​លទ្ធផល​នៃការ​ប្រកួតនេះ ត្រូវបានលោក ស៊ុន សុទ្ធារិទ្ធ វាយ​តម្លៃ​ថា ទទួលបាន​ជោគ​ជ័យ ខណៈ​ពិធី​បិទ​នោះ មានការ​ចូល​រួមពី​លោក ព្រុំ ប៊ុណ្ណយី ទីប្រឹក្សា​ក្រសួងអប់រំ យុវជន និង​កីឡា។

លោក​ ស៊ុន សុទ្ធារិទ្ធ បាន​ថ្លែង​ថា៖​ «​ឆ្លង​តាម​ការ​ប្រកួត​អស់​រយៈ​ពេល​​៥​ថ្ងៃ ដោយឈរ​លើស្មារតី​ចេះ​អធ្យាស្រ័យទៅ​វិញ​ទៅមក មិត្ត​ភាព​សាមគ្គី​ភាព បានប្រកាន់​ភ្ជាប់នៅ​គោលការណ៍​​បទបញ្ញាតិ និងគោលការណ៍​បច្ចេកទេស ក្នុង​ការ​ប្រកួត ធ្វើ​ឱ្យ​ការ​ប្រកួត​ទទួល​បានជោគ​ជ័យ។

គ្រូ​បង្វឹក​ជើង​ចាស់​រូបនេះ បានបន្ថែម​ថា៖ «ដោយ​កីឡាករ កីឡាការិនី ប្រតិភូ​នៃ​វិទ្យាស្ថាន សាកល​វិទ្យាល័យ បាន​គោរព​តាម​ការ​ប្រកួត ជាលក្ខណៈ​ស្របតាមបទបញ្ញា និង​មានចិត្តសប្បាយ​រីក​រាយ​ ក្នុង​ការ​ប្រកួត​រវាង​សាកល​​វិទ្យាល័យ ទៅ​សាកល​វិទ្យាល័យ​មួយ​ទៀត វិទ្យាស្ថាន​មួយ ទៅ​វិទ្យាស្ថានមួយ ក្នុង​ភាព​សាមគ្គី​គ្នា​បាន​យ៉ាង​ល្អ​ប្រសើរ បង្ក​ភាព​រលូន​ក្នុង​ការ​ប្រកួត រហូតដល់​ថ្ងៃបិទ​កម្ម​វិធី»៕