កីឡាករជើងខ្លាំងវ័យុំក្មេង រិន ដេវីត បានធ្វើឱ្យរៀមច្បង សៀង ង៉ុយ ចាញ់ដោយអស់ចិត្ត សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រ ដណ្តើមខ្សែក្រវាត់ នៅលើសង្វៀន PNN កាលពីថ្ងៃអាទិត្យ ម្សិលមិញ ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់ និងទឹកប្រាក់ចំនួន១ម៉ឺនដុល្លារ។
តាមរយៈការប្រកួត៥ទឹកពេញ យ៉ាងស្វិតស្វាញ កាលពីម្សិលមិញនោះ សៀវ ង៉ុយ ដែលគេស្គាល់ថា ជាជើងខ្លាំងចាស់វស្សា មានជំនួញខាងវ៉ៃក្បាច់នោះ បែរជាប្តូរទម្លាប់ប្រកួត ដោយការដើរចូលវ៉ៃទៅលើ រិន ដេវីត ប៉ុន្តែគេមិនសូវទទួលបានផលប៉ុន្មានទេ ព្រោះ រិន ដេវីត មានក្បាច់ទប់ និងវាយកបកត្រឡប់មកវិញ បានយ៉ាងល្អ ដើម្បីយកឈ្នះ ដោយពិន្ទុជាឯកច្ឆន្ទ ៥-០ តែម្តង។
រិន ដេវីត បាននិយាយ ក្រោយការប្រកួតថា៖ «ចំណុចល្អរបស់ខ្ញុំ គឺការធាក់ ហើយទាត់ឱ្យបានច្រើន ហើយការប្រកួតនេះ ខ្ញុំបានគិតតាំងពីមុនរួចមកហើយថា បើគាត់ចូល ខ្ញុំនឹងថយ តែបើគាត់ថយ ខ្ញុំនឹងចូល»។
ម្ចាស់ខ្សែក្រវាត់ថ្មីថ្មោងរូបនេះ បានបន្ថែមថា៖ «ចំណុចល្អរបស់គាត់ គឺពេលចូលកៀកហើយ គាត់ទាត់ខ្លី យកកណ្តៀតក្អមរបស់យើងឱ្យខូច និងទាត់កាប់ជើងក្រោម អ៊ីចឹង ខ្ញុំបានដឹងពីក្បាច់នេះ ដោយខ្ញុំព្យាយាមបិទ ថយ និងទាត់ចេញទៅលើគាត់វិញឱ្យបានច្រើន គឺខ្ញុំឈ្នះដោយធាក់ ទាត់ និងចាប់វ៉ៃជង្គង់»។
សម្រាប់ការឈ្នះខ្សែក្រវាត់ និងប្រាក់រង្វាន់១ម៉ឺនដុល្លារ លើកនេះ គឺមានន័យថា រិន ដេវីត បានឈ្នះខ្សែក្រវាត់ នៅលើសង្វៀន PNN នេះ ចំនួន២ដងហើយ ដោយកាលពីលើកមុន រូបគេ បានឈ្នះ ឃួន ឡាំងកូស៊ីន នៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីយកខ្សែក្រវាត់ និងប្រាក់រង្វាន់១ម៉ឺនដុល្លារ ដូចគ្នា ហើយបន្ថែមលើនេះ រិន ដេវីត ក៏ធ្លាប់បានឈ្នះខ្សែក្រវាត់ មួយទៀត នៅលើសង្វៀនប៉ុស្តិ៍លេខ៥ ផងដែរ។
នៅពេលសួរដល់ចំណុចនេះ រិន ដេវីត បានឆ្លើយតបថា៖ «នេះជាជើងឯកទី៣របស់ខ្ញុំ ហើយ ដែលបានឈ្នះខ្សែក្រវាត់ ហើយខ្ញុំពិតជាសប្បាយចិត្ត និងមានមោទនភាពលើខ្លួនឯង ដែលឈ្នះបានខ្សែក្រវាត់ និងទឹកប្រាក់រហូតដល់១ម៉ឺនដុល្លារលើកនេះម្តងទៀត ហើយនេះក៏ជាមុខមាត់សម្រាប់ក្លិបរបស់ខ្ញុំ ផងដែរ»។
ចំណែក សៀវ ង៉ុយ បានទទួលស្គាល់ថា រូបគេ ពិតជាចាស់ រិន ដេវីត មែន ដោយបាននិយាយក្រោយការប្រកួតដែថា៖ «ការផ្តល់ពិន្ទុនេះ វាសមរម្យហើយ។ ខ្ញុំចាញ់ក្បាច់សិស្សប្អូន ព្រោះខ្ញុំធ្លាប់តែវ៉ៃក្បាច់ដែរ ប៉ុន្តែពេលដើរចូលវាយទៅលើគេបែបនេះ ខ្ញុំវ៉ៃអត់សូវចេញ ដោយវ៉ៃអត់ចុះតែម្តង»៕