ខ្សែប្រយុទ្ធពាក់លេខ១១ សុវណ្ណ ដូណា បានធ្វើការប្រកួតបើកឆាករបស់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ បានបញ្ចប់ ដោយភាពរីករាយ តាមរយៈរកបានគ្រាប់បាល់ជ័យជម្នះរបស់គេ ដើម្បីយកឈ្នះលើក្រុមU19សិង្ហបុរី នៃការប្រកួតពានរង្វាន់ AFF U19 Championship 2022 នៅទឹកដីប្រទេសឥណ្ឌូនេស៊ី។
តាមរយៈការប្រកួតបើកឆាកប្រចាំពូលB នៅកីឡដ្ឋាន MEDYA SENAYAN កាលពីយប់ថ្ងៃអាទិត្យ ម្សិលមិញនេះ ក្រុមកម្ពុជា បានបង្ហាញទម្រង់លេងយ៉ាងល្អ ហើយពួកគេ អាចរកបានគ្រាប់បាល់យ៉ាងលឿន ពីការស៊ុតរបស់ខ្សែប្រយុទ្ធ សុវណ្ណ ដូណា នៅត្រឹមនាទីទី៧។
ជាមួយការនាំមុខ ១-០ នេះក្រុមកម្ពុជា បានព្យាយាមឱកាសជាច្រើនទៀត នៅមុខទីរបស់ក្រុមសិង្ហបុរី ប៉ុន្តែពួកគេ មិនអាចរកបានគ្រាប់បាល់បន្ថែមនោះឡើយ ហើយក្រុមU19សិង្ហបុរី ក៏មិនអាចធ្វើអ្វីបាន ទៅលើក្រុមគោព្រៃជំទង់កម្ពុជា បានដូចគ្នា ជាហេតុធ្វើឱ្យក្រុមទាំង២ បានបញ្ចប់ការប្រកួត ដោយលទ្ធផលចាញ់ឈ្នះត្រឹម១គ្រាប់គត់។
ជាមួយការឈ្នះបាន៣ពិន្ទុ នៅថ្ងៃបើកឆាកនេះ វាបានធ្វើឱ្យក្រុមកម្ពុជា កាន់តែមានសង្ឃឹម ក្នុងការប្រកួតប្រជែងជាមួយក្រុមម៉ាឡេស៊ី ឡាវ និងទីម័រខាងកើត ជាបន្តទៀត ដោយពេលនេះ កម្ពុជា បានឡើងទៅឈរនៅលេខ២ ក្រោមក្រុមU19របស់ឡាវ ដែលបានយកឈ្នះក្រុមទីម័រ ២-០ កាលពីល្ងាចម្សិលមិញនោះដែរ៕