ស្ថាប័ន​កំពូលៗ​របស់​កម្ពុជា ​រួម​មាន​ក្រសួង​អប់រំ យុវជន និង​កីឡា​, គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) និង​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ បានដាក់​ក្តីរំពឹង​ ទៅលើ​​សង្វៀន​​​គុន​ខ្មែរ​ជើងឯក​ពិភពលោក ឬ World Fight Tournaments 2022 ថា ​ព្រឹត្តិការណ៍​ដ៏សំខាន់នេះ នឹងជួយ​ផ្សព្វផ្សាយ​វិសាល​ភាព «គុនខ្មែរ» ទៅ​កាន់ពិភព​លោក

​ស្រប​ពេលជាមួយគ្នា​នេះ ស្តេច​ប្រដាល់​របស់​​ថៃ Buakaw Banchamek (ប៊ូខាវ) ក៏​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច និង​ចង់​បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន សម្រាប់​ការ​ប្រកួត​​ជាមួយ​ម្ចាស់​ខ្សែ​ក្រវាត់​មកពី​ប្រទេស​បេឡារុ Varats Dzmitry នៅ​លើ​សង្វៀន​​​គុន​ខ្មែរ​ជើងឯក​ពិភពលោក នៅ​ពហុកីឡដ្ឋានជាតិមរតកតេជោ នា​ថ្ងៃពុធ ស្អែកនេះ បន្ទាប់ពី​ជើង​ខ្លាំង​ដ៏ល្បី​ល្បាញ​រូបនេះ បាន​ខក​ខាន​ប្រកួត​អស់​រយៈពេល​ចូល​៣ឆ្នាំ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បាន​ថ្លែងថា​៖ «​ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ ដែល​គ្រប់គ្រង​ដោយ NOCC ស្វាគមន៍ សង្វៀន​គុនខ្មែរ​ជើងឯក​ពិភពលោក ដើម្បី​បង្ហាញ​ពី​មោទនភាព​ជាតិ​យើង ដែលមាន​ពហុកីឡដ្ឋាន​ដ៏ល្អ​ផង និង​បង្ហាញ​ពី​ព្រឹត្តិការណ៍ ដែល​នឹង​ជួយ​បំផុស​ឱ្យ​គុន​ខ្មែរ​របស់​យើង​ក្លាយ​ទៅជា​ក្បាច់គុន​មួយ​មាន​ប្រជាប្រិយភាព ​នៅលើ​ឆាក​អន្តរជាតិ​ផង»។

ការ​លើក​ឡើង​របស់​អ្នកជំនាញកីឡា លោក វ៉ាត់ ចំរើន ត្រូវបាន​ធ្វើ​ឡើង នៅក្នុង​សន្និសីទ​កាសែត ស្តីពី​ការ​ប្រកួត World Fight នេះ កាលពី​ថ្ងៃទី​៣០ ខែមិថុនា ហើយ​លោក វ៉ាត់ ចំរើន ក៏​ចាត់ទុក World Fight ជាព្រឹត្តិការណ៍ ដ៏សំខាន់មួយ ក្នុងការ​ជួយជំរុញ ការ​គាំ​ទ្រ​ផ្នែក​កីឡា ក្នុង​ដំណើរ​ឆ្ពោះ​ទៅកាន់​ការ​ប្រកួត​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​ផងដែរ។ លោក​បញ្ជាក់​​ថា៖​ «​ព្រឹត្តិការណ៍​នេះ ​នឹង​ក្លាយ​ជា​ឱកាស​មួយ​ សម្រាប់​កម្ពុជា ​ក្នុង​ការជំរុញ​ការគាំទ្រ​ឱ្យ​ទៅដល់​​ស៊ីហ្គេម ឆ្នាំ​ ២០២៣​ អ៊ីចឹង​អ្វីៗ​ទាំងអស់ គឺ​ដើម្បី​ឆ្ពោះទៅ​ឆ្នាំ​ ២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ បន្ទាប់ពី​យើង​បាន​រង់ចាំ​អស់​រយៈពេល​ ៦៤ ​ឆ្នាំ​»​។

ជាមួយ​គ្នា​នោះ ​លោក ម៉ិល កាដូ តំណាង​ឱ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​ និង​លោក តែម ម៉ឺន ប្រធានសហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ ក៏បាន​គាំទ្រ និងបានចាត់​ទុក ​ព្រឹត្តិការណ៍ World Fight ជាព្រឹត្តិការណ៍​ដ៏សំខាន់ ក្នុងការ​ជួយ​លើកកម្ពស់គុនខ្មែរ ទៅ​កាន់​ពិភពលោក និងជួយ​បំផុស​ចលនា​​កីឡា​នៅ​កម្ពុជា ក្នុងដំណើរ​ឆ្ពោះ​ទៅធ្វើ​ម្ចាស់​ផ្ទះ​​ស៊ីហ្គេម ជា​លើក​ដំបូង​របស់​កម្ពុជា នៅ​ឆ្នាំ​២០២៣ ផងដែរ។

ជាមួយគ្នា​នេះ លោក TONY ANH ប្រធាន​រៀបចំ​ព្រឹត្តិការណ៍ World Fight បាន​ថ្លែង​ថា៖​«​ការរៀបចំ​ឱ្យ​មាន​ការប្រកួត World Fight នៅ​ប្រទេស​កម្ពុជា​នេះ យើង​មាន​គោលបំណង​លើកស្ទួយ​វិស័យ​កីឡា​គុន​ខ្មែរ និង​ទេសចរណ៍​នៅ​កម្ពុជា អ៊ីចឹង​នេះ​ជា​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​ដ៏សំខាន់​បំផុត ដែល​នឹង​ធ្វើឱ្យ​គ្រប់​បែបយ៉ាង​នៅ​កម្ពុជា ឬក៏​ចរន្ត​សេដ្ឋកិច្ច​ទាំងអស់​អាច​ចូលរួម​ចងក្រង​ឱ្យ​ក្លាយជា​ប្រធានបទ​ណាមួយ សម្រាប់​ជា​មោទនភាព​ជាតិ ហេតុ​នេះ​​ខ្ញុំ​ពិតជា​រីករាយ និង​អរគុណ​ដល់​ដៃគូ​សហការ​ទាំងអស់ ដែល​បាន​រួមគ្នា​បង្កើត​ឱ្យមាន​ព្រឹត្តិការណ៍​ដ៏ល្អ​នេះ​ឡើង​នៅ​កម្ពុជា​»​។

ជាមួយគ្នា​នេះ ប៊ូខាវ បាន​បង្ហាញពី​ចេតនា ក្នុងការយក​ព្រឹត្តិការណ៍​ដ៏ធំ នៅ​លើ​ទឹក​ដីកម្ពុជា​នេះ ដើម្បី​បង្ហាញពី​កម្រិត​ប្រកួត​ដ៏​ល្អ​របស់​ខ្លួន​ឡើង​វិញ។ ប៊ូខាវ បាន​និយាយ ពេល​ធ្វើដំណើរ មក​ដល់​ព្រលាន​យន្ត​ហោះ​អន្តរជាតិភ្នំពេញ កាលពី​ថ្ងៃ​អាទិត្យថា៖ «ដោយសារ​វិបត្តិជំងឺកូវីដ១៩ បានធ្វើឱ្យខ្ញុំ ខកខាន​ឡើង​​ប្រកួតចូល៣ឆ្នាំមកហើយ។ តែទោះបីជាយ៉ាងណា ពេលនេះ ខ្ញុំបានព្យាយាមហ្វឹកហាត់ រក្សា​នៅ​កម្រិតបច្ចេកទេស និងទិចនិកបានល្អបំផុត»។

ស្តេច​ប្រដាល់​របស់​ថៃ រូបនេះ បានបន្ថែម​ថា៖ «ខ្ញុំមិនធ្លាប់ជួបដៃគូម្នាក់នេះ ពីមុនមកទេ តែខ្ញុំបានមើលការប្រកួតរបស់គាត់ហើយ ហើយខ្ញុំគិតថា ការប្រកួតនេះ នឹងមានភាពទាក់ទាញ និងរំភើបសប្បាយរីករាយ សម្រាប់អ្នកទស្សនា។ ខ្ញុំធ្លាប់មកប្រកួត នៅកម្ពុជា ២លើក​កន្លងមក​ហើយ ប៉ុន្តែ World Fight ជាព្រឹត្តិការណ៍ធំ អ៊ីចឹងខ្ញុំត្រូវត្រៀមខ្លួនការប្រកួតនេះ ឱ្យបានពេញ​ទំហឹង និងត្រូវខំប្រឹងឱ្យអស់ពីសមត្ថភាព ដើម្បីកុំឱ្យទស្សនិកជន ដែលរង់ចាំទស្សនា មាន​ការ​ខក​បំណង»៕