លោក​ឧត្តមឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បាន​ជំរុញ​ឱ្យ​​គ្រប់ភាគី​ពាក់ព័ន្ធ នៃមហាគ្រួសារកីឡាវាយសីកម្ពុជា ត្រូវខិតខំប្រឹង​ប្រែងរួមគ្នា ដើម្បី​ឈាន​ទៅ​បង្កើត​បាន​នូវ​ប្រវត្តិសាស្រ្ត គឺ​ការ​ដណ្តើម​បានមេដាយមាស នៅស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ទៅតាម​ការ​ដាក់សម្ទុះមេដាយ​របស់ CAMSOC និង​ក្រសួង​អប់រំ យុវជន និង​កីឡា។​

នៅក្នុងពិធី​បិទ ​ការប្រកួតកីឡាវាយសី ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ នៅ​ពហុកីឡ​ដ្ឋានជាតិអូឡាំពិក កាលពី​នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ គឺ​លោក លី កុសល បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការយ៉ាងល្អពីប្រតិភូ គ្រូបង្វឹក ពិសេសកីឡាករ កីឡាការិនី ដែល​បាន​ខិតខំ​បញ្ចេញ​អស់​ពីសមត្ថភាព គោរពវិន័យ និងបទបញ្ជាការប្រកួតបានត្រឹមត្រូវ។ រីឯអាជ្ញាកណ្ដាល ចៅក្រម បានអនុវត្តតួនាទី ដោយ​ប្រកាន់​ភ្ជាប់​នូវ​ភាពយុត្តិធម៌ មិនលំអៀង ជំរុញឱ្យ​ការប្រកួតនេះ មានដំណើរការដោយរលូន និង​ទទួល​បាន​ជោគជ័យ។

តែ​ទោះបីជា​យ៉ាង​ណា ប្រធានសហព័ន្ធ​រូបនេះ បានជំរុញ​ឱ្យ​គ្រប់​ភាគី ត្រូវ​បន្ត​ខំប្រឹង​ប្រែង​ទៅមុខ​ទៀត កុំ​បង្អង់។ «ខ្ញុំសូម​ផ្ដាំផ្ញើ​ដល់ក្មួយៗកីឡាករជ័យលាភី និង​អ្នក​មិន​ទាន់​ដណ្ដើម​បាន​មេដាយ​ក្ដី សូមកុំបង្អង់ ត្រូវដាក់​ចិត្តហ្វឹក​ហាត់ឲ្យបានទៀងទាត់ជាប្រចាំ ដើម្បីអភិវឌ្ឍ ខ្លួនឱ្យ​ក្លាយ​ជា​កីឡាករ​​មាន​សិទ្ធផល​ខ្ពស់ ទាំង​កីឡាករ គ្រូបង្វឹក និងចៅក្រម អាជ្ញាកណ្ដាល ដើម្បី​មាន​លទ្ធភាព សមត្ថភាព​គ្រប់គ្រាន់ធ្វើជាម្ចាស់ផ្ទះ ស្មើមុខមាត់លើឆាកអន្ដរជាតិ»។

លោក​ឧត្តមឧត្តមសេនីយ៍ឯក លី កុសល បានសង្កត់ធ្ងន់ថា៖ «ទាំងអស់គ្នា ត្រូវ​ប្រឹងប្រែង​ឱ្យ​អស់ពីកម្លាំងកាយចិត្ត ដើម្បី​មាន​លក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងនាមជាម្ចាស់ផ្ទះ និងជាម្ចាស់​ជំនាញ​កីឡាវាយសី ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះ ដោយត្រូវរួមគ្នា​ជាធ្លុង​មួយ​ចូលរួម​កសាង​ស្នាដៃជាប្រវត្តិសាស្ដ្រ តាមរយៈការដណ្ដើមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍នេះ (ស៊ីហ្គេម)»។

ប្រធានសហព័ន្ធ​រូបនេះ បានបន្ថែម​ថា៖ «ជ័យជម្នះ នៅលើ​ឆាក​អន្តរជាតិ គឺជា​ការ​លើកតម្កើង​មុខ​មាត់​ប្រទេស​ជាតិ ដែល​កីឡាករ កីឡាការិនី​គ្រប់​រូបអាច​ធ្វើ​បាន មិនមែន​ទាល់​តែជា​មនុស្ស​អស្ចារ្យពីខាង​ណា​ទេ មិនចាំបាច់​ត្រូវបំពាក់​អាវុធ ដូច​កងកម្លាំង ទើប​អាច​ធ្វើបាន​នោះ​ទេ ដូច្នេះ​ការហ្វឹក​ហាត់ គោរពវិន័យ ស្តាប់​ការ​ណែនាំ​របស់​គ្រូ មានអត្តចរិក​ថ្លៃថ្នូរ មាន​ការ​តាំង​ចិត្តខ្ពស់ គឺ​សំខាន់​ខ្លាំង​ណាស់»។

យោងតាមរបាយការណ៍ ​របស់គណៈកម្មការ​រៀបចំ​ការ​ប្រកួត​កីឡា​វាយសី ជើងឯក​ថ្នាក់ជាតិ ឆ្នាំ២០២១នេះ បាន​ឱ្យ​ដឹង​ថា ការ​ប្រកួត​នេះ មានប្រតិភូ និងកីឡាករ កីឡាការិនី​ចូលរួម​សរុប១៦៤នាក់ (កីឡាករ​៨៨នាក់ កីឡាការិនី​២៨នាក់ និង​ថ្នាក់ដឹកនាំ​កីឡាករ​៤៨នាក់) មកពី​១៦សមាគម/ក្លិប ដែលធ្វើការប្រកួតលើ៧វិញ្ញាសា។

ជាលទ្ធផលបច្ចេកទេស នៃ​ការ​ប្រកួត​ប្រជែង​យ៉ាងស្វិតស្វាញ ចំនួន​៣​ថ្ងៃ គឺ​ក្រុមកីឡា​វាយសី​ក្រសួង​មហាផ្ទៃ ដណ្ដើមបានមេដាយច្រើនជាងគេ រួមមានមេដាយមាស ២ និងប្រាក់ ៣ ហើយ​ក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈរលេខ២ ដោយ​ដណ្ដើមបានមេដាយមាស ២ និង​សំរឹទ្ធ ៣ រីឯសម្ព័ន្ធកីឡាវាយសីខេត្តបាត់ដំបង និងខេត្តកំពង់ចាម ក៏ដណ្ដើមបានមេដាយមាស ១គ្រឿង ដូចគ្នាផងដែរ៕