បរទេស៖ ក្លឹបទើបនិងឡើងមកលេងនៅក្របខណ្ឌ Premier League គឺ Fulham បានឈានដល់កិច្ចព្រមព្រៀងផ្ទេរយកកីឡាករ ខ្សែបម្រើ Andreas Pereira របស់ Man Utd មករួមក្រុម។
កីឡាករអន្តរជាតិប្រេស៊ីលវ័យ២៦ឆ្នាំបានវិលត្រលប់មកកាន់ក្រុម Man Utd ក្រោយវិលត្រលប់ពីការលេងខ្ចីជើងនៅក្លឹប Flamengo ដោយបង្ហាញខ្លួន៥២ប្រកួតរកបាន៨គ្រាប់ និង Assist 3ដងនៅក្របខណ្ឌ លីកកំពូលប្រេស៊ីល។ការពិតFlamengo មានបំណងចង់ផ្ទេរយក Pereira ជាអចិន្រ្តៃយ៏ ប៉ុន្តែក្លឹប Fulham បានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេបានមុន ដើម្បីពង្រឹងក្រុមសម្រាប់រដូវកាលថ្មីនៅ លីកកំពូលអង់គ្លេសចាប់ផ្តើម។
ប្រភពពីអ្នកជំនាញផ្នែកដោះដូរកីឡាករនិងជាអ្នកកាសែតអ៊ីតាលីដ៏ល្បីល្បាញលោក Fabrizio Romano បានលើកឡើងថាកិច្ថព្រមព្រៀងនេះFulham ត្រូវបង់ប្រាក់ប្រមាណ១០លានផោនជាមួយផលប្រយោជន៏ផ្សេងទៀតប្រមាណ៣លានផោនទៀតជាមួយនិងការចុះកិច្ចសន្យារយៈពេល៣ឆ្នាំ និងជម្រើសបន្តរយៈពេល១ឆ្នាំទៀត។
គួរបញ្ជាក់ថាPereira បានចូលរួមជាមួយMan.Utdនៅឆ្នាំ២០១១ពីក្លឹបPSV និងបានបង្ហាញខ្លួនសម្រាប់ជម្រើស ១១នាក់ដំបូងសម្រាប់ក្រុមជើងឯកអង់គ្លេស២០សម័យនៅឆ្នាំ២០១៤ប៉ុន្តែ បង្ហាញខ្លួនចូលលេងបាន៧៥ប្រកួតប៉ុណ្ណោះគ្រប់ការប្រកួតដោយរកបាន៤គ្រាប់ និងAssist ៥ដងប៉ុណ្ណោះ។ Pereira ក៏បានចំណាយពេលលេងក្នុងលក្ខណ្ឌខ្ចីជើងជាមួយ Granada, Valencia, Lazio និង Flamengoរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕
ប្រភពព័ត៍មាន៖ Sportsmole