ទោះបានខកខានឡើងប្រកួតអស់រយៈពេលចូល៣ឆ្នាំ ប៉ុន្តែស្តេចប្រដាល់របស់ថៃ Buakaw Banchamek (ប៊ូខាវ) នៅតែមានសមត្ថភាពខ្លាំង បន្ទាប់ពីរូបនេះ បានយកឈ្នះលើម្ចាស់ខ្សែក្រវាត់ Varats Dzmitry មកពីប្រទេសបេឡារុ សម្រាប់ការប្រកួតនៅលើសង្វៀនគុនខ្មែរជើងឯកពិភពលោក ឬ World Fight Tournaments 2022 កាលពីយប់មិញ ចំណែកម្ចាស់មេដាយមាសស៊ីហ្គេម បឺត សង្ឃឹម និង ម៉ឺន មេឃា ក៏បានរក្សាភាពខ្លាំង ក្នុងនាមជាម្ចាស់ក្បាច់គុន «គុនខ្មែរ»។
សម្រាប់ការប្រកួត នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីព្រលប់ថ្ងៃពុធ ម្សិលមិញ ប៊ូខាវ បានវាយប្តូរជាមួយ Varats Dzmitry យ៉ាងអំណត់។ សម្រាប់ជំនួប៣ទឹកនេះ ប៊ូខាវ ក៏បានទទួលរងការវាយចូលពេញៗពីសំណាក់ Varats Dzmitry ផងដែរ ជាពិសេស នៅទឹកទី២ ប៉ុន្តែកីឡាករវ័យ៤០ឆ្នាំម្នាក់នេះ មិនបានបង្ហាញការថមថយកម្លាំងនោះទេ។
ផ្ទុយទៅវិញ ប៊ូខាវ នៅតែចិញ្ចឹមចិត្តចូលវាយប្តូរជាមួយ Varats Dzmitry តាមរយៈទាត់ បុកជង្គង់ និងការវាយកែង ដែលបានធ្វើឱ្យកីឡាកររបស់បេឡារុ ម្នាក់នេះ បែក នៅលើក្តោងចម្រុះផងដែរ។ នៅទីបំផុត ប៊ូខាវ ត្រូវបានប្រកាសឱ្យឈ្នះពិន្ទុ ខណៈសាច់ប្រកួត៣ទឹក របស់អ្នកទាំង២នេះ មានភាពប្រដំប្រសងគ្នាខ្លាំង។
ដោយឡែកម្ចាស់មេដាយមាសស៊ីហ្គេម នៅប្រទេសវៀតណាម បឺត សង្ឃឹម និង ម៉ឺន មេឃា ពិតជាធ្វើបានសម្រេច ដូចការតាំងចិត្ត ក្នុងការយកឈ្នះលើកីឡាករបរទេស នៅក្នុងព្រឹត្តិការណ៍ World Fight នេះ ដើម្បីផ្សព្វផ្សាយ «គុនខ្មែរ» ទៅកាន់ពិភពលោក។ ចំណែកម្ចាស់មេដាយប្រាក់ស៊ីហ្គេម កាន់ ម៉េងហុង ក៏ទទួលបានជ័យជម្នះលើអ្នកប្រដាល់ខ្ពស់សន្លឹមរបស់អូស្រាលី Dylan Eagle ដោយពិន្ទុផងដែរ។
តាមរយៈការប្រកួតត្រឹម៣ទឹកនេះ ម្ចាស់មេដាយមាសផ្នែកឃីកបុកស៊ីង បឺត សង្ឃឹម ពិតជាបានធ្វើការងារខ្លាំង ក្នុងការវាយប្តូរជាមួយជើងខ្លាំងរបស់ថៃ Penthep Eakmuangnon ក្នុងទម្ងន់៥៧,២គីឡូក្រាម ព្រោះថៃម្នាក់នេះ មានសមត្ថភាពល្អ និងបានវាយចេញបានល្អដូចគ្នា។ តែទោះបីជាយ៉ាងណា បច្ចេកទេសវាយរបស់ បឺត សង្ឃឹម មានភាពរហ័សរហួន និងវាយចំគោលដៅពេញៗល្អជាង ទើបរូបគេអាចទទួលបានជ័យជម្នះ ដោយពិន្ទុ ហើយជំនួបរបស់អ្នកទាំង២នេះ មានភាពទាក់ទាញ និងជក់ចិត្តខ្លាំង សម្រាប់អ្នកគាំទ្រ។
ចំណែកម្ចាស់មេដាយមាសផ្នែកកីឡាវ៉ូវីណាម ម៉ឺន មេឃា បានបង្ហាញភាពថមថយម្តងៗផងដែរ ពីការវាយចូលរួមធ្ងន់ៗរបស់អ្នកប្រដាល់ប្រេស៊ីល Felype Souza ក្នុងការប្រកួតទម្ងន់ ៦១,២គីឡូក្រាម ប៉ុន្តែកូនប្រុសរបស់លោក អេ ភូថង រូបនេះ នៅតែជម្នះចូលវាយលុកទៅលើប្រេស៊ីលម្នាក់នេះ ដើម្បីយកប្រៀប និងឈ្នះដោយពិន្ទុ ក្នុងការប្រកួតដ៏តានតឹងមួយនេះ៕