ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ នឹងត្រូវធ្វើការប្រកួតជម្រុះលើកទី៣ ប្រចាំពូលB នៃពានរង្វាន់ AFF U19 Championship 2022 ជាមួយក្រុមឡាវ នៅប្រទេសឥណ្ឌូនេស៊ី នាយប់ម៉ោង៧ ថ្ងៃព្រហស្បតិ៍នេះ ចំណែកក្រុមជម្រើសជាតិនារីកម្ពុជា ត្រូវប្រឈមជាមួយក្រុមនារីវៀតណាម ក្នុងការប្រកួតពានរង្វាន់ AFF WOMEN’S CHAMPIONSHIP 2022 នៅប្រទេសហ្វីលីពីន នាល្ងាចម៉ោង៦ ថ្ងៃនេះដូចគ្នា។
សម្រាប់ការជួបក្រុមU19ឡាវ នៅកីឡដ្ឋាន MEDYA SENAYAN នាយប់ម៉ោង៧ ថ្ងៃនេះ វាបានក្លាយជាការប្រកួតកំណត់ជោគវាសនាយ៉ាងសំខាន់ របស់ក្រុមU19កម្ពុជា ថាតើពួកគេ អាចដណ្តើមបាន៣ពិន្ទុបន្ថែម ដើម្បីបង្កើតបានឱកាស សម្រាប់ឡើងទៅប្រកួត នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាបន្តទៀត ឬក៏ធ្លាក់ត្រឹមនេះ ព្រោះ២ប្រកួតកន្លងមកនេះ ក្រុមកម្ពុជា បានឈ្នះក្រុមសិង្ហបុរី ១-០ តែបានចាញ់ក្រុមម៉ាឡេស៊ី ២-១ និងកំពុងឈរ នៅលេខ៣។
សម្រាប់ការប្រកួតនេះ ក្រុមU19កម្ពុជា ត្រូវការឈ្នះខ្លាំងបំផុត ដើម្បីបង្កើតឱ្យមានការឱកាស ក្នុងការប្រជែងជាបន្តទៀត ប៉ុន្តែគេនៅមិនទាន់ដឹងថា ក្រុមគោព្រៃជំទង់កម្ពុជា មួយនេះ អាចនឹងធ្វើបានសម្រេច ឬយ៉ាងណានោះទេ ព្រោះ ឡាវ ជាក្រុមល្អមួយ ដោយពេលនេះ ពួកគេ កំពុងឈរនៅលេខ១ ក្រោយឈ្នះក្រុមទីម័រខាងកើត ២-០។
ដោយឡែក ក្រុមជម្រើសជាតិនារីកម្ពុជា ដែលទើបបានបញ្ចប់ការប្រកួតដំបូងប្រចាំពូលB ដោយស្មើជាមួយនារីឡាវ ១-១ នៃពានរង្វាន់ AFF WOMEN’S CHAMPIONSHIP 2022 នៅប្រទេសហ្វីលីពីន នោះ នឹងត្រូវប្រកួតលើកទី២ ជាមួយក្រុមនារីវៀតណាម នៅល្ងាចម៉ោង៦ ថ្ងៃព្រហស្បតិ៍នេះ។
បើទោះបីជាក្រុមនារីវៀតណាម ទើបតែចាប់ផ្តើមការប្រកួតលើកទី១របស់ខ្លួន ប៉ុន្តែក្រុមនារីវៀតណាម ត្រូវបានគេចាត់ទុកថា ជាក្រុមខ្លាំងជាងគេ ប្រចាំនៅតំបន់អាស៊ាន បន្ទាប់ពីពួកគេ បានផ្តួលក្រុមនារីថៃ ១-០ ក្នុងវគ្គផ្តាច់ព្រ័ត្រ ដណ្តើមយកមេដាយមាសស៊ីហ្គេម ឆ្នាំ២០២១ នៅលើទឹកដីរបស់ពួកគេ កាលពីពេលថ្មីៗនេះ ហើយនៅក្នុងការប្រកួតនោះ ក្រុមនារីកម្ពុជា ក៏បានចាញ់ វៀតណាម ៧-០ ក្នុងវគ្គជម្រុះ ក្នុងពូលផងដែរ ហេតុនេះការវិលមកជួបគ្នាជាថ្មី នៅល្ងាចនេះ ត្រូវបានគេគិតទុករួចទៅហើយថា ក្រុមនារីកម្ពុជា នឹងអាចរងគ្រោះ ក្រោមការលត់ដំរបស់ក្រុមនារី វៀតណាម ជាថ្មីម្តងទៀត៕