ក្រុមប្រតិភូកីឡាប៉េតង់កម្ពុជា រួមមានកីឡាការិនី អ៊ុក ស្រីមុំ និងកីឡាការិនី អ៊ុន ស្រីយ៉ា ក្រោមការ​ដឹកនាំ​របស់​កញ្ញា គិន សំណាង ជាអគ្គលេខាធិការងសហព័ន្ធកីឡាប៊ូល និងប៉េតង់​កម្ពុជា និង​លោក ហៀន ថាវរ: មន្រ្តីសហព័ន្ធ រួម​ទាំង​លោក ចាន់ វិចិត្រ ជាមន្រ្តីព័ត៌មាន បាន​ហោះបោះ​ពួយ​ចាក​ចេញ​ពី​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​​ភ្នំពេញ កាលពី​វេលាម៉ោង១២ និង៤០​នាទី​​រំលងអាធ្រាត យប់ថ្ងៃទី៨ ខែកក្កដានេះ ទៅ​កាន់​​សហរដ្ឋអាមេរិក ដើម្បី​ចូល​រួម​ការប្រកួត​កីឡាពិភពលោក ឆ្នាំ២០២២នេះ។

បើ​តាម​កញ្ញា គិន សំណាង ​បានឱ្យ​ដឹង​ថា ការ​ប្រកួត​កីឡាពិភពលោកនេះ​ មាន​ប្រភេទ​កីឡាច្រើនចម្រុះ ចំណែក​កម្ពុជាបានបញ្ជូនតែ​ផ្នែកប៉េតង់​នេះទេ ចូលរួម ដោយ​កីឡាការិនី អ៊ុក ស្រីមុំ  និង អ៊ុន ស្រីយ៉ា របស់​យើង នឹង​ត្រូវប្រកួតលើ​វិញ្ញាសា២នាក់ទល់២នាក់ និង​វិញ្ញាសាវាយកយកពិន្ទុ។

បើទោះបីជា ការ​ប្រកួត​នេះ កម្ពុជា បានបញ្ជូន​កីឡាការិនី​ត្រឹម​២នាក់ ទៅ​ចូល​រួម​ប្រកួត ប៉ុន្តែ​អគ្គលេខាធិការង គិន សំណាង ​បានដាក់​ក្តីសង្ឃឹម​ថា ក្រុម​ប៉េតង់កម្ពុជា នឹង​ទទួល​បាន​លទ្ធផល​ល្អ ព្រោះ​សហព័ន្ធ មានផែនការច្បាស់លាស់ ក្នុង​ការ​សម្រិត​សម្រាំងកីឡាការិនី ដែល​មាន​បទពិសោធ និងបច្ចេកទេសខ្ពស់ ដោយ​ធ្លាប់​ឆ្លង​កាត់​ការ​ប្រកួត​កម្រិតអន្តរជាតិញឹកញាប់ ព្រមទាំងជាម្ចាស់មេដាយមាសកម្រិតអន្តរជាតិទៀតផង។

គួរ​រំឭក​ថា សម្រាប់​បេក្ខភាព​ទាំង​២នេះ ដែលត្រូវបាន​បញ្ជូន​ឱ្យ​ទៅប្រកួត​កីឡា​ពិភព​លោក នៅ​សហរដ្ឋអាមេរិក​នេះ សុទ្ធតែ​ជា​អ្នកមាន​ថ្វី​ដៃ និង​ធ្លាប់ដណ្តើម​បានមេដាយមាស ស្ទើ​គ្រប់កម្រិត​ទៅ​ហើយ ជាពិសេសវីរកីឡាការិនី អ៊ុក ស្រីមុំ និង អ៊ុន ស្រីយ៉ា ជា​ដៃគូ​ប្រកួត​សហការគ្នា​ដ៏​ល្អ ដែល​ធ្លាប់ដណ្តើម​បានមេដាយមាស​ស៊ីហ្គេម។ លើសពីនេះ អ៊ុក ស្រីមុំ ក៏​ធ្លាប់បាន​ឈ្នះមេដាយមាសពិភពលោក ការ​ប្រកួតជើងឯក​ពិភព​លោក លើ​វិញ្ញាសា​វាយយកពិន្ទុ​ផងដែរ។

ទាក់ទង​នឹងការ​​ប្រកួត​នេះ កីឡាការិនី អ៊ុន ស្រីយ៉ា បានអះអាងថា ​ត្រៀមខ្លួន​​យ៉ាង​ល្អ ដោយ​ធ្វើការ​ហ្វឹក​ហាត់ និងសម​ផ្នែក​បច្ចេទេសជាមួយកីឡាការិនី អ៊ុក ស្រីមុំ ដើម្បី​សហការ​គ្នា​ជា​ក្រុម​បានល្អ។ ស្រីយ៉ា បន្តថា៖​ «ការប្រកួតមុនៗ គឺលេងវិញ្ញាសា ៣ទល់៣ អារម្មណ៍ គឺ៣ ពីព្រោះ​ត្រូវមានសិទ្ធិខ្លាំងទាំង៣ ប៉ុន្តែ​លើកនេះ លេង២នាក់ មានអារម្មណ៍ខ្លាំងជាង និង​អាច​ជោគ​ជ័យ​ជាង​ពេល​លេង​៣នាក់»។

តែ​ទោះបីជា​យ៉ាងណា អ៊ុន ស្រីយ៉ា បាន​អះអាងថា មានប្រទេសចម្លោះពី៨ ទៅ១០ ជាឧបសគ្គ​សម្រាប់ក្រុម​​ប៉េតង់កម្ពុជា ដូចជា ថៃ បារាំង ដាណាម៉ាកជាដើម ព្រោះ​ប្រទេស​ទាំង​នោះ ​តែងតែ​​ប្រកួត​យ៉ាង​ស្វិតស្វាញ​ជាមួយ​ក្រុមជម្រើសជាតិកម្ពុជា លើឆាក​អន្តរ​ជាតិ ក្នុង​ព្រឹត្តការណ៍​​ធំៗ ដូចជាការប្រកួតកីឡាស៊ីហ្គេម កម្រិតអាស៊ី និង​ជើងឯក​ពិភពលោក៕