លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន បានស្នើក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យលទ្ធភាពពន្យារវិស្សមកាលតូច នៅក្នុងអំឡុងពេលចូលឆ្នាំប្រពៃណីជាតិថ្មី ដើម្បីផ្តល់ឱកាសឱ្យសិស្សនិស្សិតចូលរួមបម្រើការងារជាអ្នកស្ម័គ្រចិត្ត និងចូលរួមអបអរសាទរ នៅពេលកម្ពុជា ធ្វើជាម្ចាស់ផ្ទះការប្រកួតស៊ីហ្គេម លើកទី៣២ ជាប្រវត្តិសាស្រ្ត លើកដំបូង នៅឆ្នាំ២០២៣។
ប្រមុខដឹកនាំប្រទេស លោក ហ៊ុន សែន បានថ្លែងថា៖ «ខ្ញុំសូមស្នើក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យលទ្ធភាពពន្យារវិស្សមកាលតូច ក្នុងអំឡុងពេលចូលឆ្នាំខ្មែរប្រពៃណីជាតិខ្មែរ រហូតដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ដើម្បីផ្តល់ឱកាសឱ្យសិស្សនិស្សិតចូលរួមបម្រើការងារជាអ្នកស្ម័គ្រចិត្ត និងចូលរួមអបអរសាទរលើកទឹកចិត្តកីឡាករ កីឡាការិនីជាតិ និងអន្តរជាតិ។
លោក ហ៊ុន សែន បានលើកឡើងបែបនេះ នៅពេលលោក បានចូលរួម នៅក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ា និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដែលរៀបចំ នៅសណ្ឋាគារសុខា កាលពីព្រឹកថ្ងៃចន្ទ ហើយជាមួយគ្នានេះ លោក ក៏បានស្នើទៅបណ្តាប្រទេសទាំងអស់ នៅក្នុងតំបន់អាស៊ាន ដែលបានចូលរួម ក្នុងកិច្ចប្រជុំនេះ គាំទ្រកម្ពុជា ក្នុងដំណើរឆ្ពោះទៅកាន់ការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ជាលើកដំបូងនេះ ផងដែរ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងបែបនេះថា៖ «ខ្ញុំសូមអំពាវនាវដល់បណ្តាប្រទេសជាសមាជិកស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម មេត្តាផ្តល់ការគាំទ្រនៅគ្រប់ទម្រង់ តាមដែលអាចធ្វើទៅបាន ដើម្បីឱ្យការរៀបចំការប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទទួលបានជោគជ័យ»៕