គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ លោក Gyotoku Koji បានប្រាប់ឱ្យក្រុមកីឡាករវ័យក្មេងរបស់កម្ពុជាទាំងនេះ ត្រូវដឹងពីចំណុចខ្វះខាតរបស់ខ្លួន និងត្រូវពង្រឹងឱ្យបានល្អឡើងវិញ បន្ទាប់ពីក្រុមមួយនេះ បានចាញ់ស្ពឹកមុខ ក្នុងការប្រកួតជម្រុះតាមពូល ពានរង្វាន់ AFF U19 Championship 2022 នៅប្រទេសឥណ្ឌូនេស៊ី។
សម្រាប់ការចាញ់ក្រុមU19ទីម័រខាងកើត រហូតដល់ ៤-១ សម្រាប់ការប្រកួតបញ្ចប់វគ្គជម្រុះក្នុងពូលB កាលពីល្ងាចចន្ទម្សិលមិញ បានធ្វើឱ្យក្រុមU19កម្ពុជា បានបញ្ចប់ការប្រកួតទាំង៤លើករបស់ពួកគេ ដោយឈ្នះត្រឹមក្រុមសិង្ហបុរី ១-០ តែបានចាញ់ក្រុមម៉ាឡេស៊ី និងឡាវ ២-១ ដូចគ្នា និងចាញ់ក្រុមទីម័រ ចុងក្រោយនេះ។
ជាមួយលទ្ធផលនេះ បានបង្ហាញថា ក្រុមម៉ាឡេសស៊ី ជាពិសេសក្រុមទីម័រខាងកើត និងក្រុមឡាវ ដែលកម្ពុជា ធ្លាប់តែបានយកឈ្នះ កន្លងមកនេះ គឺពួកគេ បានចាញ់វិញអស់ហើយ ហើយលទ្ធផលនេះ បានធ្វើឱ្យអ្នកគាំទ្រ កាន់តែមិនសប្បាយចិត្ត ទៅនឹងទម្រង់លេងធ្លាក់ចុះរបស់ក្រុមU19កម្ពុជា។
ជាមួយគ្នានេះ លោក Gyotoku Koji គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ បានយកការជុំគ្នា ក្នុងពេលបាយល្ងាច ក្រោយការចាញ់ក្រុមទីម័រ ៤-១ នេះ ដើម្បីជាការក្រើនរំឭក និងជំរុញឱ្យក្រុមគោព្រៃជំទង់ មួយនេះ ព្យាយាមបង្កើនសមត្ថភាពបន្ថែមទៀត បើសិនជាពួកគេ ចង់មានវត្តមានជាថ្មី ជាមួយក្រុមជម្រើសជាតិ ជាបន្តទៀត។
គ្រូបង្វឹកជនជាតិជប៉ុន លោក Gyotoku Koji បាននិយាយទៅកាន់ក្រុមU19កម្ពុជាថា៖ «ឆ្លងកាត់ការប្រកួតនេះ យើងក៏មានភាពរីកចម្រើនដែរ ប៉ុន្តែភាពខ្វះខាត ក៏មានដូចគ្នា អ៊ីចឹងយើងគួរតែដឹងហើយថា យើងត្រូវធ្វើអ្វី ចាប់ពីពេលនេះតទៅ ព្រោះក្រុមU20កម្ពុជា នៅមានការប្រកួត នៅខែ៩ អ៊ីចឹងចាប់ពីខែ៨ទៅ យើងនឹងមានរៀបចំគម្រោងហ្វឹកហាត់ នៅរៀងរាល់ថ្ងៃអង្គារ»។
គ្រូបង្វឹករូបនេះ បានបន្ថែមថា៖«តែនៅក្នុងអំឡុងខែ៨ហ្នឹង ក៏មានការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន ផងដែរ អ៊ីចឹងសម្រាប់ការប្រមូលផ្តុំ នៅខែ៨នោះ យើងនៅមិនទាន់ដឹងថា ក្លិបនឹងផ្តល់កីឡាករមកចូលរួម ឬយ៉ាងណានោះទេ អ៊ីចឹងសង្ឃឹមថា អ្នកទាំងអស់គ្នា ដឹងពីភាពខ្វះខាតរបស់ខ្លួនឯងហើយ ហើយត្រូវប្រឹងប្រែងហ្វឹកហាត់ ដើម្បីឱ្យការលេងរបស់យើងល្អជាងនេះ នឹងអាចទទួលឱកាស និងមានឈ្មោះ បានចូលរួមហ្វឹកហាត់ និងប្រកួតម្តងទៀត»។
គួរបញ្ជាក់ថា ក្រុមជម្រើសជាតិអាយុក្រោម២០ឆ្នាំ នៅសល់ការប្រកួតដ៏សំខាន់មួយទៀត គឺការប្រកួតជម្រុះពានរង្វាន់ទ្វីបអាស៊ី AFC U20 Asian Cup ដោយកម្ពុជាឈរនៅពូលI ជាមួយក្រុមម្ចាស់ផ្ទះតាជីគីស្ថាន សិង្ហបុរី និងលីបង់ ហើយការប្រកួតនេះ នឹងចាប់ផ្តើមពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែកញ្ញា 2022៕