ក្រុមប៉េតង់កម្ពុជា បានធ្វើឱ្យប្រទេសចំនួន១១០ នៅលើពិភពលោក ដែលបានចូលរួម ការប្រកួតកីឡាពិភពលោក ឆ្នាំ២០២២ (The World Games) នៅទីក្រុង Birmingham រដ្ឋអាឡាបាម៉ា សហរដ្ឋអាមេរិក មានការភ្ញាក់ផ្អើលខ្លាំង ខណៈកម្ពុជា បានឈ្នះមេដាយទាំង២ ក្នុងការប្រកួតលើប្រភេទកីឡាប៉េតង់នោះ។
វីរកីឡាការិនី អ៊ុក ស្រីមុំ បានធ្វើឱ្យគ្រប់គ្នា មានការភ្ញាក់ផ្អើលម្តងហើយ បន្ទាប់ពីកីឡាការិនីជើងចាស់ និងជាម្ចាស់មេដាយមាសជើងឯកពិភពលោក២លើករូបនេះ បានយកឈ្នះកីឡាការិនីម្ចាស់ផ្ទះអាមេរិក នៅវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃពុធ ដើម្បីឈ្នះបានមេដាយមាស លើវិញ្ញាសាវាយយកពិន្ទុនោះ ហើយជ័យជម្នះនោះ បានធ្វើឱ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ស សុខា ជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា សុទ្ធតែបានកោតសរសើរ និងចូលរួមអបអរ ដល់ អ៊ុក ស្រីមុំ។
យ៉ាងណាមិញ សម្រាប់ការប្រកួតវាយគូ ដែលទើបបានបញ្ចប់ នៅមុននេះបន្តិច អ៊ុក ស្រីមុំ បានសហការគ្នាលេងជាមួយកីឡាការិនី អ៊ុន ស្រីយ៉ា បានកាន់តែល្អ ដោយពួកគេ បានទម្លាក់ក្រុមកីឡាការិនីរបស់ថៃ ដោយយកឈ្នះ ១២-១០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីអ្នកទាំង២ បានឆ្លងផុតពីការប្រកួតជម្រុះតាមពូល។
បន្ថែមទៅលើលទ្ធផលដ៏ល្អនេះ អ៊ុក ស្រីមុំ និង អ៊ុន ស្រីយ៉ា បានបន្តយកឈ្នះក្រុមនារីបារាំង ដែលជាម្ចាស់ប្រភេទកីឡាប៊ូល និងប៉េតង់នេះ ដោយលទ្ធផល ៧-៥ នៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមយកមេដាយមាស លើវិញ្ញាសាវាយគូនេះ យ៉ាងរំភើបបំផុត។
ជាមួយការឈ្នះបានមេដាយមាស ទាំង២វិញ្ញាសានេះ បានធ្វើឱ្យគ្រប់គ្នា ជាពិសេសប្រទេសខ្លាំងៗផ្នែកកីឡាប៊ូល និងប៉េតង់ ទាំង៧ ដែលត្រូវបានអញ្ជើញឱ្យចូលរួមក្នុងព្រឹត្តិការណ៍នេះ មើលឃើញកាន់តែច្បាស់ថា ប៉េតង់ផ្នែកនារីរបស់កម្ពុជា ពិតជាមានសមត្ថភាពខ្លាំង គ្មានគូប្រៀបនោះទេ៕