ក្រុមការពារតំណាងជើងឯកលីគកំពូលកម្ពុជា ភ្នំពេញក្រោន នៅតែមិនអាចរកច្រក គេចចេញពីតំបន់គ្រោះថ្នាក់ ក្នុងការឡើងទៅឈរនៅតំបន់ ដែលមានសិទ្ធិ ត្រូវឈានទៅប្រជែងយកពាន ខណៈពួកគេ មិនអាចរក្សាការមានប្រៀបលើក្រុមកងយោធពលខេមរភូមិន្ទុ(ទ័ព) រហូតដល់ចប់ការប្រកួតនោះ ប៉ុន្តែក្រុមវិសាខា បានបន្តរកឃើញជ័យជម្នះ ដើម្បីឡើងទៅ ឈរនៅលេខ២។
តាមរយៈការប្រកួត នៅកីឡដ្ឋាន RSN កាលពីថ្ងៃពុធ ម្សិលមិញនោះ ក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន បានរកគ្រាប់បាល់នាំមុខ ២-០ តាំងពីតង់ទី១ ពីការរកបានគ្រាប់បាល់របស់ សំអុល ទីណា នៅនាទីទី២៧ និងខ្សែបម្រើកូឡុំប៊ី Nieto នៅនាទីទី៤១ ប៉ុន្តែត្រូវបានក្រុមទ័ព វាយបកតាមស្មើ ២-២ ពីការរកបាន២គ្រាប់តែម្នាក់ឯងរបស់ខ្សែប្រយុទ្ធជប៉ុន Takumu Nishihara ដោយការទាត់បាល់ពិន័យ១១ម៉ែត្រ នៅនាទីទី៦៥ និងស៊ុតចូល១គ្រាប់ទៀត នៅនាទីទី៧៤។
ជាមួយការបញ្ចប់ ដោយលទ្ធផលស្មើគ្នា ២-២ បានធ្វើឱ្យ ភ្នំពេញក្រោន នៅតែបន្តឈរនៅក្នុងតំបន់គ្រោះថ្នាក់ និងកាន់តែមានសម្ពាធ ក្នុងការស្វែងរកឱកាស ឡើងទៅប្រជែងយកពាន។ តែទោះបីជាយ៉ាងណា លោក Oleg Starynskyi ហាក់ទម្លាក់ការស្មើជាមួយក្រុមទ័ពនេះ ទៅលើអាជ្ញាកណ្តាលកាត់សេចក្តី នៅលើទីលាន ដែលមិនមានការអន្តរាគមន៍ ឬពិន័យកាតអ្វីទាល់តែសោះ ទៅលើក្រុមទ័ព។
លោក Oleg Starynskyi បាននិយាយថា៖ «វាជារឿងដែលពិបាកក្នុងការលេងបាល់ទាត់ នៅពេលដែលអាជ្ញាកណ្តាលមិនការពារកីឡាករ។ កីឡាកររបស់យើងត្រូវបានគេទាត់ពីក្រោយជាច្រើនលើក ប៉ុន្តែអាជ្ញាកណ្តាលមិនផ្តល់កាតលឿង ហើយបន្តការលេង។ វាធ្វើឲ្យកីឡាករមិនបានផ្តោតអារម្មណ៍ យើងតែងតែជួបបែបនេះគ្រប់រដូវកាល។ អាជ្ញាកណ្តាលត្រូវតែការពារកីឡាករ និងឆន្ទៈក្នុងការប្រកួត។ កីឡាកររបស់យើងមួយចំនួន ត្រូវបានខកខានជាច្រើនប្រកួតដោយសារតែការលេងដ៏អាក្រក់ពីដៃគូប្រកួត»។
ផ្ទុយពីនេះក្រុមវិសាខា បានបន្តយកឈ្នះលើក្រុមអង្គរថាយហ្គឺរ ៣-១ សម្រាប់ការប្រកួត កាលពីថ្ងៃពុធនោះដែរ ហើយជ័យជម្នះនេះ បានជួយឱ្យ ក្រុមវិសាខា ឡើងទៅ ឈរនៅលេខ២ លើក្រុមបឹងកេត វិញម្តង។ តែទោះបីជាយ៉ាងណា ជ័យជម្នះរបស់វិសាខា បានធ្វើឱ្យកីឡាកររបស់ទីម័រខាងកើត ដែលទើបបានចូលរួមជាមួយក្រុមអង្គរថាយហ្គឺរ ក្នុងការប្រកួតដំណាក់កាលទី២នេះ ស្រក់ទឹកភ្នែក ព្រោះខកចិត្តខ្លាំងពេក ដែលមិនអាចជួយឱ្យ អង្គរថាយហ្គឺរ ទទួលបានជ័យជម្នះ លើក្រុមវិសាខា៕