បរទេស៖ ប្រភេទកីឡាអត្តសញ្ញាណជាតិ «គុនល្បុក្កតោ» ដែលដំបូងឡើង ត្រូវបានដាក់ឈ្មោះដាច់តែឯង ក្នុងចំណោមប្រភេទកីឡាទាំង៤០ ដែលត្រូវដាក់ឱ្យប្រកួត ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជានោះ ត្រូវបានកែប្រែ ហើយត្រូវបានដាក់បញ្ចូលក្នុងចង្កោមកីឡាយុទ្ធគុនចម្រុះវិញ ចំណែក គុនខ្មែរ ក៏មិនអាចកាត់ផ្តាច់ពីកីឡា Muay ឬកីឡាករ Muay Thai របស់ថៃបានដដែល។
គួររំឭកថា នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ លើកទី១ នៅខេត្តសៀមរាប កាលពីខែមេសា ឆ្នាំ២០២២ អង្គប្រជុំ បានសម្រេច និងឯកភាព ដាក់ប្រភេទកីឡា ចំនួន៤០ សម្រាប់ការប្រកួតស៊ីហ្គេម ហើយក្នុងនោះកម្ពុជា ទទួលបានជោគជ័យខ្លាំង ក្នុងការដាក់ប្រភេទកីឡាប្រពៃណី «គុនល្បុក្កតោ» ចូលទៅស៊ីហ្គេម ដោយមានឈ្មោះឈរដាច់តែឯង តែម្តង ហើយក្នុងនោះ កីឡាគុនដំបងរបស់ហ្វីលីពីន (Arnis), ជឺជីតស៊ូ, ឃីកបុកសីង,យុទ្ធគុនចម្រុះកូរ៉េ ITF និង វ៉ូវីណាម ក៏ត្រូវបានដាក់ឈ្មោះ ដាច់តែឯង សម្រាប់ការត្រៀមប្រកួតស៊ីហ្គេម ផងដែរ។
តែទោះបីជាយ៉ាងណា សម្រាប់ការប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ លើកទី២ ចុងក្រោយ នៅភ្នំពេញ ដែលទើបបានបញ្ចប់ កាលពីថ្ងៃពហស្បតិ៍ ម្សិលមិញ គុនល្បុក្កតោ រួមទាំងកីឡា Arnis, ជឺជីតស៊ូ, ឃីកបុកសីង, យុទ្ធគុនចម្រុះកូរ៉េ ITF និង វ៉ូវីណាម ត្រូវបានដាក់បញ្ចូល ក្នុងចង្កោមកីឡាយុទ្ធគុនចម្រុះទាំងអស់ ប៉ុន្តែប្រភេទកីឡាទាំងនេះ នឹងត្រូវរៀបចំលក្ខខណ្ឌ ច្បាប់ និងបញ្ជានៃការប្រកួត ដាច់ដោយឡែកពីគ្នាដដែល។
ការដាក់ប្រភេទកីឡាទាំង៦ ឱ្យស្ថិតនៅក្នុងយុទ្ធគុនចម្រុះនេះ គឺដើម្បីបើកផ្លូវ ក្នុងការដាក់ប្រភេទកីឡាមួយចំនួនទៀត សម្រាប់ការប្រកួតស៊ីហ្គេម នៅកម្ពុជា ឆ្នាំ២០២៣ ខាងមុខនេះ ដូចជាកីឡាបញ្ចសិលា, កីឡាឧបសគ្គ និង កីឡាសម្ដែង (Demonstration Sport) ឬហៅថា កីឡា Teqball ជាកីឡាបាល់មួយ ដែលត្រូវបានលេងនៅលើតុកោង ដោយរួមបញ្ចូលគ្នានូវរបៀបលេងកីឡាបាល់ទាត់ និងវាយកូនឃ្លីលើតុ។ ចំណែកកីឡាចំនួន៥ប្រភេទផ្សេងទៀត រួមមាន កីឡាបាញ់កាំភ្លើង, កីឡា Kurash, កីឡាកាយសម្ព័ន្ធ វិញ្ញាសា (Rythmic), អុកអន្តរជាតិ និងកីឡាបាញ់ធ្នូ ក៏ត្រូវបានស្នើសុំឱ្យម្ចាស់ផ្ទះកម្ពុជា ពិចារណាដាក់បញ្ចូលផងដែរ។
ជុំវិញការសម្រេចប្រភេទកីឡា សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣នេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បានថ្លែងថា៖ «ប្រភេទកីឡាដែលយើងបានធ្វើការកំណត់មាន ៣៩ប្រភេទកីឡា និងមានកីឡាសម្ដែង (Demonstration)១ប្រភេទ ហើយយើងទុក ៥ ប្រភេទទៀត ដែលគេសំណូមពរឱ្យយើងទុកជាការពិចារណា។ បើអាចយើងដាក់ បើមិនអាច យើងអត់ដាក់ឡើយ»។
លោកបានបន្ថែមថា៖ «នៅក្នុង៣៩ប្រភេទកីឡានេះ ដោយសារយើងបង្រួមចូលគ្នា លើប្រភេទកីឡាចំនួន៦ប្រភេទកីឡាឱ្យចូលទៅក្នុងក្រុមកីឡាយុទ្ធគុនចម្រុះ អ៊ីចឹងយើងទទួលបានចំនួនមួយច្បាស់លាស់ ហើយប្រភេទកីឡាទាំងអស់ ប្រទេសទាំងអស់សប្បាយចិត្ត ព្រោះយើងបានដាក់សឹងតែទាំងអស់នៃប្រភេទកីឡារបស់គេទៅហើយ ដូច្នេះគេសប្បាយចិត្ត គេថាលើកទី១ កម្ពុជាធ្វើ ប៉ុន្តែកម្ពុជាមានបេះដូងធំ អាចផ្ដល់ឱ្យគេនូវទំនុកចិត្តក្នុងការដាក់បញ្ចូលប្រភេទកីឡាទាំងអស់បាន»។
យ៉ាងណាក៏ដោយ ចំពោះប្រភេទកីឡាគុនខ្មែរ មិនត្រូវបានកាត់ផ្តាច់ចេញពីកីឡា Muay ឬ Muay Thai របស់ថៃ នោះទេ ដែលជាការសម្រេចចុងក្រោយ គេក៏ដាក់ថា គុនខ្មែរ (មួយ) ឬ Khun Khmer (Muay) ហើយការសម្រេចដាក់បែបនេះ ដោយសារតែ Khun Khmer មិនត្រូវបានគេស្គាល់នោះទេ សម្រាប់ការប្រកួត នៅស៊ីហ្គេម គឺប្រទេសទាំងអស់ស្គាល់តែ Muay Thai ឬ Muay៕