អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា (NPCC) លោក យី វាសនា បានអះអាងថា ការចាក់វ៉ាក់សាំងដូសជំរុញ វាមិនត្រឹមតែបានជួយស្រោចស្រង់ជីវិតមនុស្សប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងធ្វើឱ្យក្រុមកីឡាករ កីឡាការិនីជនពិការកម្ពុជា កាន់តែមានទំនុកចិត្ត និងមានភាពរឹងមាំ ក្នុងការឈានទៅប្រជែងយកមេដាយជូនជាតិ សម្រាប់ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ ឥណ្ឌូនេស៊ី ខាងមុខនេះ។
ជាមួយគ្នានេះ លោក យី វាសនា បានធ្វើការវាយតម្លៃខ្ពស់ ទៅលើការយកចិត្តទុកដាក់របស់ប្រមុខដឹកនាំប្រទេសលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានជួយឱ្យក្រុមប្រតិភូកីឡាជនពិការ បានចាក់វ៉ាក់សាំងដូសជំរុញនេះ។
លោក យី វាសនា ដែលទើបជាសះស្បើយពីជំងឺកូវីដ១៩ បានប្រាប់ កាលពីថ្ងៃអាទិត្យថា៖ «រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី គឺសម្តេចបានជំរុញឱ្យមានការចាក់វ៉ាក់សាំង ស្រោចទៅលើប្រជាពលរដ្ឋកម្ពុជា ដោយឥតគិតថ្លៃ ហើយការគិតគូរយ៉ាងដិតដល់នេះ វាមិនអាចនឹងមានអ្វីយកមកប្រៀបផ្ទឹមបានឡើយ។ ជាក់ស្តែងដូចជារូបខ្ញុំផ្ទាល់ គឺខ្ញុំបានកើតកូវីដ នៅពេលខ្ញុំត្រឡប់មកពីប្រទេសឥណ្ឌូនេស៊ី វិញ កាលពីថ្ងៃទី៥ ខែកក្កដា ហើយបើសិនខ្ញុំមិនទទួលបានការចាក់វ៉ាក់សាំងដល់ដូសទី៥នោះទេ ខ្ញុំប្រហែលជាត្រូវបូជាទេដឹង!»។
សម្រាប់ការឆ្លងជំងឺកូវីដ សម្រាប់ការវិលត្រឡប់មកពីបំពេញបេសកម្ម នៅឥណ្ឌូនេស៊ីនេះ ត្រូវបានលោក យី វាសនា បង្ហើបថា អាចឆ្លង ពេលលោកប្តូរជើងហោះហើរជាច្រើនលើក និងត្រូវចំណាយពេលធ្វើដំណើរដល់ជាង២០ម៉ោង ហេតុនេះការចាក់វ៉ាក់សាំងដូសជំរុញនេះ ពិតជាមានសារសំខាន់ សម្រាប់ក្រុមកីឡាជនពិការ ព្រោះបើឆ្លងជំងឺមែន ក៏មិនធ្ងន់ធ្ងរដែរ ព្រោះលោកផ្ទាល់ ពេលឆ្លងជំងឺនេះ គឺមានសុខភាពធម្មតា ហើយគ្រាន់តែលេបថ្នាំឈឺកបន្តិចបន្តួច ជំងឺនេះក៏បានជាសះស្បើយ ព្រោះនៅក្នុងខ្លួនរបស់យើង មានអង្គការពាររួចទៅហើយ។
លោក វាសនា បានបន្ថែមថា៖ «ការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ក្នុងការជួយជំរុញឱ្យយើងបានចាក់វ៉ាក់សាំងនេះ គឺបានស្រោចស្រង់ដល់អាយុជីវិតយើង ជួយការពារសុខភាពកីឡាករ កីឡាការិនីយើង ហើយបើសិនជាមានករណីចាយដន្យ កើតជំងឺកូវីដ ដូចខ្ញុំមែន គឺវាបានជួយកាត់បន្ថយការស្លាប់បាត់បង់ជីវិត អ៊ីចឹងជាចិត្តសាស្រ្តក្នងកីឡា គឺការចាក់វ៉ាក់សាំងដូសជំរុញនេះ ធ្វើឱ្យក្រុមអត្តពលិករបស់យើងមានសុខភាពល្អ មានកម្លាំងកំហែង មិនសូវភ័យខ្លាចនឹងជំងឺឆ្លង ដូច្នេះការចេញទៅបំពេញបេសកកម្មនេះ គាត់មានកម្លាំងពេញតែម្តង»។
«យើងអត់ចង់ឃើញការចេញទៅ ឬពេលប្រកួតអាស៊ានប៉ារ៉ាហ្គេមនេះ បងប្អូនកីឡាករ កីឡាការិនីយើង កើតជំងឺកូវីដនោះទេ អ៊ីចឹងហើយ បានជាសម្តេចតេជា ប្រកាសឱ្យចាក់វ៉ាក់សាំងដូសជំរុញ ក្រោមការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ានី ហើយនេះជាចំណុចដ៏សំខាន់ ដែលការពារឱ្យបងប្អូនមានសុវត្ថិភាពផ្លូវចិត្តផង និងផ្លូវកាយផង»។ លោក យី វាសនា បានប្រាប់បន្ថែម។
គួរបញ្ជាក់ថា លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាដែលត្រូវបានចាត់តាំងឱ្យធ្វើជាប្រធានប្រតិភូដឹកនាំកីឡាជនពិការកម្ពុជា ទៅចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម នៅប្រទេសឥណ្ឌូនេស៊ី លើកនេះ បាននាំដឹកនាំប្រតិភូកីឡាជាង១០០នាក់ ទៅទទួលការចាក់វ៉ាក់សាំងដូសជំរុញបន្ថែម (ដូសទី៤ និងដូសទី៥ នៅមជ្ឈមណ្ឌលកីឡា Premium កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា។
ការចាក់វ៉ាក់សាំងដូសជំរុញនេះ ត្រូវបានធ្វើឡើង ក្រោមការចង្អុលបង្ហាញរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ក្នុងពេលលោកបានជួបសំណេះសំណាលជាមួយប្រតិភូកីឡាជនពិការនេះ កាលពីថ្ងៃទី៦ ខែកក្កដា ហើយក្នុងពេលនោះដែរលោកនាយករដ្ឋមន្រ្តី ក៏បានឯកភាព ក្នុងការប្រើប្រាស់ជើងហោះហើរពិសេស សម្រាប់ដឹកនាំជញ្ជូនក្រុមអត្តពលិកជនពិការ ទាំងទៅ និងមក សម្រាប់ការចេញទៅប្រកួតអាស៊ានប៉ារ៉ាហ្គេម នេះផងដែរ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺ។
លោក ហ៊ុន ម៉ានី បានថ្លែង នៅក្នុងអំឡុងពេល ទៅចាក់វ៉ាក់សាំង កាលពីថ្ងៃសុក្រនោះថា៖ «នៅកម្ពុជា ប៉ុន្មានថ្ងៃចុងក្រោយ គឺមានអត្រាឆ្លង ប៉ុន្ដែយើងគ្រប់គ្រងបាន។ តែលើកនេះ យើងធ្វើដំណើរទៅប្រទេសដទៃ ដើម្បីទៅប្រកួត អ៊ីចឹងដូចសម្ដេចតេជោ បានលើកឡើងថ្ងៃមុនហើយ គឺសុខសុភាព និងសុវត្ថិភាព នៃការធ្វើដំណើររបស់បងៗ ប្អូនៗ ជាកីឡាករកីឡាការិនីតំណាងកម្ពុជា ពិតជាសំខាន់ណាស់។ ហេតុនេះ វិធីសាស្ដ្រដែលអាចជួយបានខ្ពស់ជាងគេបង្អស់ គឺអ្នកដែលបានចាក់៣ដូសហើយ ឈានដល់ចាក់ដូសទី៤ រីឯអ្នកចាក់៤ដូសហើយ ឈានដល់ចាក់ដូសទី៥»។
ក្រោមការឧបត្ថម្ភទាំងស្រុងរបស់លោកនាយករដ្ឋមន្រ្តី គឺកម្ពុជា នឹងបញ្ជូនប្រតិភូកីឡាសរុប១៦៦នាក់ មានអត្តពលិក១១៥នាក់ និងប្រតិភូកីឡា គ្រូបង្វឹក គ្រូជំនួយចំនួន៣៩នាក់ មន្ត្រីបច្ចេកទេសចំនួន៧នាក់ និងប្រតិភូជាតិចំនួន៥នាក់ ដើម្បីទៅចូលរួមការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី នៅលើប្រភេទកីឡាចំនួន១១ ហើយប្រតិភូកីឡាមួយនេះ ដឹកនាំដោយលោក ហ៊ុន ម៉ានី នឹងចេញដំណើរពីប្រទេសកម្ពុជា នៅថ្ងៃទី២៤ ខែកក្កដា និងវិលត្រឡប់មកមាតុភូមិវិញ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២។
ចំពោះការចេញទៅប្រកួតនេះ លោក យី វាសនា បានបញ្ជាក់ថា៖ «ការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ជាការលើកទឹកចិត្តមួយខ្ពស់ណាស់ ដែលធ្វើឱ្យបងប្អូនជនពិការយើងសប្បាយរីករាយ និងមានក្តីសង្ឃឹមកាន់តែខ្លាំង ក្នុងការប្រជែងយកមេដាយជូនជាតិ ហើយនេះជាលើកទី១ ដែលយើងបានរៀបចំប្រភេទកីឡាច្រើន និងចំនួនអត្តពលិកច្រើន សម្រាប់ចេញទៅប្រកួតនេះ ដើម្បីត្រឡប់មកវិញ វិញ្ញាសាទាំងអស់ហ្នឹង ត្រូវដាក់ចូល រៀបចំធ្វើជាម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាយើង ត្រូវធ្វើម្ចាស់ផ្ទះ»៕