អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា លោក យី វាសនា បាន​​ប្រាប់​​​ទៅ​​ក្រុម​អត្តពលិក គ្រូបង្វឹក គ្រូជំនួយ និងអ្នកបច្ចេកទេស ថា ការ​ដណ្តើម​បាន​មេដាយមាស​១គ្រឿង ពីការ​ប្រកួត​នៅលើ​ឆាក​អន្តរជាតិ​ របស់​អត្តពលិកណា​ម្នាក់ មាន​តម្លៃស្មើនឹង ជាតិ សាសនា ព្រះមហាក្សត្រ។

ការ​លើក​ឡើង​បែបនេះ ​របស់​លោក យី វាសនា ត្រូវ​បានធ្វើ​ឡើង នៅ​កិច្ច​ប្រជុំ​បច្ចេកទេស និងត្រៀមលក្ខណៈសម្បត្តិ ព្រមទាំងត្រួតពិនិត្យ និង​ដោះស្រាយ​រាល់​បញ្ហា សម្រាប់​​​ក្រុមអត្តពលិកប៉ារ៉ាកម្ពុជា កាលពី​ថ្ងៃទី​១៨ ខែកក្កដា ដើម្បីជំរុញ​ឱ្យក្រុម​ប្រតិភូ​កីឡា​ជនពិការ ត្រូវ​ចេញទៅប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅ​ប្រទេស​​ឥណ្ឌូណេស៊ី ខាងមុខ​នេះ ត្រូវ​យកបេះដូង និងឆន្ទៈ​ដ៏ពិត​ប្រាកដ ដើម្បី​ប្រជែង​រក​មេដាយ​ជូនជាតិ ព្រោះការ​ឈ្នះមេដាយ ពីការ​ប្រកួតនេះ វាមាន​តម្លៃ​ខ្លាំង​ណាស់។

លោក យី វាសនា បាន​ថ្លែង នៅចំពោះមុខ​ប្រតិភូ​ជនពិការ នៅក្នុង​កិច្ច​ប្រជុំ​នោះ​ថា ៖​«លោកជំទាវ អស់លោក លោកស្រីទាំងអស់ អស់លោកត្រូវស្គាល់តម្លៃខ្លួនឯង។ តម្លៃរបស់អស់លោកថ្លៃជាងមាសពីរដូងទុំទៅទៀត អ៊ីចឹង​ត្រូវរៀនស្គាល់ពីតម្លៃរបស់ខ្លួនឯង ពេលចេញទៅក្រៅប្រទេស ព្រោះ​ទាំងគ្រូ ទាំងសិស្ស គឺជាតម្លៃ ជាតិ សាសនា ព្រះមហាក្សត្រ»។

លោក​បាន​សង្កត់​ធ្ងន់ថា៖ «តើយើងឃើញតម្លៃ ជាតិ សាសនា ព្រះមហាក្សត្រ នៅកន្លែងណា? ពេលបងប្អូនរកបានមេដាយមាស១គ្រឿង អ្វីដែលត្រូវបានលើកឡើងលើ? គឺ​ទង់ជាតិ ដែលជាព្រលឹង ជាតិ សាសនា ព្រះមហាក្សត្រ។ ដូច្នេះ បងប្អូនមានតម្លៃស្មើ ជាតិ សាសនា ព្រះមហាក្សត្រ»។

«មេដាយ១គ្រាប់ តំណាងព្រះរាជាណាចក្រកម្ពុជា ដូច្នេះអត្តពលិក គ្រូ​បង្វឹក​របស់​យើង គឺស្មើនឹងទង់ជាតិ ព្រលឹងជាតិ  សាសនា ព្រះមហាក្សត្រ ហេតុនេះសូមឱ្យ​តម្លៃ​ខ្លួន​ឯង​ឱ្យ​ខ្ពស់រាល់ពេល ដេក ដើរ ឈរ អង្គុយ គឺត្រូវយល់ថា ខ្លួនយើងមានតម្លៃ»។

គួរ​បញ្ជាក់​ថា សម្រាប់ការ​ចេញ​ទៅ​ប្រកួត​កីឡាអាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១១ ឆ្នាំ​២០២២ នៅទី​ក្រុងសូឡូ ប្រទេស​ឥណ្ឌូនេស៊ី     គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដែល​មាន​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ជាប្រធាន គឺ​បាន​រៀបចំ​កីឡា​ចំនួន១១ប្រភេទ ​សរុប​មាន​១៦៦នាក់ ដោយ​ក្នុងនោះ មានអត្តពលិក ១១៥នាក់ និងប្រតិភូកីឡា គ្រូបង្វឹក គ្រូ​ជំនួយ​ចំនួន ៣៩នាក់ មន្ត្រីបច្ចេកទេសចំនួន ៧ នាក់ និងប្រតិភូជាតិចំនួន​៥នាក់។

ប្រតិភូកីឡាជនពិការ​ទាំង​នេះ គ្រោង​នឹង​ចេញ​ដំណើរ​នៅ​ថ្ងៃទី២៤ ខែកក្កដា ខាង​មុខ​នេះ ក្រោមការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និង​ជា​ប្រធាន​​សហភាព​សហព័ន្ធយុវជនកម្ពុជា។ ជាមួយគ្នានេះ ក្រោមការ​សម្របសម្រួល​របស់​លោក ហ៊ុន សែន គឺ​ក្រុមហ៊ុន​អាកាសចរណ៍ Sky Angkor Airlines ជាអ្នក​ដឹកជញ្ជូន ដោយជើងហោះហើរពិសេស ដោយឥតគិតថ្លៃ សម្រាប់​ការ​ចេញដំណើរ ទៅឥណ្ឌូនេស៊ី នៅ​ថ្ងៃទី២៦ ខែកក្កដា និងវិលត្រឡប់មកមាតុភូមិវិញ នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២៕