ក្រុមអគ្គិសនីកម្ពុជា មិនបានបង្អង់ សម្រាប់ដំណើរឆ្ពោះទៅមុខរបស់ពួកគេនោះទេ គឺក្រុមដែលប្រើកីឡាករខ្មែរសុទ្ធមួយនេះ បានបន្តឈ្នះជាលើកទី១០ នៅក្នុងការប្រកួតលីគ២ ឆ្នាំ២០២២ ចំណែកក្រុមកោះកុងអេហ្វស៊ី បានលត់ក្រុមខេត្តត្បូងឃ្មុំ យ៉ាងចាស់ដៃ ដើម្បីឡើងមកឈរនៅលេខ២វិញ។
បើទោះបីជាជាការប្រកួតលើកទី១៣ កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ ក្រុមអគ្គិសនីកម្ពុជា បានលេង ដោយគ្មានគ្រូបង្គោល ទុំ សារ៉ាយ ប៉ុន្តែពួកគេ នៅតែធ្វើបានយ៉ាងល្អ ក្នុងការបន្តយកឈ្នះក្រុមម្ចាស់ផ្ទះបន្ទាយមានជ័យអេហ្វស៊ី ៦-១ ហើយលទ្ធផលនេះ បានធ្វើឱ្យ ក្រុមអគ្គិសនីកម្ពុជា នៅតែអាចរក្សាកំណត់ត្រា មិនធ្លាប់ចាញ់សោះ របស់ពួកគេ ក្នុងនាមជាក្រុមលេខ១ នៅលីគ២។
ជាមួយគ្នានេះ ក្រុមកោះកុងអេហ្វស៊ី របស់លោក ហុក សុជីវ័ន បានលត់លត់ក្រុមខេត្តត្បូងឃ្មុំ រហូតដល់ ៨-១ សម្រាប់ការប្រកួត កាលពីម្សិលមិញនោះដែរ ហើយជ័យជម្នះនេះ បានជួយឱ្យក្រុមមានមូលដ្ឋាន នៅខេត្តកោះកុង មួយនេះ ឡើងមកឈរនៅលេខ២ ជាថ្មីម្តងទៀត បន្ទាប់ពីបានធ្លាក់ចេញពីទីតាំងនេះ កាលពីសប្តាហ៍មុន។
យ៉ាងណាក៏ដោយ ការដណ្តើមបានទីតាំងលេខ២វិញនេះ ក៏ព្រោះតែក្រុមកំពុងឡើងជើង អាយអេសអាយដង្កោរសែនជ័យ បានត្រឹមស្មើ ១-១ជាមួយក្រុមម្ចាស់ផ្ទះ ព្រៃវែងអេហ្វស៊ី កាលពីថ្ងៃអាទិត្យនោះដែរ ដែលធ្វើឱ្យ អាយអេសអាយដង្កោរសែនជ័យ និងក្រុមកោះកុងអេហ្វស៊ី នៅពេលនេះ មាន២៦ពិន្ទុស្មើគ្នា តែកោះកុងអេហ្វស៊ី មានគ្រាប់បាល់ចំណេញច្រើនជាង។
ចំណែកក្រុមនគរបាលជាតិ ក៏បានត្រឹមស្មើ ១-១ ជាមួយក្រុមសូលទីឡូអង្គរ ផងដែរ ប៉ុន្តែក្រុមអាស៊ីអឺរ៉ុប បានយកឈ្នះក្រុមម្ចាស់ផ្ទះ សៀមរាបអេហ្វស៊ី ៣-២ ហើយក្រុមសាលាកីឡាបាល់ទាត់ជាតិ បានយកឈ្នះក្រុមណិចស្តិបអេហ្វស៊ី ២-០ សម្រាប់ការប្រកួត កាលពីថ្ងៃអាទិត្យ ម្សិលមិញនោះដែរ៕