ក្រុមកំពុងមានទម្រង់លេងល្អ នៅលីគកំពូលកម្ពុជាទាំង៤ សុទ្ធតែបានយកឈ្នះក្រុមម្ចាស់ផ្ទះមកពីលីគ២ នៅក្នុងការប្រកួតជើងទី១ វគ្គ១៦ក្រុម ពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ កាលពីថ្ងៃពុធ ប៉ុន្តែនៅក្នុងនោះ ក្រុមលេខ១ ព្រះខ័នរាជស្វាយរៀង មានជួបការលំបាកជាងគេ ចំណែកក្រុមវិសាខា ស្ទើតែបានញ្ជាក់ទាំងស្រុង ក្នុងការបានឡើងទៅវគ្គ៨ក្រុម ដោយស្វ័យប្រវត្តិទៅហើយ។
តាមរយៈការប្រកួត នៅលើទីលានផ្សេងៗគ្នា កាលពីម្សិលមិញនេះ ក្រុមការពារតំណាងជើងឯក វិសាខា ធ្វើបានល្អជាងគេ ដោយក្រុមនេះ បានលត់ក្រុមម្ចាស់ផ្ទះ សៀមរាប រហូតដល់ ៦-០ ហើយវាក៏ជាពេលដែលប្រធានក្រុម កែវ សុខផេង រកបាន៣គ្រាប់តែម្នាក់ឯង ផងដែរ ចំណែក ស៊ិន កក្កដា រកបាន២គ្រាប់ និង១គ្រាប់ទៀត រកបានដោយខ្សែប្រយុទ្ធ សារ ទី។
ជាមួយការយកឈ្នះក្រុមសៀមរាប ៦-០ ក្នុងជើងទី១នេះ វាស្ទើតែអាចបង្ហាញរួចទៅហើយថា វិសាខា នឹងអាចឡើងទៅកាន់វគ្គ៨ក្រុម ព្រោះបើតាមកម្រិតលេង គឺក្រុមសៀមរាប នៅតែមិនអាចធ្វើអ្វីទៅលើក្រុម វិសាខា បានដដែល នៅពេលពួកគេ ត្រូវប្រកួតជើងទី២ នៅកីឡដ្ឋានព្រីសន៍ ជាទឹកដីរបស់វិសាខា វិញនោះ។
ចំណែកក្រុមលីគកំពូលរបស់កម្ពុជា ណាហ្គាវើលដ៍ បានយកឈ្នះក្រុមម្ចាស់ផ្ទះ អាស៊ីអឺរ៉ុប ៤-០ ដែលគ្រាប់បាល់ទាំង៤នេះ រកបានដោយ តុប តុលា ២គ្រាប់តែម្នាក់ឯង ហើយ២គ្រាប់ទៀត ធ្វើបានសម្រេចដោយ ហេង ទីណា និង នេន សុធារដ្ឋ។
ជាមួយគ្នានេះ ខ្សែការពារ តាំង ប៊ុនឆៃ និងខ្សែប្រយុទ្ធ សៀង ចន្ធា រកបានម្នាក់១គ្រាប់ នៅនាទីទី២៤ និងទី២៦ ដើម្បីជួយយឱ្យក្រុមបឹងកេត ទទួលបានជ័យជម្នះលើក្រុមម្ចាស់ផ្ទះ អាយអេសអាយដង្កោសែនជ័យ ២-០ តែការប្រកួតនេះ មានភាពស្វិតស្វាញខ្លាំង នៅពេលក្រុមអាយអេសអាយ ព្យាយាមវាយបក នៅតង់ទី២ ដើម្បីរកបានគ្រាប់មកវិញ ប៉ុន្តែ បឹងកេត ព្យាយាមបិទ បានជោគជ័យ។
ចំណែកក្រុមមិនទាន់ស្គាល់ការចាញ់សោះ ដែលកំពុងឈរនៅកំពូលតារាង នៃលីគកំពូលកម្ពុជា ឆ្នាំប២០២២ ព្រះខ័នរាជស្វាយរៀង បានជួបការលំបាកខ្លាំង ក្នុងការយកឈ្នះលើក្រុមម្ចាស់ផ្ទះ សូលទីឡូអង្គរ របស់លោក Keisuke Honda។ សម្រាប់ការប្រកួត នៅកីឡដ្ឋានហនុមាន ក្នុងខេត្តសៀមរាបនេះ ស្វាយរៀង រកបានត្រឹម១គ្រាប់គត់ ពីការស៊ុតបញ្ចូលទីរបស់ ឡុង ភារ៉ាត នៅនាទីទី៦៦ ហើយលទ្ធផលនេះ វានៅតែមិនទាន់ដាច់ស្រេច សម្រាប់ស្វាយរៀង ក្នុងការស្វាគមន៍ សូលទីឡូអង្គរ វិញ សម្រាប់ការប្រកួតកាត់សេចក្តី នៅជើងទី២៕