ក្រុមបាល់បោះជិះរទេះនារីកម្ពុជា បានសម្លឹងឃើញឱកាសកាន់តែច្រើន ក្នុងការឈានទៅឈ្នះបានមេដាយមាស ពីការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ដែលនឹងចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២។
ដោយត្រូវប្រកួតទាំងលើវិញ្ញាសា៣ទល់៣នាក់ និង៥នាក់ទល់៥នាក់ ក្រុមបាល់បោះជិះរទេះនារីកម្ពុជា នឹងត្រូវប្រកួតប្រជែងជាមួយក្រុមនារីថៃ ឡាវ និងហ្វីលីពីន ហើយនៅក្នុងបេក្ខភាពទាំង៣ប្រទេសនេះ លោក ម៉ៅ សុខជា បានអះអាងថា ឱ្យតែក្រុមនារី អាចយកឈ្នះក្រុមនារីថៃ បាន ដឹងតែទទួលាបានមេដាយមាសហើយ។
លោក ម៉ៅ សុខជា គ្រូបង្វឹកក្រុមបាល់បោះជិះរទេះពិការកម្ពុជាទាំងផ្នែកបុរស និងនារី បានប្រាប់ក្រុមព័ត៌មានរបស់គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នៅប្រទេសឥណ្ឌូនេស៊ីថា៖ «តាមបទពិសោធប្រកួតមិត្តភាពកន្លងមក យើងរំពឹងថា នឹងអាចទទួលបានជោគជ័យច្រើន។ គូប្រជែងដែលយើងគិតថា ជាឧបសគ្គធំបំផុតគឺក្រុមនារីថៃ អ៊ីចឹងប្រសិនបើយើងអាចទទួលបានជ័យជម្នះលើប្រទេសថៃ យើងអាចទទួលបានមេដាយមាស»។
សម្រាប់ក្រុមបាល់បោះជិះរទេះពិការតំណាងប្រទេសទាំង៤ ដែលបានចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូនេស៊ីនេះ ត្រូវប្រកួតវិលជុំសន្សំពិន្ទុ ដោយត្រូវជួបគ្នាទាំងអស់ ដោយការប្រកួតលើកទី១ ក្រុមនារីកម្ពុជា ជួបក្រុមនារីឡាវ រួចបន្តទៅប៉ះក្រុមនារីថៃ និងក្រុមនារីហ្វីលីពីន ហើយបន្ទាប់មក គេយកក្រុមលេខ១ ប្រកួតជាមួយក្រុមលេខ២ ដណ្តើមយកមេដាយមាស និងប្រាក់ ចំណែកក្រុមលេខ៣ ត្រូវប្រកួតជាមួយក្រុមលេខ៤ ដើម្បីដណ្តើមមេដាយសំរឹទ្ធ។
ដោយឡែក ក្រុមបាល់បោះជិះរទេះបុរសរបស់កម្ពុជាវិញ ក៏បានតាំងចិត្តប្រជែង ដើម្បីស្វែងរកលទ្ធផលដ៏ល្អមួយផងដែរ បើទោះបីជាពួកគេ ត្រូវប្រឈមជាមួយក្រុមខ្លាំងៗ រួមមានក្រុមម្ចាស់មេដាយមាសរបស់ថៃ ក្រុមម្ចាស់មេដាយសំរឹទ្ធ ហ្វីលីពីន និងក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី ដែលកំពុងស្រកឃ្លានការឈ្នះបានមេដាយ នៅលើទឹកដីរបស់ពួកគេ ក៏ដោយ។
លោក ម៉ៅ សុខជា ជាគ្រូបង្វឹក បាននិយាយថា៖«ចំពោះការប្រកួតផ្នែកបុរសនេះ យើងនឹងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព គឺ ធ្វើយ៉ាងណាឱ្យបានលទ្ធផលប្រសើរ ព្រោះយើងប៉ះក្រុមសុទ្ធតែខ្លាំងៗ។ គិតមកដល់ពេលនេះ យើងបានត្រៀមខ្លួនរួចរាល់ហើយ ទាំងសម្ភារ កម្លាំងកាយ និងកម្លាំងចិត្ត តាមរយៈការហ្វឹកហាត់ នៅលើទីលានស្តង់ដារ នៅឥណ្ឌូនេស៊ីនេះ យើងឃើញថា ល្បឿននៃការបង្វិលខ្លួន ឬរុញរទេះរបស់ក្រុមបាល់បោះជិះរទេះបុរសរបស់យើង គឺលឿនជាងការហាត់នៅស្រុកខ្មែរ»៕