កីឡាករជើងខ្លាំង ផល សោភ័ណ្ឌ និង ឡុង បេនលឿន បាននឹងកំពុងធ្វើឱ្យការប្រកួតផ្តាច់ព្រ័ត្រ ដណ្តើមខ្សែក្រវាត់កម្រិតពិភពលោក IPCC Kun Khmer អមដោយប្រាក់រង្វាន់ចំនួន៤៨លានរៀល នៅព្រលប់ថ្ងៃសៅរ៍នេះ ក្លាយជាព្រឹត្តិការណ៍ កាន់តែទាក់ទាញ និងជក់ចិត្តខ្លាំង ជាមួយការបោះពាក្យសម្តីឌឺដងគ្នារបស់ពួកគេ។
សម្រាប់ការប្រកួតដ៏ធំ និងសំខាន់បំផុត ក្នុងការរកបេក្ខភាព គ្រងខ្សែក្រវាត់ IPCC Kun Khmer ទម្ងន់៦៣,៥គីឡូក្រាម ក្នុងរដូវកាលដំបូងនេះ ផល សោភ័ណ្ឌ បានបង្ហើបថា រូបគេចង់ផ្តាច់ បេនលឿន ឱ្យសន្លប់ជាថ្មី បើសិនមានឱកាស ប៉ុន្តែ ឡុង បេនលឿន បានអះអាងថា បើចង់ឈ្នះរូបគេ គឺលើកនេះ ពិបាកបន្តិចហើយ។
ផល សោភ័ណ្ឌ បាននិយាយថា៖ «ខ្ញុំបានហ្វឹកហាត់ពេញល្អណាស់ ហើយខ្ញុំក៏ធ្លាប់បានជួប ឡុង បេនលឿន ចំនួន៣ដងមកហើយដែរ ដោយឈ្នះទាំង៣ ប៉ុន្តែលើកនេះ ជាការប្រកួតផ្តាច់ព្រ័ត្រ ដណ្តើមខ្សែក្រវាត់ ដែលមានលុយធំ ដោយគេក៏ខំហាត់ យើងក៏ខំប្រឹងដូចគ្នា អ៊ីចឹងវានឹងមានលំបាក និងតឹងតែងដែរ»។
តែទោះបីជាយ៉ាងណា ផល សោភណ្ឌ បានបញ្ជាក់ថា៖ «បច្ចេកទេសរបស់ ឡុង បេនលឿន អត់មានអ្វីប្រែប្រួលទេ គ្រាន់តែកម្លាំងសុហ្វគាត់ល្អជាងមុន និងបានខាងដើរចូល ដើម្បីឡាំជង្គង់ ហើយមកដល់វគ្គនេះ បើមានឱកាសផ្តាច់បាន គឺផ្តាច់ហើយ ចន្លោះកែង វ៉ៃកែង ចន្លោះដៃ វ៉ៃដៃ គឺអត់ទុកនោះទេ ព្រោះខ្សែក្រវាត់ IPCC Kun Khmer នេះ ជាខ្សែក្រវាត់ទទួលស្គាល់ ដោយស្ថាប័នអន្តរជាតិ និងអាចបានទៅប្រកួត នៅក្រៅប្រទេសទៀតបាន អ៊ីចឹងខ្ញុំចង់បានវា»។
តាមប្រវត្តិជួបគ្នា៣លើកកន្លងមក ឡុង បេនលឿន មិនដែលទប់ ផល សោភ័ណ្ឌ ដល់៥ទឹកពេញនោះទេ គឺបានសន្លប់ និងបោះបង់ចោលការប្រកួតរហូត ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺ ផល សោភ័ណ្ឌ ភាគច្រើនផ្តួល ឡុង បេនលឿន ដោយការទាត់ជើងក្រោមឱ្យខូច។
តែទោះបីជាយ៉ាងណា ការជួបគ្នាលើកនេះ ឡុង បេនលឿន បាននិយាយថា៖«ការជួបគ្នា៣លើកកន្លងមកនេះ ខ្ញុំបានចាញ់គាត់ត្រឹមក្នុងទឹកទី១ ទី២ និងទី៣ ប៉ុន្តែលើកនេះ ខ្ញុំមានក្បាច់ទប់គាត់ ហើយអ្នកទាំងអស់គ្នា នឹងបានឃើញ ពេលប្រកួត នៅលើសង្វៀន»។
ឡុង បេនលឿន បានបញ្ជាក់ថា៖ «ការជួបគ្នាលើកនេះ បើ ផល សោភ័ណ្ឌ ចង់ឈ្នះខ្ញុំពិបាកបន្តិចហើយ ព្រោះខ្ញុំបានត្រៀមខ្លួនពេញ១០០ភាគរយ ហើយខ្ញុំប្តេជ្ញាថា នឹងខំប្រឹងឱ្យអស់ពីសមត្ថភាព និងធ្វើឱ្យបានល្អ ដើម្បីយកខ្សែក្រវាត់មួយនេះ។ ខ្ញុំប្តេជ្ញាថា នឹងយកខ្សែក្រវាត់ លើកដំបូងរបស់ខ្ញុំ នៅក្នុងអាជីពមួយនេះឱ្យបាន»។
សម្រាប់ការប្រកួត នៅយបើថ្ងៃសៅរ៍នោះដែរ កីឡាករ ម៉ន ព្រហ្មម៉ាញ និង សោម វិច្ឆ័យ ក៏ត្រូវប្រកួតគ្នា ដើម្បីយកលេខ៣ និងលេខ៤ ផងដែរ ខណៈការប្រកួត កាលវគ្គផ្តាច់ព្រ័ត្រ ម៉ន ព្រហ្មម៉ាញ បានចាញ់ ផល សោភ័ណ្ឌ និង វិច្ឆ័យ បានចាញ់ ឡុង បេនលឿន៕