កីឡាការិនីលោតចម្ងាយ វិត ចន្ថា ​បាន​បង្កើតកំណត់ត្រាដ៏​អស្ចារ្យថ្មី​មួយ​ទៀត នៅ​ពេល​កីឡាការិនី​របស់កម្ពុជា​រូបនេះ ដណ្តើម​បានមេដាយមាស​ ជូនជាតិ នៅ​ក្នុងការ​ប្រកួត​កីឡាអាស៊ាន​ប៉ារ៉ាហ្គេម លើកទី​១១ ឆ្នាំ​២០២២ ដែលកំពុង​ដំណើរ​ការ​ប្រកួត នៅទី​ក្រុងសូឡូ ប្រទេស​​ឥណ្ឌូនេស៊ី។

ជាអត្តពលិក​ម្នាក់ ដែល​មានពិការ​ភាព​ជើងស្តាំ តែ វិត ចន្ថា បាន​បង្ហាញពីការ​លោត​បាន​យ៉ាង​ល្អ ដោយ​នាង​ធ្វើបាន​រហូត​ដល់ ៤.២៩ម៉ែត្រ នៅក្នុងការ​ប្រកួត​ផ្តាច់ព្រ័ត្រ ដើម្បី​ទទួល​បាន​មេដាយ​មាស​គួរជាទី​មោទនៈ តាម​រយៈការ​ប្រកួត លើ​ប្រភេទកីឡា​អត្តពលកម្ម កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។

កីឡាការិនី​ពិការ​ជើងស្តាំ វិត ចន្ថា បាន​បង្ហាញ​ភាពសប្បាយ​រីក​រាយ​ខ្លាំង​បំផុត ដោយ​នាង​​បាន​កាន់ទង់ជាតិរត់ពេញ​ទីលានប្រកួត ដើម្បីបង្ហាញ​ពី​ភាព​មោទនភាព ក្នុងការ​ឈ្នះ​មេដាយមាស​នេះ ព្រោះ​នេះជា​ការ​កសាង​បាននូវស្នាដៃ​ជូនប្រទេសជាតិ ជា​លើកដំបូង​ដ៏​សំខាន់​​របស់​គាត់ ហើយនេះ​ក៏ជា​លើកកំណត់ត្រា​លើកដំបូង​របស់​ក្រុមកីឡាជនពិការ​កម្ពុជា ផងដែរ ដែលអាច​ដណ្តើម​បានមេដាយមាស នៅលើ​វិញ្ញាសា​លោតចម្ងាយ នៅក្នុង​ព្រឹត្តិការណ៍​កីឡាអាស៊ានប៉ារ៉ាហ្គេម​នេះ។

ជាមួយ​ការ​រកបានជ័យជម្នះយ៉ាងសំខាន់នេះ កីឡាការិនី វិត ចន្ថា ក៏ទទួលបានការ​អបអរ​ពីសំណាក់​លោក​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដែល​ជា​ប្រធានគណៈកម្មាធិការជាតិ​ប៉ារ៉ាឡាំពិកកម្ពុជា សម្រាប់កីឡាជនពិការ​នេះ​ផងដែរ។

លោក​នាយក​រដ្ឋមន្រ្តី បានបង្ហោះ​នៅលើ​ផេចហ្វេសប៊ុក​របស់លោក នៅមុននេះ​បន្តិច​ថា៖​ «សូមអបអរសាទរ កីឡាការិនី វិត ចន្ថា ទទួល​បាន​មេដាយមាស លើ​វិញ្ញាសា​លោត​ចម្ងាយ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅ​ទីក្រុង​សូឡូ ប្រទេសឥណ្ឌូនេស៊ី​ នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២។ជូនពរកីឡាករ កីឡាការិនី​យើង​បន្ត នូវភាព​ជោគជ័យ​ជាបន្តបន្ទាប់ទៀត»។

គួរបញ្ជាក់ថា គិត​ត្រឹម​ពេលនេះ ​ក្រុម​កីឡាជនពិការ​កម្ពុជា ដណ្តើម​បាន​មេដាយមាស​ចំនួន​២​ហើយ ដែល​មេដាយមាសដំបូងគេ ​រក​បាន​ដោយ​​ក្រុមកីឡាបាល់បោះជិះរទេះនារី កាលពី​ថ្ងៃអាទិត្យ លើវិញ្ញាសា​៣នាក់ទល់​៣នាក់ និងមេដាយមាស​ទី​២ រក​បាន​ដោយ វិត ចន្ថា នៅថ្ងៃ​ចន្ទនេះ ហើយ​កម្ពុជា ក៏​ដណ្តើមបាន​​មេដាយសំរឹទ្ធ ​១​ទៀត​ផងដែរ ដែល​រកបាន​កីឡាករវាយកូនឃ្លី​លើ​តុ លើ​វិញ្ញាសា ២x២ ប្រភទ TT3៕